អានតួអត្ថបទ
វិបត្តិស្រីលង្កា

ស្រីលង្កា៖ អតីត​ប្រធានាធិបតី​វិលត្រលប់ចូលស្រុក ខណៈដែល​កំហឹង​របស់​ប្រជាជន​នៅតែ​ពុះកញ្រ្ជោល

បន្ទាប់ពី​រត់​ចាកចោល​ប្រទេស ដោយសារ​បាតុកម្ម​ប្រឆាំង​របស់​មហាជន​ស្រីលង្កា កាលពី​ខែ​កក្កដា អតីតប្រធានាធិបតី លោកហ្គោតាបាយ៉ា រ៉ាចាប៉ាក់សេ​បាន​វិលត្រលប់​ចូល​ប្រទេស កាលពីថ្ងៃ​សុក្រទី ២​កញ្ញា។ នៅព្រលាន​យន្តហោះ ទីក្រុង​កូឡុំបូ លោក​រ៉ាចាប៉ាក់សេ និង​ភរិយា​បាន​ទទួលស្វាគម​ពី​រដ្ឋមន្រ្តី ដែលធ្លាប់ជា​មនុស្សជំនិត​របស់​លោក។ ប៉ុន្តែ នៅថ្ងៃ​សៅរ៍ មេដឹកនាំ​ក្រុមសហជីព និង​ក្រុមបក្សប្រឆាំង​បានទាមទារ​ឲ្យ​តុលាការ​អូសក កាត់ទោស អតីតប្រធានាធិបតី ដែល​ជាអ្នកទទួលខុសត្រូវ រួមចំណែក​ធ្វើ​ឲ្យ​ស្រីលង្កាធ្លាក់ចុះក្នុង​វិបត្តិ​សេដ្ឋកិច្ច ធ្ងន់ធ្ងរ​ដូចសព្វថ្ងៃ។

រូបថត​ផ្តល់ដោយក្រសួងអភិវឌ្ឍនគរូបនីយកម្ម​របស់​រដ្ឋាភិបាលស្រីលង្កាបង្ហាញ​លោក​ហ្គោតាបាយ៉ា រាចាប៉ាក់សេ វិលត្រលប់ចូល​ប្រទេស និងទទួលបាន​ការរាក់ទាក់ពីមន្រ្តីរដ្ឋាភិបាល នៅថ្ងៃ​ព្រលានយន្តហោះ​ក្នុងក្រុង​កូឡុំបូ នៅថ្ងៃសុក្រទី ២ កញ្ញា ២០២២
រូបថត​ផ្តល់ដោយក្រសួងអភិវឌ្ឍនគរូបនីយកម្ម​របស់​រដ្ឋាភិបាលស្រីលង្កាបង្ហាញ​លោក​ហ្គោតាបាយ៉ា រាចាប៉ាក់សេ វិលត្រលប់ចូល​ប្រទេស និងទទួលបាន​ការរាក់ទាក់ពីមន្រ្តីរដ្ឋាភិបាល នៅថ្ងៃ​ព្រលានយន្តហោះ​ក្នុងក្រុង​កូឡុំបូ នៅថ្ងៃសុក្រទី ២ កញ្ញា ២០២២ AP - -
ផ្សាយពាណិជ្ជកម្ម

អតីតប្រធានាធិបតី​ស្រីលង្កា​បាន​វិលត្រលប់​ចូលប្រទេស នៅក្នុង​ខណៈពេល​ដែល​កំហឹងរបស់​មហាជន ដែល​ប្រឆាំង​នឹង​ការដឹកនាំ​របស់​លោក នៅ​តែ​ពុះកញ្ជ្រោល នៅឡើយ​នៅស្រីលង្កា។ នៅថ្ងៃ​សុក្រ អតីត​ប្រធានាធិបតី លោក​​ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សេ ដែលបាន​រត់ចាកចោលប្រទេស យ៉ាងតក់ក្រហល់ នៅចំពោះមុខ​មហាបាតុកម្ម​ប្រឆាំងខ្លាំងក្លា​របស់​ប្រជាជន កាលពីខែ​កក្កដា បានធ្វើដំណើរ​ទៅដល់​ព្រលានយន្តហោះ នៅ​ទីក្រុង​កូឡុំបូ និង​បាន​ទទួល​ការស្វាគម​រាក់ទាក់ ពីសំណាក់​មន្រ្តី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាលថ្មី​របស់​លោកប្រធានាធិបតី​រ៉ានីល វីក្រេមេស៊ីងហ្កេ។

តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មានបារាំង​AFP អតីតប្រធានាធិបតី​ស្រីលង្កា និង​ភរិយា​ត្រូវបាន​គេអមដំណើរ ដឹក​យក​ទៅ​ដាក់​គេហដ្ឋាន​រដ្ឋាភិបាល ដែលស្ថិតក្រោម​ការការពារ​សន្តិសុខ​យ៉ាងតឹងតែង​របស់​ទាហាន​ស្រីលង្កា។

នៅចំពោះមុខ​ការវិលត្រលប់​របស់​អតីតប្រធានាធិបតីដ៏សំអប់ សកម្មជនប្រឆាំង​ស្រីលង្កា​មាន​យោបល់ផ្សេងៗគ្នា។ ប្រធានសហជីពគ្រូបង្រៀន​​ស្រីលង្កា លោក​Joseph Stalin ដែលចូលរួម​យ៉ាងសកម្ម​ក្នុង​បាតុកម្ម​បណ្តេញប្រធានាធិបតី កាលពីខែ​កក្កដា បាន​វាយតម្លៃ កាលពី​ថ្ងៃសៅរ៍ ​ថា លោក​​ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សេ​បាន​វិលត្រលប់ចូលស្រុក ព្រោះ​លោក​លែង​មាន​កន្លែងលាក់​ខ្លួន​តទៅទៀត។

ប្រធានសហជីព​គ្រូបង្រៀន​ខាងលើ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ចាប់ខ្លួនលោក​រ៉ាចាប៉ាក់សេ ដើម្បី​កាត់ទោស​លោក​ក្នុង បទ​បង្ក​ទុក្ខ វេទនា​ឲ្យ​ប្រជាជន​២២លាននាក់​របស់​ស្រីលង្កា។ លោក Tharindu Jayawardhana អ្នកនាំពាក្យ​របស់​សមាគម​អ្នកកាសែត​ស្រីលង្កា​ឯណោះវិញ សំដែង​ក្តីត្រេកអរ​ដែលឃើញ លោក​រ៉ាចាប៉ាក់សេ​វិលត្រលប់​ចូលប្រទេស ព្រោះថា លោក​​ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សេ​ដែល​បាត់អភ័យឯកសិទ្ធិ នៅក្រោយ​ការចុះចេញពីតំណែង នឹង​អាច​ប្រឈម​នឹង​ការចោទប្រកាន់​នៅតុលាការ ពីបទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម ក្នុង​រយៈពេល​ដឹកនាំ​របស់លោក​នៅស្រីលង្កា។

សម្រាប់​សាស្ត្រាចារ្យ​ផ្នែកទំនាក់ទំនងអន្តរជាតិ​នៅ​សកលវិទ្យាល័យ​កូឡុំបូ ការវិលត្រលប់​របស់​​ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សេ ស្តែង​ឲ្យឃើញថា គណបក្ស​របស់​លោក នៅតែ​មាន​អំណាចនៅស្រីលង្កា បើទោះជា​បាន​រង​ការអាម៉ាស់ ដោយសារ​បាតុកម្ម​ប្រឆាំង​របស់​ប្រជាជន។ គណបក្ស​របស់​ត្រកូលរ៉ាចាប៉ាក់សេផ្ទាល់ នៅតែ​មាន​ឥទ្ធិពល​លើ​រដ្ឋាភិបាល​ថ្មី របស់​លោក​ប្រធានាធិបតី ​រ៉ានីល វីក្រេមេស៊ីងហ្កេ ដែលត្រូវការចាំបាច់​សំឡេង​គាំទ្រ​ពី​គណបក្ស​របស់​បងប្អូន​រ៉ាចាប៉ាក់សេ នៅ​សភា សម្រាប់​ការអនុម័ត​ច្បាប់ស្តីពី​ការរឹតបន្តឹង​ថវិកា ដែល​ជាការទាមទារ​ចង់​បាន​របស់​មូលនិធិ​រូបិយវត្ថុអន្តរជាតិ IMF។ សូមបញ្ជាក់ថា ជា​ថ្នូរ​នឹង​ប្រាក់កម្ចី​ថ្មី ដែល​អាច​ជួយសម្រាលវិបត្តិ សេដ្ឋកិច្ច​ស្រីលង្កា IMF បាន​ទាមទារចាំបាច់​ឲ្យរដ្ឋាភិបាល​ស្រីលង្កា​ធ្វើកំណែទម្រង់​សេដ្ឋកិច្ច​ ដោយផ្តោតសំខាន់​លើ​បញ្ហាប្រាក់បំណុលបរទេស។

រងការចោទប្រកាន់​ពីប្រជាជន​ថា ដឹកនាំ​ប្រទេស​ឲ្យ​ធ្លាក់​ចូលក្នុងវិបត្តិសេដ្ឋកិច្ច​ធ្ងន់ធ្ងរ លោក​​ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សេ បានរត់ភៀសខ្លួន​តាម​យន្តហោះយោធា​ទៅកាន់​ប្រទេសកោះម៉ាល់ឌីវ នៅថ្ងៃទី ១៣​កក្កដា។ នៅក្រោយ​ទិដ្ឋកា​ស្នាក់នៅ​សិង្ហបុរី អស់សុពលភាព លោកនិងភរិយា​បាន​ធ្វើដំណើរទៅ​ប្រទេស​ថៃ ជាទី​ដែល​លោក​ដាក់​ឲ្យ​ស្ថិតនៅក្រោមការយាមដ៏តឹងតែង ដូចអ្នកជាប់ទោស។ អាជ្ញាធរ​ថៃ​វិញ អះអាងថា គេ​ហាម​មិន​ឲ្យ​លោក​​ហ្គោតាបាយ៉ា ចាកចេញពី​សណ្ឋាគា ក្នុង​ហេតុផល​សន្តិសុខ​ផ្ទាល់របស់លោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ