អានតួអត្ថបទ
ជប៉ុន-នុយក្លេអ៊ែរ

បង្ហូរទឹកនៅហ្វូគូស្ហ៊ីម៉ា៖ ចិន​ប្រកាស​រឹតបន្តឹង​ការត្រួតពិនិត្យផលិតផលចំណីអាហារមកពីជប៉ុន

អាជ្ញាធរគយចិន​បាន​ចេញសេចក្តីប្រកាស​នៅថ្ងៃ​សុក្រនេះថា ខ្លួន​នឹងបង្កើនការរឹតបន្តឹងការនាំចូលផលិតផលចំណីអាហារ​ពីប្រទេស​ នៅបន្ទាប់ពីជប៉ុន​គ្រោង​បញ្ចេញ បង្ហូរទឹកពីមជ្ឈមណ្ឌលនុយក្លេអ៊ែរ​នៅហ្វូគូស្ហ៊ីម៉ា​ទៅក្នុង​ទឹកសមុទ្រ។ ​​កាលពីថ្ងៃអង្គារ ទីភ្នាក់ងារ​ថាមពលនុយក្លេអ៊ែរអន្តរជាតិ AIEA បានបើកភ្លើងខៀវឲ្យរដ្ឋាភិបាល​ជប៉ុនបង្ហូរទឹកកាកសំណល់​ពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរនៅក្នុងហេតុផលថា ផែនការ​របស់​រដ្ឋាភិបាល​ជប៉ុន​ក្នុង​ការ​ត្រៀម​បង្ហូរ​ទឹក​នៅ​ហ៊្វូគូស្ហ៊ីម៉ា​ទៅ​ក្នុង​សមុទ្រ​បាន​គោរព​ត្រឹមត្រូវ​តាម​និយាមសុវត្ថិភាព​អន្តរជាតិ។ រដ្ឋាភិបាល​កូរ៉េខាងត្បូងដែលធ្លាប់បារម្ភពីបញ្ហាសុវត្ថិភាព​ បាននិយាយ​នៅថ្ងៃសុក្រនេះថា កូរ៉េខាងត្បូង​មិន​ប្រឆាំង​នឹង​គម្រោង​បង្ហូរទឹកកាកសំណល់ចេញពីរោងចក្រ​នុយក្លេអ៊ែរ​ហ្វូគូស្ហ៊ីម៉ាទៅក្នុងទឹកសមុទ្រ។

នៅផ្សារលក់គ្រឿងសមុទ្រ​នៅកូរ៉េខាងត្បូង ទូរទស្សន័ចាក់ផ្សាយពីគម្រោងបង្ហូរទឹកចេញពីរោងចក្រនុយក្លេអ៊ែរហ្វូគូស្ហ៊ីម៉ា​ទៅក្នុងសមុទ្រ​នៅជប៉ុន​
នៅផ្សារលក់គ្រឿងសមុទ្រ​នៅកូរ៉េខាងត្បូង ទូរទស្សន័ចាក់ផ្សាយពីគម្រោងបង្ហូរទឹកចេញពីរោងចក្រនុយក្លេអ៊ែរហ្វូគូស្ហ៊ីម៉ា​ទៅក្នុងសមុទ្រ​នៅជប៉ុន​ AP - Ahn Young-joon
ផ្សាយពាណិជ្ជកម្ម

គម្រោង​ជប៉ុន​បង្ហូរ​ទឹក​កាកសំណល់​ចេញពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ៊្វូគូស្ហ៊ីម៉ា​ទៅ​ក្នុង​សមុទ្រ​បាន​បង្ក​ឲ្យ​មតិប្រឆាំងពី​ ប្រទេស​ចិន ​កូរ៉េខាងត្បូង និង​សហគមន៍​អ្នកនេសាទ​ជប៉ុន​នៅ​ហ៊្វូគូស្ហ៊ីម៉ា។ ប៉ុន្តែ នៅថ្ងៃ​សុក្រនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង​អះអាងថា ទៅតាមការសិក្សារបស់ខ្លួន​កាលពីខែ​ឧសភា និង​ដោយយោងទៅលើ​ទិន្នន័យរបាយការណ៍​របស់ទីភ្នាក់ងារថាមពលនុយក្លេអ៊ែរ​អន្តរជាតិ AIEA កូរ៉េខាងត្បូង​យល់ស្រប​ជាមួយរបាយការណ៍របស់​ទីភ្នាក់ងារAIEAដែលជឿថា គម្រោងបង្ហូរទឹករបស់​រដ្ឋាភិបាល​ជប៉ុន ចេញពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊្ហីម៉ា​ទៅក្នុងទឹកសមុទ្រធ្វើឡើងដោយគោរពតាមនិយាមសុវត្ថិភាពអន្តរជាតិ។

​ចិនឯណោះវិញតាមរយៈក្រសួងការបរទេស ដែលដំឡើងសំឡេងប្រឆាំង​ខ្លាំងតាំងពីដំបូងទី បាន​​និយាយថា របាយការណ៍​របស់​ទីភ្នាក់ងារ​ AIEAមិនអាច​ត្រូវ​គេ​យកទៅប្រើធ្វើជាភ្លើងខៀវ​អនុញ្ញាត​ឲ្យគេបង្ហូរទឹកចេញពីរោងចក្រនុយក្លេអ៊ែរ​នៅហ្វូគូស្ហ៊ីម៉ា​ទៅក្នុងទឹកសមុទ្រ។

ដោយ​ព្រមានពីគ្រោះថ្នាក់សារធាតុសកម្ម​ទៅលើ​សុខភាព​មនុស្ស និង​ក្នុង​ហេតុផល​សន្តិសុខជាតិ អាជ្ញាធរ​គយចិន​បាន​ប្រកាស​នៅថ្ងៃ​សុក្រនេះ​ថា អាជ្ញាធរ​នឹងចាត់វិធានតាមដានខ្ពស់ ដូចជា បន្តហាមការនាំចូលផលិតផលចំណីអាហារមកពី​តំបន់​ចំនួន​១០របស់ជប៉ុន ជាពិសេស​ហ្វូគូស្ហ៊ីម៉ា​ដែលចិន​បានអនុវត្ត​១២ឆ្នាំមកហើយ តាំង​ពី​ឆ្នាំ ២០១១ដែលមាន​គ្រោះថ្នាក់ផ្ទុះឆេះរោងចក្រ​នុយក្លេអ៊ែរ​នៅហ្វូគូស្ហ៊ីម៉ា។ ជាមួយវិធានការ​លើកនេះ អាជ្ញាធរគយចិន​នឹង​បង្កើនការត្រួតពិនិត្យ​រកសារធាតុវិទ្យុសកម្មលើផលិតផលចំណីអាហារ​ដែលមានប្រភពចេញមកពីតំបន់ផ្សេងៗទៀត​របស់​ជប៉ុន។ អាជ្ញាធរ​គយចិន​មិនបាន​បញ្ជាក់ប្រភេទទំនិញ និងតំបន់​ដែលអាច​ជាប់ក្នុងបញ្ជីខ្មៅរបស់ខ្លួន ប៉ុន្តែ​មន្រ្តីជប៉ុន​កំពុងបារម្ភថា​ ចិនដែលជា​អ្នកទិញគ្រឿងសមុទ្រ​ច្រើនជាងគេ​របស់ជប៉ុន​ នឹងអាច​ឈប់ទិញគ្រឿងសមុទ្រជប៉ុន​ បន្ទាប់ពី​ជប៉ុន​ចាប់ផ្តើមបង្ហូរទឹកកាកសំណល់​ចេញពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊្ហីម៉ា​ទៅក្នុងទឹកសមុទ្រ​ ដែល​រដ្ឋាភិបាល​ជប៉ុន​គ្រោងធ្វើចាប់ពីរដូវក្តៅឆ្នាំ២០២៣។

នៅក្រោយភ្លើងខៀវ​របស់​ទីភ្នាក់ងារ​ថាមពលនុយក្លេអ៊ែរអន្តរជាតិ អាជ្ញាធរគ្រប់គ្រង​នុយក្លេអ៊ែរ​ជប៉ុនបានសម្រេចនៅថ្ងៃ​សុក្រនេះ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុនអគ្គិសនីជប៉ុន​តិបកូTepco បង្ហូរទឹករាប់លានតោន​ចេញពី​រោងចក្រនុយក្លេអ៊ែរ​ទៅក្នុងទឹកសមុទ្រ។

តាមគម្រោង ទឹកកាកសំណល់ប្រមាណ ១លាន៣សែនតោន ដែលយក​ចេញពីអាងបន្ថយកំដៅម៉ាស៊ីនប្រតិករ (រ៉េអាក់ទ័រ) នុយក្លេអ៊ែរ ឬជា​ទឹក​ភ្លៀង ទឹក​ក្រោម​ដី​នៅ​ទីតាំង​មជ្ឈមណ្ឌល ត្រូវ​ក្រុមហ៊ុន​តិបកូ​បានប្រើប្រាស់ប្រព័ន្ធALPS ដើម្បីដកយកចេញ​សារធាតុវិទ្យុសកម្ម ដោយនៅសល់តែ​សារធាតុ​ទ្រីត្យូម។ មានវត្តមានផ្ទាល់​នៅ​រោងចក្រ​នុយក្លេអ៊ែរ​ហ្វូគូស៊្ហីម៉ា កាលពីថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ ​នាយកទីភ្នាក់ងារ​ AIEA លោក​រ៉ាហ្វាអ៊ែល ហ្រ្គោស៊ី បញ្ជាក់សាជាថ្មីថា ទឹកដែលត្រូវ​បង្ហូរទៅក្នុងសមុទ្រ​គ្មានផលប៉ះពាល់ដល់មនុស្ស និងបរិស្ថាន ព្រោះថា ទឹកទាំងនោះនឹងត្រូវយកទៅបន្សុត បំបែកយកសារធាតុវិទ្យុសកម្មដែលគ្រោះថ្នាក់​ចេញសិន មុននឹងត្រូវ​បង្ហូរចូលបន្តិចម្តងៗទៅក្នុងសមុទ្រ ក្នុងរយៈពេល​​ជាច្រើនឆ្នាំ។ មន្រ្តីរបស់​ទីភ្នាក់ងារ​ AIEAទៀតសោត​នឹង​នៅ ប្រចាំការជាប់នៅ​រោងចក្រហ្វូគូស្ហ៊ីម៉ា ដើម្បីតាមដានរាល់ពេលដែល​ក្រុមហ៊ុន​តិបកូចាក់បង្ហូរទឹកចេញពីរោងចក្រ​ហ្វូគូស្ហ៊ីម៉ា​ទៅក្នុងសមុទ្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ