អានតួអត្ថបទ

ថ្នាក់ដឹកនាំចិន-ជប៉ុន សន្យារឹត​ចំណង​ទាក់ទង​លើកិច្ចការ​ផ្នែក​សន្តិសុខ

​​ថ្ងៃព្រហស្បតិ៍ ទី១៧វិច្ឆិកា ប្រធានាធិបតី​ចិននិង​នាយករដ្ឋមន្ត្រី​ជប៉ុន បាន​ឆ្លៀត​ជួប​គ្នា​នៅ​ទីក្រុង​បាងកក នៅ​ក្នុង​ជំនួប​កំពូល​ APEC។ ភាគីទាំងពីរ​បាន​ឯកភាព​គ្នា​ ថារឹតចំណងទាក់ទងលើកិច្ចការផ្នែកសន្តិសុខ ហើយ​និង​បង្កើន​​ការ​ជជែក​ពិភាក្សា​​ឲ្យ​បាន​ច្រើន​។​ ​នេះជា​លើកទី១ហើយ ដែលថ្នាក់ដឹកនាំប្រទេស​ទាំងពីរ​ បានចាប់ដៃ​ និង ​​ជួបគ្នា​​ផ្ទាល់ បន្ទាប់​ពី​អាក់ខាន​ ៣ ឆ្នាំមកនេះ​។ ​ចិន​និងជប៉ុន សុទ្ធសឹងតែជាមហា​​សេដ្ឋកិច្ច​ជឿនលឿន​លំដាប់​លេខ​២និងលេខ​៣ លើពិភពលោក​​។​  

ប្រធានាធិបតីចិននិងនាយករដ្ឋមន្ត្រីជប៉ុន បានឆ្លៀតជួបគ្នានៅទីក្រុងបាងកក នៅក្នុងជំនួបកំពូល APEC។
ប្រធានាធិបតីចិននិងនាយករដ្ឋមន្ត្រីជប៉ុន បានឆ្លៀតជួបគ្នានៅទីក្រុងបាងកក នៅក្នុងជំនួបកំពូល APEC។ via REUTERS - KYODO
ផ្សាយពាណិជ្ជកម្ម

នាយករដ្ឋមន្ត្រីជប៉ុន បាន​សម្តែង​ក្តី​បារម្ភ​ជាខ្លាំង​ប្រាប់ទៅ​លោក ស៊ី ជីនពីង ជុំវិញ​ស្ថានភាព​នៅ​សមុទ្រ​ចិន និង​​នៅ​ប្រជុំ​កោះ​ជម្លោះ សែនកាគូ ហើយ​និង​ ក្តីព្រួយ​ពាក់ព័ន្ធ​ពី​សកម្មភាព​យោធាចិន រួម​ទាំង​ការ​បាញ់​មីស៊ីល​។ លោក​ ហ្វូមីអូ គីស៊ីដា ក៏បាន​សង្កត់ធ្ងន់​ពីសារៈ​សំខាន់​នៃ​សន្តិភាព​និង​ស្ថិរភាព​នៅ​ដែន​កោះ​តៃវ៉ាន់។​ នេះបើតាមខ្លឹមសារប្រសាសន៍​របស់​ថ្នាក់ដឹកនាំ​ជប៉ុន ដែល​​ថ្លែងឲ្យដឹង​​ ក្រោយ​ពីបាន​ជួប​​ជាមួយ​ប្រមុខរដ្ឋចិន​។​

គួរ​ជ្រាបថា នៅមុន​ការ​ជែក​គ្នានេះ ថ្នាក់ដឹកនាំ​​ជប៉ុនក៏​​បាន​បោះសម្តី​វិជ្ជមាន​ថា ភាគី​ទាំងពីរ​នឹង​ពន្លឿន​ទំនាក់ទំនង​ជប៉ុន-ចិន ដោយ​ឈរ​លើ​កិច្ច​ស្ថាបនា​និង​ស្ថិរភាព ហើយ​ជាមួយ​នឹង​កិច្ច​ខិត​ខំប្រឹងប្រែង​សម្រេច​ឲ្យ​បាន​ទាំង​សងខាង។​ នៅ​ក្រោយ​ជំនួប​ទ្វេភាគីរួច​ នាយករដ្ឋមន្ត្រី​ជប៉ុន​បង្ហើប​ប្រាប់​​ទៅកាន់​អ្នក​កាសែតនៅ​ក្រុង​បាងកក ថារូប​លោក​បាន​ឯកភាព​ជា​មួយ​ប្រធានាធិបតីចិន ជុំវិញការ​​រឹង​ចំណង​ទាក់ទងគ្នា​នៅលើ​វិស័យ​សន្តិសុខ និង​ជជែក​គ្នា​ឲ្យ​បាន​ច្រើន​​។​

ពីចំណែក​ខ្លួន ថ្នាក់ដឹកនាំចិន ស៊ី ជីនពីង បាន​ប្រកាស​ជា​ចំហ​នៅក្នុងវេទិកា​ប្រជុំ​កំពូល​APEC តែម្តង ថា «ប្រជាជន​ចិន​សង្ឃឹម​ចង់​ឃើញសន្តិភាព​និង​ស្ថិរភាព​ ខ្លាំងជាងអ្វីៗ​ទាំងអស់​។​ ដូច្នេះ​ហើយ ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក គឺ​មិន​មែន​ជា​សួន​ច្បារ​របស់​បុគ្គល​ម្នាក់ ឬ​ក៏ពុំ​មែន​​ជា​ទីកន្លែង​សម្រាប់បង្កជម្លោះ​ នៃ​​មហាអំណាច​ណាមួយ​ឡើយ។​ ដូច្នេះ​ គឺ​ដាច់​ខាត់ មិន​ត្រូវ​ឲ្យ​ចេតនា​បង្ក​សង្គ្រាម​ត្រជាក់ថ្មី​​អ្វីណា កើតឡើង​ នា​សម័យ​យើង​នេះទេ។»  នេះបើតាម​ប្រសាសន៍​របស់​ប្រធានាធិបតីចិន ថ្លែង​នៅ​ប្រទេស​ថៃ។

នៅខែ​កញ្ញាកន្លងទៅ​ ​ចិន​និង​ជប៉ុន បាន​​​ប្រារព្ធពិធីអបអរ​ខួប​៥០ឆ្នាំ​ នៃ​ទំនាក់ទំនង​​ជាប្រក្រតីឡើងវិញ​។​ ប៉ុន្តែ ស​ភាព​​ការណ៍​ធ្លាក់​ក្នុងភាពដុបដាប​វិញនៅ​ខែតុលា ព្រោះ​តែ​ ចិន​ ប្រកាន់​ខឹង​នឹងប្រធានសភា​សហរដ្ឋអាមេរិក ដែល​អញ្ជើញ​ទៅក្រុង​តៃប៉ិ និងដែល​បង្ក​ឲ្យ​ចិន​សម្រេច​ធ្វើសមយុទ្ធ​ជា​ខ្លាំង​នៅក្បែរកោះ​តៃវ៉ាន់។ ជប៉ុន កាន់ជើង​​ខាង​សហរដ្ឋអាមេរិក ព្រោះ​ជាសម្ព័ន្ធ​មិត្ត​​ចាស់ឆ្នាំ​ គឺ​ធ្វើ​ឲ្យ ចិន ក៏មើលមុខ​ ជប៉ុន ​មិនត្រង់​ដែរ។ ប្រទេស​ទាំងពីរ ​ ក៏នៅ​តែ​​ប្រទាញ​ប្រទង​គ្នា មិនដាច់​ស្រេច​នៅឡើយ ជុំវិញការទាមទារ​ដីកោះ សែនកាគូ ហៅបែបជប៉ុន​ ឬ ទាវយូ​ ហៅតាម​ចិន​។​

ទោះបី​ម្តេច​ក្តី ការ​ចាប់ដៃ​គ្នា ​ជាថ្មី​ រវាង​ថ្នាក់ដឹកនាំ​ទាំងពីរ​ នៅបាងកក គឺ​ត្រូវ​​នាយករដ្ឋមន្ត្រីជប៉ុន គូស​បង្ហាញថា ជាការ​ចាប់ផ្តើម​ដ៏​ល្អ​មួយ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ