អានតួអត្ថបទ

ស្រីលង្កា៖លោករ៉ានីល វីក្រេមេស៊ីងហ្កេឡើងកាន់តំណែងនៅលើគំនរវិបត្តិរាប់មិនអស់

នៅ​ក្នុង​ប្រទេស​ស្រីលង្កា ប្រធានាធិបតី​ថ្មី​មាន​ឈ្មោះ រ៉ានីល វីក្រេមេស៊ីងហ្កេ។ លោក​ត្រូវ​បាន​សភា​បោះឆ្នោត​ជ្រើស​តាំង​នា​ថ្ងៃ​ពុធ ទី២០ កក្កដា​ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​ដល់​ទៅ ១៣៤សំឡេង។ ចំណែក​បេក្ខជន​គូប្រជែង​ចំនួន​ពីរ​នាក់​របស់​លោក​បាន​ទទួល​សំឡេង​គាំទ្រ​ចំនួន ៨២សំឡេង និង ៣សំឡេង។ លោក​រ៉ានីល វីក្រេមេស៊ីងហ្កេ​ឡើង​ជំនួស​កន្លែង​លោក​ហ្គោតាបាយ៉ា រ៉ាយ៉ាប៉ាក់សេ​ដែល​បាន​ភៀសខ្លួន​ទៅ​បរទេស​ដោយសារ​សម្ពាធ​នៃ​ចលនា​ប្រឆាំង​របស់​មហាជន។ អ្វី​ជា​ការ​កត់សម្គាល់ លោក​វីក្រេមេស៊ីងហ្កេ​ចូល​កាន់​តំណែង​នៅ​ក្នុង​ប្រទេស​មួយ​ដែល​កំពុង​មាន​វិបត្តិ​សេដ្ឋកិច្ច​ដុនដាប​ខ្លាំង។

នៅស្រីលង្ ៖លោករ៉ានីល វីក្រេមេស៊ីងហ្កេឡើងកាន់តំណែងប្រធានាធិបតី​នៅលើគំនរវិបត្តិរាប់មិនអស់។ ថ្ងៃទី២០ កក្កដា ២០២២
នៅស្រីលង្ ៖លោករ៉ានីល វីក្រេមេស៊ីងហ្កេឡើងកាន់តំណែងប្រធានាធិបតី​នៅលើគំនរវិបត្តិរាប់មិនអស់។ ថ្ងៃទី២០ កក្កដា ២០២២ REUTERS - ADNAN ABIDI
ផ្សាយពាណិជ្ជកម្ម

មាន​អាយុ ៧៣ឆ្នាំ លោក​រ៉ានីល វីក្រេមេស៊ីងហ្កេ​បាន​ចាប់​កំណើត​នៅ​ក្នុង​គ្រួសារ​អ្នក​មាន​ស្តុកស្តម​មួយ​ដែល​រក​ស៊ី​ខាង​បោះពុម្ព និង​ការ​ដាំដំណាំ។ តែ​មិនមែន​ការងារ​មួយ​នេះ​ទេ​ដែល​លោក​រ៉ានីល វីក្រេមេស៊ីងហ្កេ​បាន​ចាប់​យក​ធ្វើ​ជា​អាជីព។ ការងារ​ដំបូង​របស់​លោក​វីក្រេមេស៊ីងហ្កេ គឺ​ជា​អ្នក​កាសែត និង​ជា​អ្នក​យកការណ៍​ឲ្យ​កាសែត​មួយ។ ទន្ទឹម​គ្នា​នេះ គ្រួសារ​របស់​លោក​វីក្រេមេស៊ីងហ្កេ​ក៏​ជា​គ្រួសារ​នយោបាយ​មួយ​ដែរ ព្រោះ​ឱពុក មា​របស់​លោក គឺ​លោក Junius Jayewardene ជា​អ្នក​នយោបាយ​ដែល​បាន​កាន់​តំណែង​ប្រធានាបតី​ស្រីលង្កា​ពី​ឆ្នាំ ១៩៧៨ ដល់​ឆ្នាំ ១៩៨៩។

ផ្តើម​ចេញ​ពី​សាច់ឈាម​អ្នក​នយោបាយ​របស់​ឱពុក មា ដ៏​មាន​ឥទ្ធិពល​កាល​ណោះ លោក​វីក្រេមេស៊ីងហ្កេ​ត្រូវ​បាន​ឱពុក មា​តែងតាំង​ឲ្យ​ធ្វើ​ជា​អនុរដ្ឋមន្រ្តី​ការបរទេស​ក្នុង​ឆ្នាំ ១៩៧៧។ តែ​ជីវិត​នយោបាយ​របស់​លោក​វីក្រេមេស៊ីងហ្កេ​កាន់​តែ​ចម្រើន​ទៅ​មុខ និង​អាច​ថា​ជា​សំណាង ឬ​ជា​ឱកាស​របស់​លោក​ផង​ក៏​ថា​បាន។ នៅ​ពេល​ប្រធានាធិបតី​លោក​រ៉ាណាស៊ីងហ្កេ ព្រីម៉ាដាសា​បាន​បាត់បង់​ជីវិត​ដោយ​ភេរវកម្ម​អត្តឃាត​ក្នុង​ឆ្នាំ ១៩៩៣ នាយករដ្ឋមន្រ្តី​ជំនាន់​នោះ​គឺ​លោក​ឌីនហ្គីរី បង់ដា វីយេទុងហ្កា​បាន​ឡើង​ជំនួស​កន្លែង​លោក​ព្រីម៉ាដាសា។ ពេល​នោះ លោក​ព្រីម៉ាដាសា​ក៏​បាន​តែងតាំង​លោក​វីក្រេមេស៊ីងហ្កេ​ឲ្យ​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​ជំនួស​កន្លែង​លោក​វិញ​ពី​ឆ្នាំ ១៩៩៣​ដល់​ឆ្នាំ ១៩៩៤។

តែ​ក្រោយ​ពី​បាន​កាន់​លើកទី១ ពី​ឆ្នាំ ១៩៩៣ ដល់​ឆ្នាំ ១៩៩៤ តំណែង​នាយករដ្ឋមន្រ្តី​មួយ​នេះ​ត្រូវ​បាន​លោក​វីក្រេមេស៊ីងហ្កេ​កាន់​ច្រើន​ដង​ថែម​ទៀត​នៅ​ក្នុង​វេលា​ខុស​គ្នា គឺ​ពី​ឆ្នាំ ២០០១ ដល់​ឆ្នាំ ២០០៤ និង​ពី​ឆ្នាំ ២០១៥ ដល់​ឆ្នាំ ២០១៩។ បន្ទាប់​មក លោក​ធ្លាប់​ត្រូវ​ចាញ់​ចំនួន​ពីរ​ដង គឺ​ក្នុង​ឆ្នាំ ១៩៩៩ និង​ឆ្នាំ ២០០៥។ ចំណែក​ការ​ឡើង​កាន់​ចុង​ក្រោយ​បាន​ធ្វើ​ឡើង​នា​ពាក់កណ្តាល​ខែ​ឧសភា​ថ្មីៗ​នេះ​នៅ​ក្រោយ​ការ​លា​ចុះ​របស់​លោក​ម៉ាហ៊ីនដា រ៉ាយ៉ាប៉ាក់សេ​ដែល​ជា​បងប្រុស​របស់​ប្រធានាធិបតី​រត់ភៀសខ្លួន​ទៅ​បរទេស​លោក​ហ្គោតាបាយ៉ា រ៉ាយ៉ាប៉ាក់សេ។

លោក​រ៉ានីល វីក្រេមេស៊ីងហ្កេ​មិនមែន​ជា​មនុស្ស​ដែល​ប្រជាជន​ចង់​បាន?

ក្រោម​ភ្នែក​ចម្រុះ​របស់​ប្រជាជន​ស្រីលង្កា​ទូទៅ ការ​តែងតាំង​លោក​រ៉ានីល វីក្រេមេស៊ីងហ្កេ​ឲ្យ​ធ្វើ​ជា​ប្រធានាធិបតី​ថ្មី​ជា​ការ​ជ្រើស​យក​ឥស្សរជន​ជំនាន់​មុន​ឲ្យ​ធ្វើ​ជា​អ្នក​ដឹកនាំ​ជំនាន់​ថ្មី ឬ​អាច​និយាយ​ថា ជា​ការ​យក​អ្នក​ដឹកនាំ​ចាស់​ឲ្យ​ធ្វើ​ជា​អ្នក​ដឹកនាំ​ថ្មី។ តាម​ពិត លោក​រ៉ានីល វីក្រេមេស៊ីងហ្កេ​ធ្លាប់​បាន​ទទួល​រង​ការ​ប្រឆាំង​ពី​ក្រុម​បាតុករ​តាំង​ពី​លោក​ត្រូវ​បាន​អតីត​ប្រធានាធិបតី​លោក​ហ្គោតាបាយ៉ា រ៉ាយ៉ាប៉ាក់សេ​ជ្រើស​យក​ឲ្យ​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​នា​ពាក់​កណ្តាល​ខែ​ឧសភា​មក​ម្ល៉េះ។ ខណៈ​ដែល​វិមាន​ប្រធានាធិបតី​ត្រូវ​បាន​ក្រុម​បាតុករ​នាំ​គ្នា​សម្រុក​ចូល​ក្នុង​ថ្ងៃទី៩ កក្កដា ក្រុម​បាតុករ​ក៏​បាន​នាំ​គ្នា​ចូល​ដុត​ផ្ទះ​របស់​លោក​វីក្រេមេស៊ីងហ្កេ​ដោយ​បាន​បណ្តាល​ឲ្យ​សៀវភៅ​ចំនួន ២ ៥០០ក្បាល​របស់​នៅ​ក្នុង​បណ្ណាល័យ​ឆេះ​ខ្ទេច​គ្មាន​សល់។

ឥឡូវ​នេះ​ទៀត និង​ក្រោយ​ពី​បាន​ក្លាយ​ជា​ប្រធានាធិបតី លោក​រ៉ានីល វីក្រេមេស៊ីងហ្កេ​ក៏​កំពុង​បន្ត​ក្លាយ​ជា​ផ្ទាំងស៊ីប​របស់​ក្រុម​បាតុករ។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​លោក​វីក្រេមេស៊ីងហ្កេ​នឹង​ទទួល​វាសនា​ដូច​គ្រួសារ​ត្រកូល​រ៉ាយ៉ាប៉ាក់សេ​ឬ​អត់​ទេ។ គួរ​បញ្ជាក់​ថា បើ​គ្មាន​ការ​គាំទ្រ​ពី​ក្រុម​អ្នកគាំទ្រ​របស់​គណបក្ស​អតីត​ប្រធានាធិបតី​ធ្លាក់​ពី​តំណែង​លោក​ហ្គោតាបាយ៉ា រ៉ាយ៉ាប៉ាក់សេ​ទេ ម្ល៉េះ​លោក​វីក្រេមេស៊ីងហ្កេ​ក៏​មិន​អាច​ជាប់​បោះឆ្នោត​ជា​ប្រធានាធិបតី​ថ្មី​ដែរ។ តាម​ធម្មតា លោក​វីក្រេមេស៊ីងហ្កេ​ត្រូវ​ជំនួស​កន្លែង​លោក​ហ្គោតាបាយ៉ា រ៉ាយ៉ាប៉ាក់សេ​រហូត​ដល់​ចប់​អាណត្តិ​នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០២៤។

តើ​លោក​វីក្រេមេស៊ីងហ្កេ​មាន​សមត្ថភាព​ដើម្បី​ស្រោចស្រង់​វិបត្តិ​ដែរ ឬ​ទេ?

លោក​វីក្រេមេស៊ីងហ្កេ​បាន​ឡើង​កាន់​តំណែង​នៅ​ក្នុង​ប្រទេស​មួយ​ដែល​កំពុង​ស្គាល់​វិបត្តិ​សេដ្ឋកិច្ច​ធ្លាក់​ដុនដាប​ខ្លាំង។ ពិត​ណាស់ ប្រធានាធិបតី​ថ្មី​រូប​នេះ​ធ្លាប់​បាន​កាន់​តំណែង​នាយករដ្ឋមន្រ្តី​ដល់​ទៅ ៦ដង​មែន តែ​បរិបទ​នៅ​ក្នុង​ប្រទេស​មិន​ដូច​គ្នា​ទេ​រវាង​កាល​ពី​ជាង ១០ឆ្នាំ​មុន និង​ឥឡូវ។ សព្វថ្ងៃ​នេះ ស្រីលង្កា​ដែល​មាន​ប្រជាជន​រស់នៅ​ចំនួន ២២លាននាក់​កំពុង​ខ្វះ​សព្វ ខ្វះ​គ្រប់​តាំង​ពី​ស្បៀង ថ្នាំពេទ្យ និង​ភ្លើងអគ្គិសនី​រហូត​ដល់​គ្មាន​ប្រេងសាំង​ប្រើប្រាស់។ រដ្ឋ​អស់​រូបិយបណ្ហ​បរទេស​បម្រុង​សម្រាប់​ទិញ​ស្បៀង ឬ​ប្រេង និង​កំពុង​ជំពាក់​បំណុល​បរទេស​រាប់​ពាន់​លាន​ដុល្លារ​ដែល​ខកខាន​មិន​បាន​សង។

ក្រៅ​ពី​ត្រូវ​ស្រោចស្រង់​វិបត្តិ​ទាំង​នេះ លោក​វីក្រេមេស៊ីងហ្កេ​ក៏​ត្រូវ​ព្យាយាម​ផ្សះផ្សា​លើ​ការ​បែកបាក់​ផ្ទៃក្នុង និង​ស្វែង​រក​សេចក្តីទុកចិត្ត​ពី​ប្រជាជន រួម​ទាំង​ពី​សហគមន៍​អន្តរជាតិ​ឡើង​វិញ។ សេចក្តីទុកចិត្ត​ពី​សហគមន៍អន្តរជាតិ​ជា​រឿង​អាទិភាព ព្រោះ​ស្រីលង្កា​ត្រូវ​ការ​ជំនួយ​ដើម្បី​ស្រោចស្រង់​វិបត្តិ​សេដ្ឋកិច្ច។ ក្រោយ​ពី​បាន​ជាប់ឆ្នោត​ភ្លាម លោក​វីក្រេមេស៊ីងហ្កេ​បាន​អំពាវនាវ​ឲ្យ​ក្រុម​គណបក្សប្រឆាំង និង​ប្រជាជន​ស្រីលង្កា​ទាំង​អស់​រួម​គ្នា​ធ្វើ​ការ​ដើម្បី​ប្រយោជន៍​ជាតិ។ ឃើញ​ថា មាន​កិច្ចការ​ជា​ច្រើន និង​លំបាក​ដែល​កំពុង​រង់ចាំ​លោក​វីក្រេមេស៊ីងហ្កេ។

អ្វី​ជា​ការ​កត់សម្គាល់ លោក​វីក្រេមេស៊ីងហ្កេ​ជា​អ្នកកំណែទម្រង់​និយម​បស្ចិមលោក និង​បាន​ឲ្យ​តម្លៃ​លើ​ការ​ដោះដូរ​សេរី។ ចំណុច​វិជ្ជមាន​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​អំណោយទាន​មួយ​ដែល​អាច​ជួយ​សម្រួល​ឲ្យ​មាន​ការ​ចរចា​ជាមួយ​មូលនិធិរូបិយវត្ថុអន្តរជាតិ។ តែ​សួរ​ថា តើ​ចំណុច​វិជ្ជមាន​នេះ​គ្រប់គ្រាន់​ដើម្បី​ឲ្យ​លោក​វីក្រេមេស៊ីងហ្កេ​អាច​ស្រោចស្រង់​វិបត្តិ​សេដ្ឋកិច្ច​ដែល​ស្រីលង្កា​កំពុង​ជួប​ប្រទះ​ពេល​នេះ ឬ​អត់។ គេ​ត្រូវ​រង់ចាំ​មើល​នា​ពេល​ខាង​មុខ ព្រោះ​លោក​វីក្រេមេស៊ីងហ្កេ​ទើប​តែ​បាន​ជាប់​ឆ្នោត​ថ្មីថ្មោង​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ