អានតួអត្ថបទ
ឥណ្ឌូណេស៊ី

ប្រទេសចិន និងអាមេរិកបានចូលរួមសមយុទ្ធផ្លូវសមុទ្ររៀបចំដោយប្រទេសឥណ្ឌូណេស៊ី

ចាប់​ពី​ថ្ងៃ​ចន្ទ ទី៥ ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី៨ មិថុនា ប្រទេស​ឥណ្ឌូណេស៊ី​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សមយុទ្ធ​ផ្លូវសមុទ្រ​អន្តរជាតិ​នៅ​កោះ​ស៊ូឡាវេស៊ី​ស្ថិត​ប៉ែក​ខាង​កើត​ប្រទេស។ សមយុទ្ធ​ពហុភាគី​ផ្លូវសមុទ្រ​ក្រោម​ឈ្មោះ « Komodo » មាន​ការ​ចូលរួម​ពី​១៧ប្រទេស ពិសេស​អាមេរិក ចិន និង​រុស្ស៊ី។ តែ​អ្នកនំាពាក្យ​កងទ័ពជើងទឹក​ឥណ្ឌូណេស៊ី​បាន​ពន្យល់​ថា សមយុទ្ធ « Komodo » មិនមែន​ជា​ការ​ហ្វឹកហ្វឺន​សង្រ្គាម​ទេ តែ​ជា​ការ​ផ្តល់​អាទិភាព​ឲ្យ​កិច្ចសហប្រតិបត្តិការ​ផ្លូវសមុទ្រ​នៅ​ក្នុង​តំបន់។

ប្រទេសចិន និងអាមេរិកបានចូលរួមសមយុទ្ធផ្លូវសមុទ្ររៀបចំដោយប្រទេសឥណ្ឌូណេស៊ី
ប្រទេសចិន និងអាមេរិកបានចូលរួមសមយុទ្ធផ្លូវសមុទ្ររៀបចំដោយប្រទេសឥណ្ឌូណេស៊ី via REUTERS - ANTARA FOTO
ផ្សាយពាណិជ្ជកម្ម

វត្តមាន​រួម​គ្នា​របស់​អាមេរិក និង​ចិន​នៅ​ក្នុង​សមយុទ្ធ​ពហុភាគី​រៀបចំ​ដោយ​ឥណ្ឌូណេស៊ី​ពេល​នេះ​ជា​រឿង​កម្រ​ដែល​គេ​មិន​ធ្លាប់​បាន​ឃើញ។ ជា​រឿង​កម្រ​ព្រោះ​មហាអំណាច​ទាំង​ពីរ​កំពុង​បន្ត​ប៉ះទង្គិច​គ្នា​នៅ​ក្នុង​វិស័យ​យោធា ការទូត បច្ចេកវិទ្យា និង​វិស័យ​សេដ្ឋកិច្ច។ មួយ​វិញ​ទៀត អាមេរិក​ក៏​បាន​បង្កើន​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ដើម្បី​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់ ពិសេស​សមយុទ្ធ​ដែល​ចិន​បាន​រៀបចំ​ច្រើន​ដង​នៅ​ជុំវិញ​កោះ​តៃវ៉ាន់។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី គូប្រជែង​ទាំង​ពីរ​បាន​យល់​ព្រម​បញ្ជូន​នាវាចម្បាំង​ទៅ​ចូល​រួម​សមយុទ្ធ « Komodo » ដែល​រៀបចំ​ដោយ​ឥណ្ឌូណេស៊ី។

ក្រៅ​ពី​អាមេរិក និង​ចិន រុស្ស៊ី និង​អូស្រ្តាលី​ក៏​បាន​បញ្ជូន​នាវាចម្បាំង​របស់​ខ្លួន​ទៅ​ចូលរួម​ដែរ។ យោង​តាម​រដ្ឋអំណាច​ឥណ្ឌូណេស៊ី មាន​នាវាចម្បាំង​បរទេស​សរុប​ចំនួន ១៧គ្រឿង​បាន​ចូល​រួម​នៅ​ក្នុង​សមយុទ្ធ « Komodo » ហើយ​ឥណ្ឌូណេស៊ី​តែ​ម្នាក់​ឯង​បាន​បញ្ជូន​ប្រមាណ​ជា ២០គ្រឿង។ អ្នកនាំពាក្យ​កងទ័ព​ជើងទឹក​ឥណ្ឌូណេស៊ី​បាន​ពន្យល់​ថា សមយុទ្ធ « Komodo » មិនមែន​ជា​ការ​ហ្វឹកហ្វឺន​សង្រ្គាម​ទេ តែ​ជា​សមយុទ្ធ​ដែល​ឲ្យ​អាទិភាព​លើ​កិច្ចសហប្រតិបត្តិការ​ផ្លូវសមុទ្រ​នៅ​ក្នុង​តំបន់។

សម្រាប់​អាមេរិក អ្នកនាំពាក្យ​ស្ថានទូត​ប្រចាំ​ឥណ្ឌូណេស៊ី​បាន​ថ្លែង​ប្រាប់ AFP កាល​ពី​ថ្ងៃ​អាទិត្យ ទី៤ មិថុនា​ថា សមយុទ្ធ « Komodo » នឹង​អនុញ្ញាត​ឲ្យ​អាមេរិក​ចូលរួម​ជាមួយ​បណ្តា​ប្រទេស​ដែល​មាន​គោលដៅ​ដូច​សម្ព័ន្ធមិត្ត និង​ដៃគូ​របស់​អាមេរិក​ដើម្បី​សហការ​លើ​បញ្ហា​ប្រឈម​រួម ដូច​យ៉ាង​បេសកកម្មមនុស្សធម៌ និង​ការ​ឆ្លើយតប​ទៅ​នឹង​គ្រោះមហន្តរាយធម្មជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ