អានតួអត្ថបទ
កាតា-បាល់ទាត់អាស៊ី

ការ​ប្រកួត​កីឡាបាល់ទាត់​អាស៊ី​ ឆ្នាំ​២០២៣ ប្រព្រឹត្ត​ទៅ​នៅប្រទេស​ កាតា

ជា​ម្ចាស់​ផ្ទះ​​រៀប​ចំកីឡាបាល់ទាត់​ពិភពលោក​ឆ្នាំ​២០២២ (ពី​ថ្ងៃទី ២០វិច្ឆិកា ដល់​ថ្ងៃទី ១៨​ធ្នូ)ហើយ កាតានឹងទទួល​រៀប​ចំ​កីឡាបាល់ទាត់​អាស៊ី​ទៀត នៅ​ឆ្នាំ​២០២៣។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​ នៅ​ថ្ងៃ​ចន្ទទី ១៧​តុលា​២០២២។

កាតា ជាប់​ឆ្នោត​ជា​ប្រទេស​អ្នក​រៀប​ចំ​ការ​ប្រកួត​បាល់ទាត់​អាស៊ី​ឆ្នាំ​២០២៣
កាតា ជាប់​ឆ្នោត​ជា​ប្រទេស​អ្នក​រៀប​ចំ​ការ​ប្រកួត​បាល់ទាត់​អាស៊ី​ឆ្នាំ​២០២៣ AP - Darko Bandic
ផ្សាយពាណិជ្ជកម្ម

ខុស​ពី​ការ​រំពឹង​ទុក គណៈកម្មការ​ប្រតិបត្តិ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី បាន​សម្រេច​ប្រគល់​ភារកិច្ច​រៀប​ចំការ​ប្រកួត​កីឡា​បាល់​ទាត់​អាស៊ីឆ្នាំ​២០២៣ ទៅ​ឱ្យ​សហព័ន្ធ​កីឡាបាល់ទាត់​កាតា ព្រោះ​ប្រទេស​នេះ​ មាន​ហេដ្ឋារចនា​សម្ព័ន្ធ​ទំនើប​លំដាប់​ខ្ពស់​ស្រាប់។​ នេះ​បើ​តាម​កំណត់​សម្គាល់​របស់​សហព័ន្ធ​បាល់​ទាត់​អាស៊ី ដោយ​លម្អិត​ថា ក្រុមប្រទេស​នៅ​តំបន់​ដើម​បូព៌ា បាន​ផ្តល់​ការ​គាំទ្រ​ដល់​​វិស័យ​កីឡាបាល់ទាត់​អាស៊ីខ្លាំង​ទើប​ជះ​​ឥទ្ធិពលដល់​ការ​សម្រេច​ចិត្ត​។

សូម​បញ្ជាក់​ថា ការ​ប្រកួតកីឡាបាល់ទាត់​អាស៊ី​ឆ្នាំ​២០២៣ គ្រោង​​ប្រព្រឹត្ត​ទៅជា​ដំបូង​ ពី​ថ្ងៃទី ១៦​មិថុនា​ដល់​ថ្ងៃ​១៦​កក្កដា ​នៅក្នុងក្រុង​ចំនួន ១០ របស់​​ប្រទេស​ចិន ប៉ុន្តែ​ដោយហេតុ​នយោបាយ​សូន្យកូវីដ ប៉េកាំង​បាន​សម្រេច​ដក​ខ្លួន​ចេញវិញ ​កាលពី​ខែឧសភា​២០២២​។

ឥណ្ឌូណេស៊ី និង​កូរ៉េខាង​ត្បូង ស្ថិត​ក្នុង​ចង្ក្រោម​ប្រទេស​ជួរមុខ​គេ​ពីរ​ដែល​សក្តិសម​នឹង​ធ្វើ​ជា​អ្នក​រៀប​ចំ​កីឡាបាល់ទាត់អាស៊ី ជំនួស​ចិន។ ជម្រើស​យក​កាតា ដែល​រងការ​រិះគន់​យ៉ាង​ខ្លាំង​ពី​បទ​រំលោភ​សិទ្ធិ​កម្មករ​អន្តោប្រវេសន៍​​ក្នុង​ការដ្ឋាន​សាង​សង់​ហេដ្ឋារចនា​សម្ព័ន្ធ​សម្រាប់​កីឡាបាល់ទាត់​ពិភពលោក បាន​បង្ក​ឱ្យ​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង ជា​ពិសេស​សម្រាប់​សហព័ន្ធកីឡាបាល់ទាត់កូរ៉េខាង​ត្បូង ដែល​យល់​ថា​កីឡាបាល់ទាត់​អាស៊ី គួរ​តែ​ប្រព្រឹត្ត​ទៅក្នុង​កូរ៉េខាង​ត្បូង ព្រោះ​ជា​ប្រជាជាតិ​បាល់ទាត់​ដ៏​សំខាន់​មួយ​នៅអាស៊ី និង​មិនធ្លាប់​ទទួល​រៀប​ចំ​ព្រឹត្តិការណ៍​កីឡានេះ​តាំងពី​៦៣​ឆ្នាំ​មក។ តែ​សម្រាប់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី កូរ៉េខាង​ត្បូង​មិន​អាច​ប្រៀប​នឹង​មធ្យោបាយ​របស់​កាតា​បាន​ឡើយ មិន​ថា​ជា​​មធ្យោបាយ​ហិរញ្ញវត្ថុ ធនធានមនុស្ស និង​សម្ភារៈ​យ៉ាង​សម្បូរហូរហៀ​គ្មាន​ប្រៀប​។

ចំណែក​ឥណ្ឌូណេស៊ី​វិញ ហេតុការណ៍​សោកនាដកម្ម​រត់​ជាន់​គ្នា​ស្លាប់​អស់​១៣២​នាក់ នៅក្នុង​ពេល​ប្រកួត​កីឡា​បាល់ទាត់​ កាលពី​ថ្ងៃទី ១​តុលា ២០២២ បាន​ធ្វើ​ឱ្យ​អ្នក​ជំនាញ​បាត់​បង់​ទំនុក​ចិត្ត ខ្លាច​ឥណ្ឌូណេស៊ី គ្មាន​សមត្ថភាព​រៀប​ចំ​ព្រឹត្តការណ៍​ធំកំរិត​អន្តរជាតិ​។

សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី មិន​ទាន់​កំណត់កាលបរិច្ឆេទ​ប្រកួត​កីឡាបាល់ទាត់​អាស៊ី​ឆ្នាំ​២០២៣​ទេ ប៉ុន្តែ​ទំនង​ជា​នៅ​ខែ​មករា​ឆ្នាំ​២០២៤ ខែដែល​មាន​អាកាសធាតុ​ត្រជាក់ជាងគេ នៅកាតា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ