អានតួអត្ថបទ
ស្រីលង្កា

ក្រុមការពារ​សិទ្ធិមនុស្ស​សុំ​ឱ្យ​សិង្ហបុរីចោទ​ប្រកាន់អតីត​​ប្រធានាធិបតី​ស្រីលង្កា ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ

អង្គការការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​ ​ Truth and Justice Project បាន​អះអាង​នៅ​ថ្ងៃ​ចន្ទ​ទី ២៥​កក្កដានេះ​ថា​បាន​ស្នើ​សុំ​ទៅ​សិង្ហបុរី ឱ្យ​ធ្វើការ​ចោទ​ប្រកាន់​អតីត​ប្រធានាធិបតី​ស្រីលង្កា លោក ហ្កោតាបាយ៉ា រ៉ាចាប៉ាក់សា ដែល​និរទេស​ខ្លួន​ចេញប្រទេស​ក្រោយ​បាតុកម្ម​ប្រជាជន ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ក្នុង​អំឡុង​ពេលមាន​សង្គ្រាម​ស៊ីវិលនៅក្នុង​​ប្រទេសស្រីលង្កា​។

អតីតប្រធានាធិបតីស្រីលង្កា លោកហ្គោតាបាយ៉ា រ៉ាចា​ប៉ាក់សា
អតីតប្រធានាធិបតីស្រីលង្កា លោកហ្គោតាបាយ៉ា រ៉ាចា​ប៉ាក់សា AP - Eranga Jayawardena
ផ្សាយពាណិជ្ជកម្ម

អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ Truth and Justice Project ដែល​មានទីស្នាក់ការ​​នៅប្រទេស​​អាហ្វ្រិក​ខាង​ត្បូង បាន​ជំរុញ​​សិង្ហបុរីឱ្យ​​​​ប្រើ​សមត្ថកិច្ចសកល​របស់​ខ្លួន ដើម្បី​ចាប់​អតីត​ប្រធានាធិបតី​ស្រីលង្កា ពី​បទ​បាន​រំលោភ​ច្បាប់មនុស្សជាតិ​អន្តរជាតិយ៉ាង​ធ្ងន់ធ្ងរ ក្នុង​អំឡុង​ពេល​ប្រទេស​មាន​សង្គ្រាម​ស៊ីវិល។

បើ​តាម​បណ្តឹង​កម្រាស់​៦៣​ទំព័រ អតីត​ប្រធានាធិបតី​ស្រីលង្កាលោក ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា​ដែលបាន​រត់​និរទេស​ខ្លួន​មក​សំងំ​នៅ​សិង្ហបុរី បាន​ប្រព្រឹត្ត​អំពើ​មនុស្សឃាត ឃាតកម្ម សម្លាប់​ ធ្វើ​ទារុណកម្ម រំលោភ​ និង​ប្រើ​​អំពើ​ហិង្សា​ផ្លូវ​ភេទ​ជា​ច្រើន​ទម្រង់ ព្រមទាំង​បាន​បំបិទ​សេរីភាពមនុស្ស​រហូត​ប៉ះពាល់​ដល់​សុខភាព​ផ្លូវកាយ​និង​ផ្លូវចិត្ត​ កាល​នៅ​ជា​មេដឹកនាំយោធា។

មុន​នឹង​ក្លាយ​ជា​ប្រធានាធិបតី នៅ​ឆ្នាំ​២០១៩ លោក ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា ធ្លាប់​ជា​ប្រមុខ​ដឹកនាំ​ក្រសួង​ការពារ​ជាតិ​ស្រីលង្កា ក្នុង​រដ្ឋាភិបាលរបស់​ប្រធានាធិបតី​ ម៉ាហ៊ីនដា រ៉ាចាប៉ាសា (ពីឆ្នាំ​២០០៥-២០១៥) ជា​បង​ប្រុស ​ដែល​បានយក​ឈ្នះ​លើ​​ពួក​ឧទ្ទាម​ខ្លា​តាមូល នៅ​ឆ្នាំ​២០០៩ ហើយ​បិទ​បញ្ចប់​​សង្គ្រាមរ៉ាំរ៉ៃ​​៣៧ឆ្នាំដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​អស់​ប្រមាណ​១សែននាក់។ ប៉ុន្តែ​បើ​អង្គការ​សហប្រជាជាតិ ​សប្តាហ៍​ចុងក្រោយ​នៃ​ការ​​​បញ្ចប់​សង្គ្រាម​ស៊ីវិល​នោះ មាន​ជន​ស៊ីវិល​ប្រមាណ​៤ម៉ឺន​នាក់​បាន​ស្លាប់។ ហើយប្រធានាធិបតី​មាហ៊ីនដា រ៉ាចាប៉ាសា បដិសេធ​មិន​ឱ្យ​អន្តរជាតិ​ធ្វើ​អង្កេត​ ប្រឆាំង​ក្រុមយោធា​ស្រីលង្កា​ដឹកនាំ​ដោយ​លោក​ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា ដែល​ជាប់ងារ​​ជា​មេឃាតករទេ។

ការិយាល័យ​រដ្ឋ​អាជ្ញា​សិង្ហបុរី បាន​បញ្ជាក់​ថា​ពិត​ជា​បាន​ទទួល​បណ្តឹង​មែន ប៉ុន្តែ​មិន​បាន​ផ្តល់​សេចក្តី​លម្អិត​អ្វី​ទាំង​អស់។

លោក​ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា ជាប់​បណ្តឹង​ពីរ​ផ្សេង​ទៀត នៅ​តុលាការ​កាលីហ្វ័រញ៉ា តែ​ត្រូវ​បាន​បង្កក ​នៅពេល​លោក​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ស្រីលង្កា​ឆ្នាំ​២០១៩។ បណ្តឹង​មួយ​ជា​របស់​ក្រុម​អ្នក​រួច​ពី​ការ​ធ្វើ​ទារុណកម្ម​១១នាក់ និង​មួយ​ទៀត​ជា​បណ្តឹង​របស់​កូនស្រី​​ម្ចាស់​រោងពុម្ព​ដែលទំនងត្រូវ​គេ​សម្លាប់​តាម​បញ្ជា​​លោក​រ៉ាចាប៉ាក់សា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ