អានតួអត្ថបទ

លោកស៊ី ជីនពីង៖ចិន និងអាស៊ីកណ្តាលត្រូវបង្កើនកិច្ចសហប្រតិបត្តិការរវាងគ្នាឲ្យបានពេញទំហឹងនៅលើគ្រប់វិស័យ

ថ្ងៃ​សុក្រ ទី១៩ ឧសភា​នេះ​ជា​ថ្ងៃទី២ និង​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​កិច្ចប្រជុំកំពូល​ចិន អាស៊ីកណ្តាល​រៀបចំ​ក្នុង​ទីក្រុង​ស៊ីអាន ប្រទេស​ចិន។ ក្រុម​ប្រទេស​អាស៊ីកណ្តាល​ដែល​បាន​ចូលរួម​សុទ្ធសឹង​ជា​អតីតសហភាពសូវៀត គឺ​កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន តួកមេនីស្ថាន និង​អ៊ូសបេគីស្ថាន។ ក្រោយ​ការ​ដួលរលំ​សហភាព​សូវៀត​ក្នុង​ឆ្នាំ ១៩៩១ ប្រទេស​ទាំង ៥ បាន​ទទួល​ឯករាជ្យ និង​បាន​ភ្ជាប់​ការទូត​ជាមួយ​ចិន​ក្នុង​ឆ្នាំ ១៩៩២។ តែ​នេះ​ជា​លើកទី១ ដែល​ចិន​បាន​រៀបចំ​ឲ្យ​មាន​កិច្ចប្រជុំកំពូល​ចិន អាស៊ីកណ្តាល​ក្នុង​ឆ្នាំ ២០២៣ នេះ។

កិច្ចប្រជុំកំពូល​ចិន អាស៊ីកណ្តាល​រៀបចំ​ក្នុង​ទីក្រុង​ស៊ីអាន ប្រទេស​ចិនពី​ថ្ងៃទី១៨ ដល់​ថ្ងៃទី១៩ ឧសភា ២០២៣។
កិច្ចប្រជុំកំពូល​ចិន អាស៊ីកណ្តាល​រៀបចំ​ក្នុង​ទីក្រុង​ស៊ីអាន ប្រទេស​ចិនពី​ថ្ងៃទី១៨ ដល់​ថ្ងៃទី១៩ ឧសភា ២០២៣។ REUTERS - FLORENCE LO
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​កិច្ចប្រជុំកំពូល​មិន​ធ្លាប់​មាន​រវាង​ចិន និង​អាស៊ីកណ្តាល ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​បាន​ជំរុញ​ឲ្យ​ចិន និង​ប្រទេស​អាស៊ីកណ្តាល​ទាំង ៥ប្រទេស​រួមដៃ​បង្កើន​កិច្ចសហប្រតិបត្តិការ​រវាង​គ្នា​ឲ្យ​បាន​ពេញ​ទំហឹង​នៅ​លើ​គ្រប់វិស័យ​ទាំង​អស់។ ក្រៅ​ពី​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច ឧស្សាហកម្ម ថាមពល និង​ដឹកជញ្ជូន​ដែល​សុទ្ធសឹង​ជា​វិស័យ​ដែល​បាន និង​កំពុង​ធ្វើ​ស្រាប់ លោក​ស៊ី​បាន​ស្នើ​ឲ្យ​បន្ថែម​នូវ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ថ្មី​ផ្សេង​ទៀត ដូច​យ៉ាង​ហិរញ្ញវត្ថុ កសិកម្ម សុខាភិបាល ឌីជីថល ការ​កាត់បន្ថយ​ឧស្ម័នផ្ទះកញ្ចក់ ឬ​មួយ​ការ​កាត់បន្ថយ​ភាព​ក្រីក្រ។

ទន្ទឹម​គ្នា​នេះ លោក​ស៊ី​ក៏​បាន​គូសបញ្ជាក់​ពី​ភាព​ចាំបាច់​ក្នុង​ការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​នៅ​ក្នុង​វិស័យ​សន្តិសុខ​ដើម្បី​ប្រឆាំង​នឹង​អ្វី​ដែល​ក្រុង​ប៉េកាំង​ចាត់​ទុក​ជា​មេរោគ ៣ ប្រចាំ​តំបន់ គឺ​ការ​ផ្តាច់ទឹកដីនិយម ភេរវនិយម និង​ជ្រុលនិយម។ បន្ទាប់​មក លោក​ស៊ី​បាន​អំពាវនាវ​ឲ្យ​ប្រឆាំង​ទប់​នឹង​ការ​លូកដៃ​របស់​បរទេស​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​នៅ​ក្នុង​តំបន់ និង​ការ​ព្យាយាម​បំផុសបំផុល​ឲ្យ​មាន​បដិវត្តពណ៌។ តាម​ប្រធានាធិបតី​ចិន អាស៊ីកណ្តាល និង​ចិន​គួរ​តែ​ពង្រឹង​ទំនុក​ចិត្ត​គ្នា​ជា​យុទ្ធសាស្ត្រ​ឲ្យ​បាន​ស៊ីជម្រៅ​ដើម្បី​រក្សា​មិត្តភាព​ជា​អមតៈ ហើយ​ដើម្បី​បញ្ជាក់​ពី​សក្ខីភាព​មួយ​នេះ លោក​ស៊ី​បាន​សន្យា​ផ្តល់​លុយ​ឲ្យ​តំបន់​ចំនួន ៣ ៧០០លានដុល្លារ។

គួរ​បញ្ជាក់​ថា ពាណិជ្ជកម្ម​របស់​ចិន​ជាមួយ ៥ប្រទេស​អាស៊ីកណ្តាល​មាន​ទឹកប្រាក់ ៧០ ០០០លានដុល្លារ​ក្នុង​ឆ្នាំ ២០២២ និង​បាន​ហាក់​ឡើង​ចំនួន ២២% នៅ​ត្រីមាស​ទី១ ឆ្នាំ ២០២៣។ ទន្ទឹម​នឹង​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​ចិន ប្រទេស​ទាំង​នេះ​ក៏​ជា​ទីកន្លែង​មួយ​ដ៏​សំខាន់​នៃ​គម្រោង​ខ្សែក្រវ៉ាត់ និង​ផ្លូវ​របស់​ចិន​ដែរ។ តែ​អ្វី​ដែល​គ្មាន​អ្នក​ណា​មើល​រំលង​បាន​នោះ​គឺ​ថា ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​បណ្តា​ប្រទេស​អតីត​សាធារណរដ្ឋសហភាព​សូវៀត​នឹង​មាន​កាន់​តែ​ខ្លាំង ខណៈ​ដែល​រុស្ស៊ី​កំពុង​ជាប់ដៃ​នៅ​ក្នុង​សង្រ្គាម​អ៊ុយក្រែន។ នេះ​មិនមែន​ជា​ត្រីងៀត​ឆ្លៀត​ពង​ទេ តែ​ជា​ឱកាស។ បន្ទាប់​ពី​កិច្ចប្រជុំកំពូល​លើកទី១ លោក​ស៊ី ជីនពីង​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ការ​ជួបជុំ​គ្នា​ជា​ថ្មី​នៅ​ឆ្នាំ ២០២៥ ក្នុង​ប្រទេស​កាហ្សាក់ស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ