អានតួអត្ថបទ

ស្រីលង្កា៖រដ្ឋាភិបាលប្រកាសមិនឲ្យប្រើផលិតផលប្លាស្ទិកដើម្បីការពារបរិស្ថាន និងសត្វព្រៃ

ស្រីលង្កា-បរិស្ថាន – នៅ​ក្នុង​ប្រទេស​ស្រីលង្កា រដ្ឋាភិបាល​បាន​ប្រកាស​ក្នុង​ថ្ងៃ​អង្គារ ទី១៤ កុម្ភៈ​នូវ​វិធានការ​ការពារ​បរិស្ថាន និង​ការពារ​ជីវិត​សត្វព្រៃ ពិសេស​សត្វ​ដំរី។ នៅ​ក្នុង​វិធានការ​នេះ រដ្ឋាភិបាល​បាន​ហាម​មិន​ឲ្យ​ប្រើ​ផលិតផល​ប្លាស្ទិក​ដែល​ប្រើ​តែ​ម្តង​រួច​បោះ​ចោល។ អ្នកនាំពាក្យខុទ្ទកាល័យ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ផលិត និង​ការ​លក់​ផលិតផល​ប្លាស្ទិក ដូច​ជា​កែវ គម្រប ឬ​ផ្កាសិប្បនិមិត្ម​នឹង​ត្រូវ​ហាម​ឃាត់​ចាប់​ពី​ខែ​មិថុនា​ខាង​មុខ​នេះ​ទៅ។

នៅ​ក្នុង​ប្រទេស​ស្រីលង្កា រដ្ឋាភិបាល​បាន​ប្រកាស​ក្នុង​ថ្ងៃ​អង្គារ ទី១៤ កុម្ភៈ​នូវ​វិធានការ​ការពារ​បរិស្ថាន និង​ការពារ​ជីវិត​សត្វព្រៃ ពិសេស​សត្វ​ដំរី។
នៅ​ក្នុង​ប្រទេស​ស្រីលង្កា រដ្ឋាភិបាល​បាន​ប្រកាស​ក្នុង​ថ្ងៃ​អង្គារ ទី១៤ កុម្ភៈ​នូវ​វិធានការ​ការពារ​បរិស្ថាន និង​ការពារ​ជីវិត​សត្វព្រៃ ពិសេស​សត្វ​ដំរី។ AP - Achala Pussalla
ផ្សាយពាណិជ្ជកម្ម

គឺ​តាម​អនុសាសន៍​របស់​គណៈកម្មាធិការជំនាញ​ដែល​រដ្ឋាភិបាល​បាន​ប្រកាស​ចេញ​នូវ​វិធានការ​ហាម​ការ​ផលិត និង​ការ​លក់​ផលិតផល​ប្លាស្ទិក​ចាប់​ពី​ខែ​មិថុនា​ខាង​មុខ​ទៅ។ គណៈកម្មាធិការជំនាញ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​បង្កើត​ឡើង​កាល​ពី ១៨ខែ​មុន​ដើម្បី​សិក្សា​លើ​ផលវិបាក​កើត​ចេញ​ពី​កាកសំណល់​ប្លាស្ទិក​ទៅ​លើ​បរិស្ថាន និង​ទៅ​លើ​សត្វព្រៃ។ គួរ​បញ្ជាក់​ថា​នៅ​ស្រីលង្កា ថង់ប្លាស្ទិក​ដែល​គ្មាន​ថ្ងៃ​រលាយ​ត្រូវ​បាន​ហាម​មិន​ឲ្យ​ប្រើ​តាំង​ពី​ឆ្នាំ ២០១៧។ បន្ទាប់​មក​តាំង​ពី​ឆ្នាំ ២០២១ ការ​នាំ​ចូល​ផលិតផល​ប្លាស្ទិក​ដូច​ជា​គម្រប កែវ ការ​វេចខ្ចប់​ចំណីអាហារ​ដោយ​ប្រើ​ប្លាស្ទិក រួម​ទាំង​ល្បែង​ក្មេងលេង​ត្រូវ​បាន​ហាម​ឃាត់។

មូលហេតុ គឺ​ក្រោយ​ពី​មាន​ការ​ស្លាប់​សត្វដំរី និង​សត្វក្តាន់​ជា​ច្រើន​នៅ​ភាគ​ឦសាន​ប្រទេស។ ការ​ធ្វើ​កោសល្យវិច័យ​លើ​សត្វ​ស្លាប់​ទាំង​នោះ​បាន​បង្ហាញ​ពី​វត្តមាន​សារធាតុ​ប្លាស្ទិក​លាយឡំ​នឹង​ចំណីអាហារ​ក្នុង​បរិមាណ​ដ៏​ច្រើន​សម្បើម។ នៅ​ស្រីលង្កា សត្វព្រៃ​ភាគ​ច្រើន​បាន​ស្វែង​រក​ចំណី​នៅ​លើ​គំនរ​សម្រាម​ដែល​គេ​ចាក់​គរ​ចោល​នៅ​កណ្តាល​វាល។ វិធានការ​ថ្មី​របស់​រដ្ឋាភិបាល​ពេល​នេះ​សំដៅ​លើ​ការ​ផលិត និង​ការ​លក់​ផលិតផល​ប្លាស្ទិក​ដែល​បាន​ផលិត​ក្នុង​ស្រុក។ អាជ្ញាធរ​ការពារ​សត្វដំរី​បាន​សាទរ​ចំពោះ​វិធានការ​របស់​រដ្ឋាភិបាល។ នៅ​ប្រទេស​ណា​មិន​ដឹង​ទេ តែ​នៅ​ស្រីលង្កា ដំរី​ជា​សត្វ​ដែល​គេ​គោរពបូជា និង​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់។

តែ​គេ​បាន​សង្កេត​ឃើញ​ថា ជម្លោះ​រវាង​សត្វដំរី និង​មនុស្ស​បាន​បណ្តាល​ឱ្យ​ស្លាប់​ដំរី​ប្រមាណ​ជា ៤០០ក្បាល និង​ស្លាប់​មនុស្ស​ប្រមាណ​ជា ៥០នាក់​​ក្នុង​មួយ​ឆ្នាំៗ​នៅ​ក្បែរ​តំបន់​អភិរក្ស​ធម្មជាតិ។ ជម្លោះ​ដែល​គេ​ចង់​និយាយ​នេះ គឺ​ការ​កាប់ឆ្ការ​យក​ដីព្រៃ​ដើម្បី​ធ្វើ​ជា​ទីតាំង​អភិវឌ្ឃ​ថ្មី​ដែល​បាន​បង្ខំ​ឲ្យ​សត្វព្រៃ ពិសេស​ដំរី​ដើរ​សំដៅ​ចូល​តាម​ភូមិ ស្រុក​ដើម្បី​ស្វែង​រក​ចំណី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ