អានតួអត្ថបទ
អ៊ីរ៉ង់-អូស្រ្តាលី

អូស្ត្រាលីថាបាន​​បិទ​ខ្ចប់​ប្រតិបត្តិការ​ចារកម្មរបស់​អ៊ីរ៉ង់​លើ​ទឹក​ដី​អូស្ត្រាលី

អូស្ត្រាលី​បាន​ប្រកាស​នៅ​ថ្ងៃអង្គារ​ទី ១៤ កុម្ភៈ ២០២៣ បិទ​បញ្ចប់​ប្រតិបត្តិការចារកម្ម​​ដឹកនាំដោយ​​​អ៊ីរ៉ង់​ ប្រឆាំង​នឹងសកម្មជន​អូស្ត្រាលី​ដើមកំណើត​អ៊ីរ៉ង់។ សកម្មភាព​ចារកិច្ច​បាន​ប្រព្រឹត្ត​ទៅ​នៅអំឡុង​ពេល​មាន​បាតុកម្ម​​នៅលើ​​ទឹក​ដីអូស្ត្រាលី ដើម្បីគាំទ្រ​ចលនា​បះបោរតវ៉ា​​នៅអ៊ីរ៉ង់ ក្រោយ​មរណភាព​របស់​នាង​Mahsa Amini​។

បាតុកម្ម​នៅ​សហរដ្ឋ​អាមេរិក ដើម្បី​បរិហារ​រដ្ឋាភិបាល​អ៊ីរ៉ង់ ក្រោយ​មរណភាព​របស់​នាង​អាមីនី
បាតុកម្ម​នៅ​សហរដ្ឋ​អាមេរិក ដើម្បី​បរិហារ​រដ្ឋាភិបាល​អ៊ីរ៉ង់ ក្រោយ​មរណភាព​របស់​នាង​អាមីនី AP - Jose Luis Magana
ផ្សាយពាណិជ្ជកម្ម

ដោយ​មិនផ្តល់​ព័ត៌មាន​លម្អិត​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​អូស្ត្រាលី លោកស្រី Clare O’Neil បាន​អះអាង​ថា តេហេរ៉ង់​បាន​លួច​ធ្វើ​ចារកិច្ច​លើក្រុម​គ្រួសារបាតុករ​អូស្ត្រាលី​ដើមកំណើត​អ៊ីរ៉ង់។ សកម្មជន​​ដែល​បាន​ចូល​រួម​ធ្វើ​បាតុកម្មនៅលើ​ទឹក​ដី​អូស្ត្រាលី​ ដើម្បីបរិហារ​​ទង្វើ​របស់​អាជ្ញាធរ​អ៊ីរ៉ង់ ស្ថិត​ក្រោមផ្ទាំង​ស៊ីប​នៃ​ក្រុម​​​ឈ្លប​អ៊ីរ៉ង់។ ប៉ុន្តែ ទោះ​ក្នុងកាលៈ​ទេសៈ​ណាក៏​ដោយ ក៏​អូស្ត្រាលី មិន​បណ្តោយ​ និង​មិន​អនុគ្រោះ​ឱ្យ​របប​បរទេស​ណាមួយ មក​រំខាន​បាតុកម្ម​ដោយ​សន្តិវិធី មក​លើកទឹកចិត្ត​ឱ្យ​មានអំពើ​ហិង្សា ឬ​បំបិទ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិត​ឡើយ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ស្រី​រដ្ឋមន្ត្រី នា​ឱកាស​ថ្លែង​សុន្ទរកថា​នៅក្នុង​​​សកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី​។

សម្រាប់​លោកស្រី ការ​ធ្វើ​បាតុកម្ម​នៅ​លើទឹក​ដី​អូស្ត្រាលី ដើម្បី​​រិះគន់​រដ្ឋាភិបាល​បរទេស​ ជាសកម្មភាព​ស្របច្បាប់​ ដូច្នេះ​រដ្ឋាភិបាល​អូស្ត្រាលី​មិន​អាច​នៅឈរ​អោប​ដៃ​​ស្ងៀម​ ទុក​ឱ្យ​ពលរដ្ឋ​អូស្ត្រាលី ឬ​អ្នក​មក​ទស្សនា​អូស្ត្រាលី​ ស្ថិត​ក្រោម​ការ​តាមដាន និង​អង្កេត​ពី​រដ្ឋាភិបាល​បរទេស​ លើ​ទឹក​ដី​ខ្លួន​ឡើយ។

ជា​សេចក្តី​ប្រកាស​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​បំផុត ព្រោះ​រដ្ឋាភិបាល​អូស្ត្រាលី​ហាក់​ពុំ​សូវ​មាន​ពាក់​ព័ន្ធ​នឹង​ការចោទ​ប្រកាន់​ចារកិច្ច​ទេ។ សូម​រំលឹក​ថា​ តាំង​ពី​ខែ​កញ្ញា២០២២មក ក្រោយហេតុការណ៍​ហិង្សា​របស់​​ប៉ូលិស​សីលធម៌អ៊ីរ៉ង់​ ចាប់​ខ្លួន​ពលរដ្ឋ​ស្រី ​ពី​បទ​រុំ​ស្បៃក្បាល​មិន​ត្រឹម​ត្រូវ តាម​ទីសាធារណៈ ​រហូត​ធ្វើ​ឱ្យ​នាង​ស្លាប់មក​​ ចលនា​បាតុកម្ម​បាន​ផុស​ផុល​ឡើង​​ក្រោម​ពាក្យ​ស្លោក​ “ស្ត្រី​ ជីវិត​ និង​សេរីភាព” នៅពេញ​ផ្ទៃ​ប្រទេស​អ៊ីរ៉ង់ និង​ក្រុង​ផ្សេងៗ​ស្ទើរ​ពេញ​ពិភពលោក។ អគ្គមគ្គុទេសក៍​អ៊ីរ៉ង់ អាលី ខាមេណី បាន​ចោទ​​សហរដ្ឋ​អាមេរិក និ​ងអ៊ីស្រាអែល​ ជា​អ្នក​ផ្ងំចលនា​បាតុកម្ម។ បាតុកម្ម​នៅអ៊ីរ៉ង់ ទើប​ចាប់​ថយ​ឥទ្ធិពល​នា​រយៈ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​មក​នេះ ដោយ​ហេតុ​តែ​អាជ្ញាធរ​បាន​បង្ក្រាប​និង​ចាប់​ខ្លួន​អស់​ជា​ច្រើន​ពាន់​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ