អានតួអត្ថបទ
ស្រីលង្កា-នយោបាយ

ស្រីលង្កា៖មេគណបក្សប្រឆាំងបញ្ជាក់ពីការត្រៀមខ្លួនឡើងជំនួសកន្លែងលោកហ្គោតាបាយ៉ា រ៉ាយ៉ាប៉ាក់សេ

នៅ​ក្នុង​ប្រទេស​ស្រីលង្កា ចលនា​មហាជន​ប្រឆាំង​រដ្ឋាភិបាល​បាន​ឈាន​ចូល​ដល់​ថ្ងៃទី១០០ នា​ថ្ងៃ​អាទិត្យ ទី១៧ កក្កដា។ ការ​លា​ចុះ​ពី​តំណែង​ប្រធានាធិបតី​របស់​លោក​ហ្គោតាបាយ៉ា រ៉ាយ៉ាប៉ាក់សេហាក់​មិន​ទាន់​បាន​ធ្វើ​ឲ្យ​ចលនា​ប្រឆាំង​មួយ​នេះ​ធ្លាក់​ចុះ​ខ្សោយ​នៅ​ឡើយ​ទេ។ សព្វថ្ងៃ និង​ដោយ​រង់ចាំ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នៅ​ក្នុង​សភា​នា​ថ្ងៃ​ពុធ ទី២០ កក្កដា​សប្តាហ៍​ក្រោយ តំណែង​ប្រធានាធិបតី​កំពុង​ត្រូវ​បាន​ជំនួស​បណ្តោះអាសន្ន​ដោយ​នាយករដ្ឋមន្រ្តី​លោករ៉ានីល វីក្រេមេស៊ីងហ្កេ។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ឥស្សរជន​រូប​ណា​នឹង​ក្លាយ​ជា​អនាគត​ប្រធានាធិបតី​ថ្មី​ទេ។ អ្វី​ដែល​គេ​អាច​និយាយ​បាន នាយករដ្ឋមន្រ្តី និង​ប្រធានាធិបតី​ស្តីទី​លោក​រ៉ានីល វីក្រេមេស៊ីងហ្កេ​ក៏​ជា​បេក្ខជន​ម្នាក់​ដែរ។ តែ​ប្រធាន​គណបក្សប្រឆាំង​ដ៏​សំខាន់​លោក​សាហ្ស៊ីត ព្រីម៉ាដាសា​បាន​បញ្ជាក់​ថា លោក​ក៏បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ឡើង​ជំនួស​កន្លែង​លោក​ហ្គោតាបាយ៉ា រ៉ាយ៉ាប៉ាក់សេ។ មាន​អាយុ ៥៥ឆ្នាំ លោក​សាហ្ស៊ីត ព្រីម៉ាដាសា​ជា​កូន​អតីត​ប្រធានាធិបតី​ដែល​ត្រូវ​បាន​គេ​ធ្វើ​ឃាត​ក្នុង​ឆ្នាំ ១៩៩៣ នា​សម័យ​សង្រ្គាមស៊ីវិល។ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ RFI លោក​សាហ្ស៊ីត ព្រីម៉ាដាសា​បាន​ប្រាប់​ពី​វិធានការ​ដើម្បី​ស្តារ​វិបត្តិ​ស្រីលង្កា​ឡើង​វិញ។

លោកសាហ្ស៊ីត ព្រីម៉ាដាសា ប្រធានគណបក្សប្រឆាំងដ៏សំខាន់នៅ​ស្រីលង្កា។
លោកសាហ្ស៊ីត ព្រីម៉ាដាសា ប្រធានគណបក្សប្រឆាំងដ៏សំខាន់នៅ​ស្រីលង្កា។ AP - Eranga Jayawardena
ផ្សាយពាណិជ្ជកម្ម

« គេ​ត្រូវ​រៀបចំ និង​កំណត់​ប្រព័ន្ធ​គ្រប់គ្រង​សេដ្ឋកិច្ច​របស់​យើង​ឡើង​វិញ​ដោយ​ផ្អែក​លើ​បច្ចេកវិទ្យា​ថ្មី និង​ការ​នាំ​ចេញ។ កសិកម្ម​ជា​វិស័យ​មួយ​ដែល​ត្រូវ​ស្តារ​ឡើង​វិញ។ គេ​ត្រូវ​បង្កើត​ឡើង​នូវ​យន្តការណ៍​ជំនួយ​មួយ​ឲ្យ​ចំ​ផ្ទាំងស៊ីប មាន​ន័យ​ថា ជួយ​ប្រជាជន​ដែល​ងាយ​រងគ្រោះ​ខ្លាំង​ជាង​គេ។ តែ​ចំណោត​នៅ​ត្រង់​ថា ធនធាន​របស់​យើង​នៅ​មាន​កម្រិត​ដើម្បី​អាច​ធ្វើ​កិច្ចការ​ទាំង​អស់​នេះ​បាន។

ដូច្នេះ ការ​ចរចា​ជាមួយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ជា​រឿង​សំខាន់​ដើម្បី​ស្តារ និង​ទទួល​បាន​ភាព​ជឿជាក់​របស់​អន្តរជាតិ​ឡើង​វិញ។ ប្រជាជន​ស្រីលង្កា​ភាគ​ច្រើន​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​របស់​លោក​​ហ្គោតាបាយ៉ា រ៉ាយ៉ាប៉ាក់សា។ តែ​គណបក្ស​មួយ​នេះ​បាន​ក្បត់​អ្នក​បោះឆ្នោត​ឲ្យ​ខ្លួន។ អ្វី​ជា​ការ​កត់សម្គាល់ គណបក្ស​រ៉ាយ៉ាប៉ាក់សា​បាន​ធ្វើ​វិសោតនកម្ម​ច្បាប់​ដើម្បី​ពង្រឹង​អំណាច​ប្រធានាធិបតី។ ដូច្នេះ យើង​មិន​អាច​ធ្វើ​ឲ្យ​ប្រជាជន​ខកចិត្ត​បាន​ឡើយ។

គេ​ត្រូវ​តែ​ធ្វើ​ការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​ដឹកនាំ ត្រូវ​ធ្វើ​អ្វី​ឲ្យ​ចេញ​ជា​លទ្ធផល​ជាក់ស្តែង និង​ត្រូវ​ជំរុញ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​ថែម​ទៀត »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ