អានតួអត្ថបទ

អឺរ៉ុបចង់ពង្រឹងទំនាក់ទំនងជាមួយអាស៊ីកណ្តាល ខណៈដែលរុស្ស៊ីកំពុងជាប់ដៃនៅអ៊ុយក្រែន

នៅ​ថ្ងៃ​សុក្រ ទី២ មិថុនា ប្រទេស​កៀហ្ស៊ីស៊ីស្ថាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំកំពូល​អឺរ៉ុប អាស៊ីកណ្តាល។ ប្រធាន​ក្រុមប្រឹក្សាអឺរ៉ុប​លោក​ស្ហាល មីស្ហែល​បាន​ចូលរួម​ប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​របស់​៥ប្រទេស​នៅ​អាស៊ីកណ្តាល គឺ​កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន តួកមេនីស្ថាន និង​អូសបេគីស្ថាន។ នេះ​ជា​កិច្ចប្រជុំកំពូល​អឺរ៉ុប អាស៊ីកណ្តាល​លើកទី២ ក្រោយ​ពី​បាន​រៀបចំ​លើកទី១ កាល​ពី​ខែ​តុលា ឆ្នាំ ២០២២ ក្នុង​ប្រទេស​កាហ្សាក់ស្ថាន។ មួយ​វិញ​ទៀត កិច្ចប្រជុំកំពូល​អឺរ៉ុប អាស៊ីកណ្តាល​លើកទី២ រៀបចំ​ឡើង​នៅ​ក្រោយ​កិច្ចប្រជុំកំពូល​ចិន អាស៊ីកណ្តាល។

នៅ​ថ្ងៃ​សុក្រ ទី២ មិថុនា ប្រទេស​កៀហ្ស៊ីស៊ីស្ថាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំកំពូល​អឺរ៉ុប អាស៊ីកណ្តាល។
នៅ​ថ្ងៃ​សុក្រ ទី២ មិថុនា ប្រទេស​កៀហ្ស៊ីស៊ីស្ថាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំកំពូល​អឺរ៉ុប អាស៊ីកណ្តាល។ AP - Vladimir Voronin
ផ្សាយពាណិជ្ជកម្ម

ខុស​ពី​ចិន​ដែល​បាន​កោះ​ហៅ​មេដឹកនាំ​អាស៊ីកណ្តាល​ទៅ​ប្រជុំ​ក្នុង​ក្រុង​ប៉េកាំង​កាល​ពី ២សប្តាហ៍​មុន អឺរ៉ុប​បាន​រៀបចំ​កិច្ចប្រជុំកំពូល​នេះ​នៅ​ក្នុង​ទឹកដី​អាស៊ីកណ្តាល​តែ​ម្តង។ ថ្លែង​នៅ​ក្នុង​ពិធី​បើក​សម័យប្រជុំពេញអង្គ​ជា​ផ្លូវការ ប្រធាន​ក្រុមប្រឹក្សាអឺរ៉ុប​លោក​ស្ហាល មីស្ហែល​បាន​ទាមទារ​ឲ្យ​ពង្រឹង​ទំនាក់ទំនង​រវាង​សហភាពអឺរ៉ុប និង​អាស៊ីកណ្តាល។ ចំណែក​ប្រធានាធិបតី​កៀហ្ស៊ីស៊ីស្ថាន​លោក​សាឌៀរ យ៉ាប៉ារ៉ូវ​បាន​អំពាវនាវ​ឲ្យ​លោក​ស្ហាល មីស្ហែល​យក​អាស៊ីកណ្តាល​ធ្វើ​ជា​លំហ​ភូមិសាស្រ្ត​សេដ្ឋកិច្ច​រួបរួម​ដើម្បី​សម្រួល​ដល់​គ្រប់​ទម្រង់​ខុសៗ​គ្នា​នៃ​កិច្ចសហប្រតិបត្តិការ។

ការ​អំពាវនាវ​នេះ​ក៏​ទទួល​បាន​ការ​ចែករំលែក​ពី​ប្រធានាធិបតី​អូសបេគីស្ថាន​ដែរ។ ចំណែក​មេដឹកនាំ​តាហ្ស៊ីគីស្ថាន​បាន​គូសបញ្ជាក់​ពី​ភាព​ចាំ​បាច់​សម្រាប់​ប្រទេស​តាហ្ស៊ីគីស្ថាន​ក្នុង​ការ​ទទួលបាន​អត្ថប្រយោជន៍​ពី​ប្រព័ន្ធ​ពាណិជ្ជកម្ម​អនុគ្រោះ​ជាមួយ​សហភាពអឺរ៉ុប។ ដោយឡែក ប្រធានាធិបតី​កាហ្សាក់ស្ថាន​ដែល​ប្រទេស​ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​សហភាពអឺរ៉ុប​នៅ​ក្នុង​តំបន់​បាន​ធានា​ថា លោក​ចង់បង្កើន​ការ​នាំ​ប្រេង​ទៅ​កាន់​អឺរ៉ុប​តាម​សមុទ្រ​កាសព្យែន​តាម​បំពង់​បង្ហូរ​ប្រេង​ដោយ​គេច​ទឹកដី​រុស្ស៊ី។

គួរ​បញ្ជាក់​ថា ក្រៅ​ពី​ជា​អ្នក​ផ្តល់​ជំនួយ​ឲ្យ​អាស៊ីកណ្តាល​ក្នុង​ទឹកប្រាក់ ១ ១០០លានអឺរ៉ូ​ចន្លោះ​ឆ្នាំ ២០១៤ និង ២០២០ សហភាពអឺរ៉ុប​ក៏​ដៃគូ​វិនិយោគ​សំខាន់​ទី១ របស់​អាស៊ីកណ្តាល​ដែរ។ ដៃគូ​វិនិយោគ​នេះ​នឹង​មាន​សន្ទុះ​ឡើង​ថែម​ទៀត​ក្នុង​ពេល​ដែល​រុស្ស៊ី​កំពុង​ជាប់ដៃ និង​អូសជើង​នៅ​ក្នុង​សង្រ្គាម​អ៊ុយក្រែន។ តែ​ក្នុង​ពេល​ជាមួយ​គ្នា មហាអំណាច​ផ្សេង​ក៏​មិន​បាន​មើល​រំលង​ឱកាស​មួយ​នេះ​ដែរ ពិសេស​ប្រទេស​ចិន។ យ៉ាង​ណា​ក៏​ដោយ ទោះ​បី​ជា​បណ្តា​ប្រទេស​អាស៊ីកណ្តាល​បាន​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​អនុវត្តន៍​នូវ​នយោបាយ​ការបរទេស​ពហុវ៉ិចទ័រ​ក៏​ដោយ​ក៏​ប្រទេស​ទាំង​នេះនៅ​តែ​មាន​ចំណង​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រុស្ស៊ី​ដែល​ជា​មហាអំណាច​ក្នុង​តំបន់​ជា​ប្រវត្តិសាស្រ្ត​តាម​រយៈ​សម្ព័ន្ធភាព​យោធា សេដ្ឋកិច្ច និង​វប្បធម៌៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ