អានតួអត្ថបទ
ស្រីលង្កា

ស្រីលង្កា៖ ប្រជាជន​ខឹងក្តៅក្រហាយ ដែល​ឃើញ​រដ្ឋាភិបាល​ប្រកាសបង្កើន​​ចំនួន​រដ្ឋមន្រ្តី

រដ្ឋាភិបាល​ស្រីលង្កា របស់​ប្រធានាធិបតី រ៉ានីល វីក្រេមេស៊ីងហ្កេ​បាន​ប្រកាស​តែងតាំង​មនុស្ស​៣៧​នាក់ សម្រាប់​តំណែង​ទេសរដ្ឋមន្រ្តី។ ការបង្កើន​ចំនួន​រដ្ឋមន្រ្តី​ក្នុងជួរ​រដ្ឋាភិបាល​បាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ខឹងសម្បារ​របស់​ប្រជាជន​ស្រីលង្កា ដែលចាត់ទុក​ការសម្រេចរបស់​រដ្ឋាភិបាល ធ្វើឡើង​មិនត្រឹមត្រូវ ជាពិសេស នៅក្នុងកាលៈទេសៈ​ដែលប្រទេស​កំពុង​ជួបវិបត្តិ​សេដ្ឋកិច្ច គ្មានថវិកា​សម្រាប់​ទិញ​នាំចូល​ស្បៀង និងប្រេង។

លោក​រ៉ានីល វីក្រេមេស៊ីងហ្កេ​បាន​ចូលកាន់តំណែង​ជា​ប្រធានាធិបតី​ថ្មី​របស់​ស្រីលង្កា ដែល​រងរញ្ជួយ​ដោយ​សារវិបត្តិសេដ្ឋកិច្ច ខ្វះស្បៀងនិង​ប្រេងប្រើប្រាស់។ រូបថត​លោក​រ៉ានីល​នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារ​Reuters នៅថ្ងៃទី ១៨​សីហា ២០២២
លោក​រ៉ានីល វីក្រេមេស៊ីងហ្កេ​បាន​ចូលកាន់តំណែង​ជា​ប្រធានាធិបតី​ថ្មី​របស់​ស្រីលង្កា ដែល​រងរញ្ជួយ​ដោយ​សារវិបត្តិសេដ្ឋកិច្ច ខ្វះស្បៀងនិង​ប្រេងប្រើប្រាស់។ រូបថត​លោក​រ៉ានីល​នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារ​Reuters នៅថ្ងៃទី ១៨​សីហា ២០២២ REUTERS - DINUKA LIYANAWATTE
ផ្សាយពាណិជ្ជកម្ម

នៅលើបណ្តាញសង្គម ប្រតិកម្ម​រិះគន់ ខឹងសម្បារ​របស់​ប្រជាជន​ស្រីលង្កា​បាន​ធ្លាក់ជា​បន្តបន្ទាប់ នៅក្រោយ​លឺ​ដំណឹង​រដ្ឋាភិបាល​បន្ថែម​ចំនួន​ទេសរដ្ឋមន្រ្តីថ្មី ចំនួន​៣៧នាក់។

តាមការប្រកាស​របស់​រដ្ឋាភិបាល​កាលពីថ្ងៃ​ព្រហស្បតិ៍ ប្រធានាធិបតីថ្មី​របស់​ស្រីលង្កា លោក​រ៉ានីល វីក្រេមេស៊ីងហ្កេ​បាន​តែងតាំង​ទេសរដ្ឋមន្រ្តីចំនួន ៣៧រូប​បន្ថែម​ពីលើចំនួន​មន្រ្តីរដ្ឋាភិបាល ២០រូប ដែលលោក​បាន​សម្រេចតែងតាំង កាលពី ចុងខែ​កក្កដា។

ទៅតាម​ការប្រកាស​របស់​រដ្ឋាភិបាល ទេសរដ្ឋមន្រ្តីថ្មី ទាំង​៣៧រូប​នឹង​បដិសេធ​មិនទទួល​ប្រាក់ខែ ប៉ុន្តែ ពួកគេ​ទទួល​សិទ្ធិ​ប្រើប្រាស់​រថយន្តរដ្ឋ ៣គ្រឿង ផ្ទះរដ្ឋ​មួយខ្នង អង្គរក្ស ថវិកាសម្រាប់​បើកប្រាក់ខែ​ឲ្យ​បុគ្គលិក តែមប្រេសនីយ៍ ដោយ​ឥតគិតថ្លៃ ហើយ​និង​របប​ប្រេង​សម្រាប់​ចាក់​រថយន្ត។

នៅស្រីលង្កា ដែល​មាន​ប្រជាជន​ជាង​២២លាននាក់ រងគ្រោះ​ជាច្រើន​ខែមកហើយ ដោយសារ​វិបត្តិ​អតិផរណា ទំនិញឡើងថ្លៃ និងការខ្វះថាមពល និង​ស្បៀង​នាំចូលពីបរទេស ការតែងតាំង​ទេស​រដ្ឋមន្រ្តីក្នុងចំនួន​ដ៏ច្រើន ដែល​ជាបន្ទុកបន្ថែម​សម្រាប់​ការចំណាយសាធារណៈ បាន​បង្ក​ឲ្យមានកំហឹង​ឆេះដុំ​ក្នុងចំណោមប្រជាជន​ស្រីលង្កា។

សារទ្វីត​របស់ ប្រជាជន​ស្រីលង្កា​ម្នាក់ ឈ្មោះ Mirhani Rahees ដែល​ដកស្រង់ផ្សាយ​ដោយ​ទីភ្នាក់ងារព័ត៌មានបារាំង AFP​បាន​សរសេរថា នៅពេល​ប្រជាជន​កំពុងរឹតត្បិត សន្សំសំចៃ រដ្ឋាភិបាល​បាន​ចំណាយ​លុយ ដែល​បាន​មកពីការប្រមូលពន្ធ​លើ​ប្រាក់ចំណូល​របស់ប្រជាជន​សម្រាប់​រដ្ឋមន្រ្តី​ដែល​គ្មានប្រយោជន៍។

នៅក្នុង​ចំណោម​រដ្ឋមន្រ្តីថ្មី​ដែល​លោកប្រធានាធិបតី​រ៉ានីល វីក្រេមេស៊ីងហ្កេ​បាន​ប្រកាស​តែងតាំង​កាលពីថ្ងៃ​ព្រហស្បតិ៍ មានផងដែរ ក្មួយប្រុស​របស់​លោក​ហ្គោតាបាយ៉ា រាចាប៉ាក់សេ អតីតប្រធានាធិបតី ដែល​ត្រូវ​ប្រជាជន​ធ្វើបាតុកម្ម បណ្តេញចេញពីតំណែង​កាលពីខែ កក្កដា។ លោក​Sashindra ក្មួយប្រុស​របស់​អតីតប្រធានាធិបតី ហ្គោតាបាយ៉ា រាចាប៉ាក់សេ​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្រ្តីធារាសាស្រ្ត​ក្នុង​អាណត្តិ​រដ្ឋាភិបាលថ្មី​របស់​លោក​វីក្រេមេស៊ីងហ្កេ។

តាម​មនុស្សជំនិត​របស់​លោកប្រធានាធិបតី រ៉ានីល វីក្រេមេស៊ីងហ្កេ គណបក្ស​របស់​ប្រធានាធិបតី ដែលមាន​សំឡេង​តែមួយអាសនៈ  នៅ​រដ្ឋសភា ត្រូវការ​ចាំបាច់​ជំនួយ​គាំទ្រ​ពី​គណបក្ស​របស់​បងប្អូន​ត្រកូល​រ៉ាចាប៉ាក់សេ ដើម្បី​ដឹកនាំ​ប្រទេស។

ដើម្បី ស្រោចស្រង់​ប្រទេស​ពីវិបត្តិសេដ្ឋកិច្ច​ដ៏ធ្ងន់ធ្ងរ ស្រីលង្កា​ដែល​ខកខាន​មិន​បាន​សងបំណុល​បរទេស ៥១ពាន់លាន​ដុល្លារ កំពុង​បើកការចរចា​សុំប្រាក់កម្ចី ២,៩ពាន់លាន​ដុល្លារ​ពីមូលនិធិរូបិយវត្ថុអន្តរជាតិ។ ជាថ្នូរនឹង​ប្រាក់កម្ចី មូលនិធិ​IMF បាន​ដាក់លក្ខខណ្ឌ​ឲ្យរដ្ឋាភិបាល​ថ្មីរបស់​ស្រីលង្កា​អនុវត្តវិធានការពីរ​ដែល​គ្មានប្រជាប្រិយភាពនៅស្រីលង្កា នោះ គឺការដំឡើងពន្ធ និង​ធ្វើឯកជនភាវូបនីយកម្ម​ក្រុមហ៊ុនរដ្ឋ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ