អានតួអត្ថបទ
ថៃ

ថៃ៖សកម្មជនវ័យក្មេងចំនួន ២នាក់ដែលជាប់ចោទពីបទជេរប្រមាថស្តេចបន្តធ្វើកូដកម្មអត់អាហារ

នៅ​ក្នុង​ប្រទេស​ថៃ ថ្ងៃ​ពុធ ទី៨ មីនា​នេះ​ជា​ថ្ងៃ​ទី៥០ ដែល​សកម្មជន​ក្មេង​ស្រី​ចំនួន ២នាក់​បាន​ធ្វើ​កូដកម្ម​អត់​អាហារ។ កម្មវត្ថុ​របស់​ក្មេងស្រី​ទាំង ២នាក់​ដែល​កំពុង​ជាប់​ចោទ​ពី​បទ​ជេរប្រមាថ​ស្តេច គឺ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដក​ចេញ​នូវ​មាត្រាទី១១២ នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​ស្តីពី​ការ​ការពារ​ព្រះមហាក្សត្រ និង​ក្រុម​គ្រួសារ​រាជវង្សសានុវង្ស។ កូដកម្ម​អត់អាហារ​ឈាន​ចូល​ដល់​ថ្ងៃទី៥០ របស់​សកម្មជន​ក្មេង​ស្រី​ទាំង ២នាក់​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ថៃ​គ្រោង​រៀបចំ​បោះឆ្នោត​សភា​នៅ​ខែ​ឧសភា​ខាង​មុខ។

នៅ​ក្នុង​ប្រទេស​ថៃ ថ្ងៃ​ពុធ ទី៨ មីនា​នេះ​ជា​ថ្ងៃ​ទី៥០ ដែល​សកម្មជន​ក្មេង​ស្រី​ចំនួន ២នាក់​បាន​ធ្វើ​កូដកម្ម​អត់​អាហារ។
នៅ​ក្នុង​ប្រទេស​ថៃ ថ្ងៃ​ពុធ ទី៨ មីនា​នេះ​ជា​ថ្ងៃ​ទី៥០ ដែល​សកម្មជន​ក្មេង​ស្រី​ចំនួន ២នាក់​បាន​ធ្វើ​កូដកម្ម​អត់​អាហារ។ AFP - TANAT CHAYAPHATTHARITTHEE
ផ្សាយពាណិជ្ជកម្ម

សកម្មជន​ក្មេង​ស្រី​ទាំង ២នាក់​ម្នាក់​ឈ្មោះ ថានតៈវ៉ាន់ តួទុឡាណុន​ឬ​ហៅក្រៅ តៈវ៉ាន់​មាន​អាយុ ២១ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ អរ៉ាវ៉ាន់ ភូផុង ឬ​ហៅក្រៅ​ប៊ែម​មាន​អាយុ ២៣ឆ្នាំ។ នាង​តៈវ៉ាន់ និង​នាង​ប៊ែម​បាន​ជាប់​ចោទ​ពី​បទ​បាន​ជេរប្រមាថ​ព្រះមហាក្សត្រ​នា​ឱកាស​បាតុកម្ម​ចំនួន​ពីរ​ដាច់​គ្នា​ក្នុង​ក្រុង​បាងកក​កាល​ពី​ដើម​ឆ្នាំ ២០២២។ តាំង​ពី​ពេល​នោះ​មក សកម្មជន​ក្មេង​ស្រី​ទាំង ២នាក់​បាន​ស្គាល់​មន្ទីរឃុំឃាំង មន្ទីរពេទ្យ និង​តុលាការ។ តែ​គឺ​ទើប​នៅ​ថ្ងៃទី១៨ មករា​ដើម​ឆ្នាំ ២០២៣ នេះ​ដែល​នាង​តៈវ៉ាន់ និង​នាង​ប៊ែម​បាន​ផ្តើម​ធ្វើ​កូដកម្ម​អត់អាហារ។ បច្ចុប្បន្ន នាង​តៈវ៉ាន់ និង​នាង​ប៊ែម​កំពុង​ស្ថិត​ក្នុង​មន្ទីរពេទ្យ​ដើម្បី​ព្យួរសារ៉ូម នេះ​បើ​តាម​មេធាវី​របស់​សកម្មជន​ក្មេង​ស្រី​ទាំង ២នាក់។

ល័ក្ខខ័ណ្ឌ​មួយ​ក្នុង​ចំណោម​លក្ខខណ្ឌ​ផ្សេង​ទៀត​ដែល​នាង​តៈវ៉ាន់ និង​នាង​ប៊ែម​កំពុង​ទាមទារ គឺ​សុំ​ឲ្យ​រដ្ឋាភិបាល​លុបចោល​នូវ​មាត្រាទី១១២ នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​ស្តីពី​ការ​ការពារ​ព្រះមហាក្សត្រ និង​ក្រុម​គ្រួសារ​រាជវង្សសានុវង្ស។ មាត្រាទី១១២ បាន​ចែង​ថា គ្រប់​ទង្វើ​បរិហារ ឬ​ជេរប្រមាជ​ព្រះមហាក្សត្រ និង​ក្រុម​គ្រួសារ​រាជវង្សសានុវង្ស​អាច​មាន​ទោស​ជាប់​ក្នុង​ពន្ធនាគារ​ពី ៣ឆ្នាំ​ដល់ ១៥ឆ្នាំ។ តែ​ក្រុម​សកម្មជន​ប្រជាធិបតេយ្យ​បាន​ចាត់​ទុក​ច្បាប់​នេះ​ជា​ការ​បិទខ្ទប់​ក្រុម​អ្នកប្រឆាំង និង​ការ​ត វ៉ា​ផ្លូវ​នយោបាយ។ គួរ​រម្លឹក​ថា នៅ​ក្នុង​មហាបាតុកម្ម​កាល​ពី​ឆ្នាំ ២០២០ មាន​បាតុករ​ជាង ២០០នាក់​បាន​ជាប់ចោទ​ពី​បទ​ជេរប្រមាថ​ស្តេច​ដូច​នាង​តៈវ៉ាន់ និង​នាង​ប៊ែម​ដែរ។

មួយ​វិញ​ទៀត នេះ​មិន​មែន​ជា​លើកទី១ ទេ​ដែល​មាន​សកម្មជន​ប្រជាធិបតេយ្យ​បាន​ធ្វើ​កូដកម្ម​អត់អាហារ។ ក្នុង​ឆ្នាំ ២០២២ មាន​សកម្មជន​ម្នាក់​ទទួល​បាន​ការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ក្រោយ​ពី​បាន​ធ្វើ​កូដកម្ម​អត់អាហារ​ចំនួន ៥៧ថ្ងៃ។ តែ​គេ​នៅ​មិន​ទាន់​ដឹង​ពី​ជោគវាសនា​របស់​នាង​តៈវ៉ាន់ និង​នាង​ប៊ែម​នៅ​ឡើយ​ទេ។ អ្វី​ដែល​គេ​ដឹង សកម្មភាព​របស់​ក្មេងស្រី​ទាំង ២នាក់​ហាក់​មិន​សូវ​មាន​ការ​គាំទ្រ​ជា​សាធារណៈ​ប៉ុន្មាន​ទេ។ ទន្ទឹម​គ្នា​នេះ គ្មាន​គណបក្ស​ប្រឆាំង​ណា​មួយ​ហ៊ាន​ជជែក​វែកញែក​ពី​រាជានិយម​ដែល​ជា​ប្រធានរឿង​ដ៏​រសើប​ខ្លាំង​ឡើយ។ នៅ​ប្រទេស​ណា​មិន​ដឹង​ទេ តែ​បើ​នៅ​ថៃ ព្រះមហាក្សត្រ​ត្រូវ​បាន​ចាត់​ទុក​ដូច​ជា​ព្រះអាទិទេព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ