អានតួអត្ថបទ
ស្រីលង្កា-វិបត្តិនយោបាយ

វិបត្តិស្រីលង្កា៖​នាយករដ្ឋមន្រ្តីស្បថចូលកាន់តំណែង ចំណែកទាហានរុះរើ​បំផ្លាញជំរំរបស់បាតុករ

នៅស្រីលង្កា នាយករដ្ឋមន្រ្តីថ្មី​បានស្បថចូល​កាន់តំណែងនៅថ្ងៃ​សុក្រ ទី ២២​កក្កដា នៅ​តែប៉ុន្មានម៉ោង​ក្រោយ ប៉ូលិស និង​ទាហាន​បើកប្រតិបត្តិការ ចុះរុះរើ បំផ្លាញជំរំ​ដ៏ធំជាងគេ​របស់​បាតុករ នៅទីក្រុង​កូឡុំបូ។ ការចុះបង្រ្កាប បំផ្លាញ​ជំរំ​ក្រុមបាតុករ ដោយ​ប្រើ​អំពើហិង្សា​បានធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិបារម្ភ និង​អំពាវនាវ​ឲ្យអាជ្ញាធរ​ស្រីលង្កា អត់ធ្មត់ ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី។

ទាហាន​ស្រីលង្កា​ដើរល្បាត​នៅក្បែរ​លេខាធិការដ្ឋាន​ប្រធានាធិបតី នៅថ្ងៃ​សុក្រទី ២២​កក្កដា ដើម្បី​រារាំង​កុំ​ឲ្យ​បាតុករ​ចូលកាន់កាប់​ទីតាំងរដ្ឋាភិបាល​ដូចមុន
ទាហាន​ស្រីលង្កា​ដើរល្បាត​នៅក្បែរ​លេខាធិការដ្ឋាន​ប្រធានាធិបតី នៅថ្ងៃ​សុក្រទី ២២​កក្កដា ដើម្បី​រារាំង​កុំ​ឲ្យ​បាតុករ​ចូលកាន់កាប់​ទីតាំងរដ្ឋាភិបាល​ដូចមុន REUTERS - ADNAN ABIDI
ផ្សាយពាណិជ្ជកម្ម

អតីត​រដ្ឋមន្រ្តី​មុខងារ​សាធារណៈ លោក ឌីណេស ហ្គូណាវ៉ាដេណា​បាន​ស្បថចូលកាន់តំណែងជា​នាយករដ្ឋមន្រ្តីថ្មី​របស់​ស្រីលង្កា នៅបន្ទាប់ពី លោក​ប្រធានាធិបតី​រ៉ានីល វីក្រេមេស្ហីងហ្កេ ដែលជា​មិត្ត​តាំងពីកុមារភាព ជ្រើសតាំង​លោក​ឲ្យដឹកនាំ​រដ្ឋាភិបាលថ្មី។ លោក​រ៉ានីល វីក្រេមេស៊ីងហ្កេ ផ្ទាល់​បាន​ស្បថ​ចូលកាន់តំណែង ជាប្រធានាធិបតី កាលពីថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ជំនួស​លោក​ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សេ ដែលបាន​រត់គេច​ពី​ប្រទេស និង​ប្រកាស​លាលែងពី​មុខតំណែង នៅក្រោម​សម្ពាធបាតុកម្ម​របស់​ប្រជាជន​ស្រីលង្កា។

ការស្បថចូលកាន់តំណែង របស់​ប្រធានាធិបតី​និង​នាយករដ្ឋមន្រ្តីថ្មីរបស់​ស្រីលង្កា​កត់សំគាល់​ដោយប្រតិបត្តិការ​ចុះបង្រ្កាប​របស់​កងកម្លាំងប្រដាប់អាវុធ ដែល​បានទៅរុះរើ បំផ្លាញ​ជំរំ​របស់​បាតុករ​តាំង​ពី​យប់​ថ្ងៃព្រហស្បតិ៍ ពោល​គឺ​នៅ​ប៉ុន្មានម៉ោង​ក្រោយ​លោករ៉ានីល វីក្រេមេស៊ីងហ្កេ​ ស្បថ​ចូលកាន់តំណែង​ប្រធានាធិបតី។

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន ប៉ូលិស​ស្រីលង្កា​បានអះអាងថា គេ​បាន​បណ្តេញ​ក្រុមបាតុករ ដែលបាន​ចូលកាន់កាប់​លេខាធិការដ្ឋាន​របស់​ប្រធានាធិបតី តាំងពីមានព្រឹត្តិការណ៍សម្រុកចូល​គេហដ្ឋាន​ប្រធានាធិបតី កាលពី ២សប្តាហ៍មុន។ តាមប៉ូលិស គេ​បាន​ចាប់ខ្លួនមនុស្ស ៩នាក់ ដែលនៅក្នុងនោះ ២នាក់​រងរបួស។ ចំណែក​ផ្លូវសំខាន់​ទៅកាន់​វិមាន​រដ្ឋាភិបាល​ត្រូវ​បិទរនាំង ការពារ​ដោយ​ក្រុមទាហាន ដើម្បី​បង្អាក់ផ្លូវ​កុំ​ឲ្យបាតុករ​អាចចូលទៅលុកលុយ កាន់កាប់ ដូច​កាលពី​សប្តាហ៍មុន។

អ្នករៀបចំបាតុកម្មពីរនាក់​បាន​និយាយប្រាប់ ទីភ្នាក់ងារព័ត៌មានអង់គ្លេស​Reuters នៅថ្ងៃ​សុក្រនេះថា បន្ទាប់ពីរុះរើបំផ្លាញជំរកកៅស៊ូ​របស់​បាតុករ នៅតាម​ផ្លូវ​ទៅកាន់​វិមានប្រធានាធិបតី ប៉ូលិស និង​ទាហាន​រាប់រយនាក់ បាន​ឡោមព័ទ្ធ និង​បំផ្លាញ មួយផ្នែក​នៃ​ជំរំ​ដ៏ធំ​ជាងគេ​របស់​បាតុករ នៅក្រុងកូឡុំបូ។ បាតុករជាង​៥០នាក់​រងរបួស នៅក្នុង​ការប៉ះទង្គិចជា​មួយ​ក្រុមប្រដាប់អាវុធ។

ប្រធានសមាគម​មេធាវី ដ៏មាន​ឥទ្ធិពល​ម្នាក់​នៅស្រីលង្កា បាន​បរិហា​អំពើហិង្សា​ដែលនឹងធ្វើឲ្យអាប់ឱន កេរ្តិ៍ឈ្មោះ​របស់រដ្ឋាភិបាល​ស្រីលង្កាថ្មី នៅក្នុង​ឆាកអន្តរជាតិ។ នៅថ្ងៃ​សុក្រ អគ្គរដ្ឋទូតអាមេរិក និង​កាណាដា​បាន​សំដែងក្តីបារម្ភ និង​បាន​ទាមទារ​ឲ្យអាជ្ញាធរ​ស្រីលង្កា​អត់ធ្មត់ ជៀសវាង​ការប្រើអំពើហិង្សា​ទៅលើបាតុករ។ អង្គការ​ការពារ​សិទ្ធិមនុស្ស​Amnesty International បាន​ថ្កោលទោស​អាជ្ញាធរ​ដែលបានប្រើកម្លាំងបាយ ទៅលើ​អ្នកកាសែត អ្នកថតរូប ដែលបាន​ចុះទៅយកព័ត៌មាននៅ​កន្លែងកើតហេតុព្រឹកម៉ិញ។

តាំងពីមិនទាន់ក្លាយជា​ប្រធានាធិបតី​ផ្លូវការ​របស់ស្រីលង្កា លោករ៉ានីល វីក្រេមេស៊ីងហ្កេ​បាន​ប្រកាស​ដាក់ប្រទេស​ក្នុងស្ថានភាពអាសន្ន ដែលជាការបើកឱកាស​ឲ្យ​ប៉ូលិស និងទាហាន​អាចមានសិទ្ធិ​អំណាច​ចាប់ខ្លួន និងដាក់ឃុំ​ជនសង្ស័យ​ក្នុងរយៈពេល​វែង ដោយមិនចាំបាច់ មាន​បទ​ចោទប្រកាន់។ នៅថ្ងៃ​ពុធ ប្រធានាធិបតី​ថ្មី​របស់ស្រីលង្កា លោក រ៉ានីល វីក្រេមេស៊ីងហ្កេ​បាន​ព្រមាន​ចាត់វិធានការធ្ងន់ធ្ងរ​ប្រឆាំង​ពួកក្រុមដើរអុកឡុក រំខាន​ការងារ​រដ្ឋាភិបាល​ថ្មីរបស់លោក។

នៅចំពោះមុខការព្រមាន និងការចុះបង្រ្កាបបំផ្លាញជំរំពីសំណាក់​ប៉ូលិស និងទាហាន ក្រុមបាតុករ​បាន​សន្យា​ហើយថា ពួកគេ​នឹង​នៅតែបន្តធ្វើ​បាតុកម្ម​តវ៉ាតទៅទៀត រហូត​ដល់​ថ្ងៃ​ដែល​លោក​រ៉ានីល វីក្រេមេស៊ីងហ្កេ ដែលជា​បក្ខពួក​របស់​លោកអតីតប្រធានាធិបតី​រ៉ាចាប៉ាក់សេ ត្រូវ​ចុះចេញពី​តំណែងម្នាក់​ទៀត។ បាតុករ​ស្រីលង្កា​បាន​ស្តីបន្ទោស​រដ្ឋាភិបាល​ស្រីលង្កា ក្រោមការដឹកនាំ​របស់​លោក​ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សេ​ថាគ្មានសមត្ថភាពដឹកនាំ រហូតធ្វើឲ្យ​ប្រទេស​ត្រូវធ្លាក់​ក្នុងវិបត្តិសេដ្ឋកិច្ច ធ្ងន់ធ្ងរ ដោយត្រូវ​ខ្វះស្បៀង ថាមពល និង​ថ្នាំពេទ្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ