អានតួអត្ថបទ
អារ៉ាប៊ី សាអូឌីត

ប្រទេសវាលខ្សាច់ អារ៉ាប៊ី សាអូឌីតនឹង​ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីរដូវរងា នៅឆ្នាំ ២០២៩

ប្រទេស​មហាសេដ្ឋីប្រេង អារ៉ាប៊ី សាអូឌីត​នឹង​ធ្វើ​ជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីរដូវត្រជាក់ នៅ​ឆ្នាំ ២០២៩។ នេះជាការសម្រេច​របស់​ក្រុមប្រឹក្សា​អូឡាំពិក អាស៊ី OCA នៅក្នុងកិច្ចប្រជុំ​មួយ​នៅទីក្រុង​ភ្នំពេញ កាលពីថ្ងៃ​អង្គារទី​៤ខែតុលា។ ​ជាប្រទេស​វាលខ្សាច់ និងមិនដែល​មាន​ស្ថានីយ៍ទឹកកក​សម្រាប់​កីឡាជិះស្គី តើ​អារ៉ាប៊ី សាអូឌីតនឹង​អាចរៀបចំ​ការប្រកួតកីឡារដូវរងារ​បាន​យ៉ាងដូចម្តេច?

តំបន់ភ្នំ​ក្នុងអនាគត​មហាទីក្រុង​Neom ដែល​អារ៉ាប៊ី សាអូឌីត​នឹង​ប្រែក្លាយទៅជា​កន្លែងទេសចរណ៍ និង​ស្ថានីយ៍សម្រាប់ជិះស្គីទឹកកក
តំបន់ភ្នំ​ក្នុងអនាគត​មហាទីក្រុង​Neom ដែល​អារ៉ាប៊ី សាអូឌីត​នឹង​ប្រែក្លាយទៅជា​កន្លែងទេសចរណ៍ និង​ស្ថានីយ៍សម្រាប់ជិះស្គីទឹកកក AP - Bernat Armangue
ផ្សាយពាណិជ្ជកម្ម

វាលខ្សាច់ និង​ភ្នំ​អារ៉ាប៊ី សាអូឌីត​​​​នឹង​ក្លាយជា​កន្លែងប្រកួតកីឡាអាស៊ី​រដូវរងា ឆ្នាំ ២០២៩។ នេះបើតាម​ការប្រកាស​របស់​ក្រុមប្រឹក្សា​អូឡាំពិកអាស៊ី OCA នៅក្រោយ​ការបោះឆ្នោតជាឯកច្ឆន្ទ កាលពីថ្ងៃអង្គារ ក្នុងទីក្រុង​ភ្នំពេញ។

ការប្រកួតកីឡាអាស៊ីរដូវ​រងា ២០២៩ នឹង​ប្រព្រឹត្តទៅ​នៅអនាគតទីក្រុងដ៏ទំនើប ​Neom ដែលអារ៉ាប៊ី សាអូឌីត​កំពុងសាងសង់ ហើយគ្រោង​នឹង​​បញ្ចប់​នៅ​ឆ្នាំ ២០៣០ ជាមួយ ថវិកាដ៏មហាសាល ចំនួន​៥០០ពាន់​លាន​ដុល្លារ។ មាន​សំបូរដោយ​ភ្នំ​ និង​មានអាកាសធាតុ​ត្រជាក់ ក្រោមសូន្យ​នៅ​រដូវរងា អនាគត​ទីក្រុង​ Neom ​សក្តិសម​នឹង​ទទួល​រៀបចំ​ការប្រកួតកីឡាអាស៊ីរដូវត្រជាក់។ នេះបើតាម​លើកឡើង​របស់​មន្រ្តីអារ៉ាប៊ី សាអូឌីត។

ដោយយោងទៅលើទីតាំងភូមិសាស្រ្ត និង​កត្តាអាកាសធាតុ ទាំងស្ថាបត្យករ និង​សេដ្ឋកិច្ច​វិទូ​ធ្លាប់សង្ស័យថា គេ​ពិបាក​នឹង​អាច​រៀបចំបង្កើតការប្រកួតកីឡារដូវរងា​នៅអារ៉ាប៊ី សាអូឌីត ព្រោះថា ទោះ​មានអាកាសធាតុត្រជាក់ក្រោមសូន្យ ប៉ុន្តែ តំបន់ភ្នំ​នៅអនាគត​ទីក្រុង​Noem មាន​ទឹកកក​ធ្លាក់តិចតួច។

​របាយការណ៍ឆ្នាំ ២០២១ ស្តីពី​ទេសចរណ៍នៅតំបន់​ភ្នំ ដែលរៀបរៀង​ដោយ​អ្នកជំនាញស្វ៊ីស Laurent Vanat បាន​បង្ហាញថា ផ្ទុយពីអ៊ីរ៉ង់ អ៊ីរ៉ាក់ លីបង់ សព្វថ្ងៃនេះ អារ៉ាប៊ី សាអូឌីត​មិនស្ថិតក្នុងបញ្ជី ​ប្រទេស​ទាំង​៨៦​នៅក្នុង​ពិភពលោកដែលមាន​ស្ថានីយ៍ជិះស្គីទឹកកកនៅខាងក្រៅ។

ប៉ុន្តែ ប្រធានគម្រោងការទីក្រុង​Neom លោក​Nadhmi al-Nasrបាន​អះអាងថា អនាគត​ទីក្រុង​ដ៏ទាន់សម័យ​របស់​អារ៉ាប៊ី សាអូឌីត​នឹង​មាន​ហេដ្ឋារចនា​គ្រប់គ្រាន់ ដើម្បីបង្កើត​ស្ថានីយ៍ទឹកកកនៅកណ្តាលទីវាលខ្សាច់​ដើម្បីទទួល​រៀបចំ​ការប្រកួតកីឡាអាស៊ីរដូវត្រជាក់ ឆ្នាំ ២០២៩។

តាម​គម្រោង​Trojena អនាគត​ទីក្រុង​Neom នឹង​មានបឹងសិប្បនិម្មិត សណ្ឋាគារប្រណិតៗ និង​ស្ថានីយ៍ដែលគេអាច​ជិះស្គីទឹកកកពេញមួយឆ្នាំ។ ដើម្បីមានទឹកកកនៅលើជ្រលង​ភ្នំកម្ពស់​២០០០ម៉ែត្រ​ អារ៉ាប៊ី សាអូឌីត​នឹង​បង្កើត​ទឹកកក​សិប្បនិម្មិត។

ក្លាយជា​នាយករដ្ឋមន្រ្តី​អារ៉ាប៊ី សាអូឌីត​នៅចុងខែ​កញ្ញា រាជបុត្រស្នងរាជ្យ​បិនសាលម៉ាន់​ធ្លាប់បាន​សន្យា​ប្រើ​គម្រោង​ទីក្រុង​Noem ដើម្បី​ផ្លាស់ប្តូរ​ទេសចរណ៍​នៅភ្នំក្នុងពិភពលោក​ ដោយ​គោរព​បរិស្ថាន​យ៉ាងខ្ជាប់ខ្ជួន។

បន្ទាប់ពី​រិះគន់ពហុកីឡាដ្ឋាន​បំពាក់ដោយ​ម៉ាស៊ីនត្រជាក់​សម្រាប់​ការប្រកួតកីឡាបាល់ទាត់​ពិភពលោក នៅចុងឆ្នាំនេះ សកម្មជន​ការពារ​បរិស្ថានព្រួយបារម្ភថា ការប្រកួតកីឡាអាស៊ី​រដូវត្រជាក់​នៅអារ៉ាប៊ី សាអូឌីត ជា​ព្រឹត្តិការណ៍​ធំមួយទៀតដែលចូលរួមបំផ្លាញ និងបំពុលភពផែនដី​ ព្រោះថា អារ៉ាប៊ី សាអូឌីត​មហាសេដ្ឋីប្រេង​នឹង​មិនរារែក​ដុតប្រើឥន្ធនៈផូស៊ីដែលបញ្ចេញឧស្ម័នកាបូនិកដើម្បីប្រែក្លាយតំបន់វាលខ្សាច់ឲ្យទៅជា​ស្ថានីយ៍ជិះស្គីទឹកកក។

ទទួលរៀបចំ​ការប្រកួតកីឡាអាស៊ីរដូវត្រជាក់ អារ៉ាប៊ី សាអូឌីត​ចង់​ធ្វើតាម​ប្រទេស​ជិតខាង​នៅសមុទ្រពែរ្ស ដូចជា​កាតា អេមីរ៉ាត អារ៉ាប់រួម។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ អារ៉ាប៊ី សាអូឌីតដែលជាប្រទេស​អភិរក្សនិយមបាន​​ចាប់ផ្តើម​បើកទ្វារទទួល​រៀបចំព្រឹត្តិការណ៍អន្តរជាតិ ដូចជា ការប្រណាំងរថយន្ត​ Dakar និង​Grand Prix F1 ជាដើម។ ​អារ៉ាប៊ីសាអូឌីត​ស្នើខ្លួន​រៀបចំ កីឡាអាស៊ីរដូវត្រជាក់ នៅចំពេល​ដែលប្រទេស​អាស៊ីជាច្រើន​ដកខ្លួន ដោយសារ​ព្រឹត្តិការណ៍អន្តរជាតិទាមទារ​ការចំណាយថវិកាខ្ពស់។ ដោយសារ​បញ្ហា​ថវិកា ការរៀបចំ​កីឡាអាស៊ី រដូវត្រជាក់​ដែលចាប់ផ្តើម​ដំបូង​នៅ​ជប៉ុន នៅ​ឆ្នាំ ១៩៨៦ ត្រូវ​អាក់ខានមិនបាន​រៀបចំ​នៅចន្លោះ​ឆ្នាំ ២០១១ និង​ឆ្នាំ ២០១៧)។ បន្ទាប់ពីនោះដោយសារ​តែ​គ្មានប្រទេស​ណាស្ម័គ្រចិត្តចូល​ខ្លួនរៀបចំ ការប្រកួតកីឡាអាស៊ីរដូវរងា​ត្រូវ​ផ្អាករហូតមកដល់​សព្វថ្ងៃ រហូត​ដល់មាន​ការបោះឆ្នោត របស់​ក្រុមប្រឹក្សា​អូឡាំពិកអាស៊ី នៅថ្ងៃទី ៤​តុលា ដែលបានជ្រើសរើស​អារ៉ាប៊ី សាអូឌីត​ជា​អនាគត​ម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាអាស៊ីរដូវត្រជាក់​នៅ​ឆ្នាំ ២០២៩៕​   

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ