អានតួអត្ថបទ
ថៃ

តុលាការ​ថៃសម្រេច​ឱ្យ​លោក ប្រាយុទ្ធ​ចាន់អូចា នៅ​​ជានាយករដ្ឋមន្ត្រី

គ្មាន​អ្វី​​ជា​មន្ទិលទៀត​ទេ ! តុលាការ​ធម្មនុញ្ញ​ថៃ បាន​ផ្តល់​សេចក្តីសម្រេច​ នៅ​ថ្ងៃ​ទី ៣០ កញ្ញា ២០២២ ថា លោក ប្រាយុទ្ធ​ចាន់អូចា អាច​បន្ត​តួនាទី​ជា​នាយករដ្ឋមន្ត្រី​ថៃបាន ព្រោះ​រយៈ​ពេល​កាន់​អំណាច​របស់​លោក មិន​ទាន់​ហួសកំរិត​​កំណត់​​ ៨​ឆ្នាំ​ ដូច​មាន​ចែង​ក្នុង​រដ្ឋធ​ម្មនុញ្ញ​ទេ។

តុលាការ​សម្រេច​ឱ្យ​លោក ប្រាយុទ្ធ​ចាន់អូចា នៅ​​ជានាយករដ្ឋមន្ត្រី
តុលាការ​សម្រេច​ឱ្យ​លោក ប្រាយុទ្ធ​ចាន់អូចា នៅ​​ជានាយករដ្ឋមន្ត្រី AP - Sakchai Lalit
ផ្សាយពាណិជ្ជកម្ម

មាត្រា​១៥៨ នៃ​រដ្ឋធម្មនុញ្ញ​ថៃឆ្នាំ​២០១៧  បាន​កំណត់​រយៈពេល​កាន់តំណែង​របស់​នាយករដ្ឋមន្ត្រី​ម្នាក់ មិន​ឲ្យ​លើស៨ឆ្នាំទេ។ ហេតុ​ដូច្នេះ​ហើយបាន​ជា ស្រប​តាម​បណ្តឹង​របស់​បក្ស​​ប្រឆាំង​ ​តុលាការ​បាន​សម្រេច​ព្យួរ​តួនាទី​លោក​ប្រាយុទ្ធ​ចាន់អូចា កាលពី​២៤​ខែ​សីហា​២០២២ ដែ​ល​ត្រូវ​ជា​គម្រប់​៨​ឆ្នាំគត់ ​បើ​គិត​ពី​ថ្ងៃព្រះមហាក្សត្រ​ប្រថាប់​ត្រា​តែង​តាំង​លោក ប្រាយុទ្ធចាន់អូចា​ជា​នាយករដ្ឋមន្ត្រី កាលពី​ឆ្នាំ​២០១៤មក។

ប៉ុន្តែ​នៅ​ថ្ងៃ​នេះ នៅក្នុង​សេចក្តី​សម្រេច​ ​តុលាការ​ធម្មនុញ្ញ​បាន​អះអាង​ថា រយៈ​ពេល​លោក​ប្រាយុទ្ធ​ចាន់​អូចា ​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ មិន​ទាន់​ហួស​កំណត់៨​ឆ្នាំ​​ទេ បើ​គិត​ចាប់​ពី​ថ្ងៃ​ទី ៦ មេសា ២០១៧ ថ្ងៃ​រដ្ឋធម្មនុញ្ញ​ចូល​ជា​ធរមាន​មក។

ដូច្នេះ​ លោក ប្រាយុទ្ធ​ ចាន់អូចា អាច​នឹង​បន្ត​កាន់​តំណែង​រហូត​ដល់​ឆ្នាំ ២០២៥ ហើយ​អាច​រក្សា​តួនាទី​ជា​នាយករដ្ឋមន្ត្រី​បាន​ទៀត បើ​បក្ស​របស់​លោក​ឈ្នះ​ នៅ​ក្នុង​សម័យ​បោះឆ្នោតសភា​​ នា​ដើម​ឆ្នាំ ក្រោយ។ “​ខ្ញុំនឹង​ប្រឹងធ្វើការ​​ឱ្យ​អស់ពី​សមត្ថភាព​ក្នុង​ការ​ប្តូរ​ផ្លាស់​ប្រទេស​” នេះ​ជា​សារ​របស់​លោក​ប្រាយុទ្ធ​ចាន់អូចា ក្នុង​បណ្តាញ​សង្គមហ្វេសប៊ុក ក្រោយ​ពី​បាន​ឮ​សាលក្រម​តុលាការ​ធម្មនុញ្ញ​ភ្លាម។

អាច​ឈរ​ជើង​ជាប់​ជា​នាយករដ្ឋមន្ត្រី​មែន ប៉ុន្តែ​បើ​តាម​អ្នក​វិភាគនយោបាយ រឿង​ក្តី​ថ្ងៃ​នេះបាន​ធ្វើ​ឱ្យ​លោកប្រាយុទ្ធ​ចាន់អូចា និង​បក្ស​កាន់​អំណាច បាក់​មុខ​បាក់​មាត់ និង​​បើ​តាម​ការ​ស្ទង់​មតិ​នៅ​ខែ​កញ្ញា​នេះ ​លោក​ប្រាយុទ្ធ​ចាន់អូចា ​ធ្លាក់​ប្រជាប្រិយភាព​ខ្លាំង​ណាស់ ដោយ​ ​មានប្រជាពលរដ្ឋ​ថៃ​ប្រមាណ​តែ​១០,៥%​ប៉ុណ្ណោះ​គាំទ្រ ឱ្យ​ធ្វើ​ជា​ប្រមុខ​រដ្ឋាភិបាល។

ធ្លាប់​រង​សម្ពាធ​ទាមទារ​ឱ្យ​ចុះ​ចេញ​ពី​តំណែង និង​ធ្វើ​កំណែទម្រង់​សង្គម​ ​កាលពី​ឆ្នាំ​២០២០ ពី​សំណាក់​ក្រុមយុវជន​អ្នក​ប្រជាធិបតេយ្យ​ សេចក្តី​សម្រេច​របស់​តុលាការ​ធម្មនុញ្ញថ្ងៃ​នេះ​ ទំនង​ជា​បង្ក​បង្កើត​ឱ្យ​មាន​ចលនា​បាតុកម្ម​ តាម​ដង​ផ្លូវ​ក្រុង​បាងកក ជា​ថ្មី​ជាក់​ជា​មិន​ខាន។ ក្រុមយុវជន​ប្រជាធិបតេយ្យ​បី​ពួក បាន​ប្រកាស​ប្រមូល​ផ្តុំ​គ្នា​រួច​ជា​ស្រេច​ទៅ​ហើយ​។ ហើយ​អាជ្ញាធរ​ក៏​បាន​ត្រៀម​លក្ខណៈ​ទប់​ស្កាត់ដែរ​ ដោយបាន​ពង្រាយ​កម្លាំង​ការ​ពារ​សុវត្ថិភាព​ នៅ​ជុំ​វិញ​តុលាការ​ និងសង្កាត់​កណ្តាល​ក្រុង​បាងកក តាំង​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​មក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ