អានតួអត្ថបទ

ប្រេសិតពិសេសអាមេរិកទទួលបន្ទុកអាកាសធាតុបំពេញទស្សនកិច្ចលើកទី៣ នៅចិន

នៅ​ថ្ងៃ​អាទិត្យ ទី១៦ កក្កដា ប្រេសិត​អាមេរិក​ទទួល​បន្ទុក​សំណុំរឿង​អាកាសធាតុ​លោក​ចន ឃ៊ែរី​ផ្តើម​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ចិន និង​ត្រូវ​ស្ថិត​នៅ​ទីនោះ​រហូត​ដល់​ថ្ងៃ​ពុធ ទី១៩ កក្កដា។ កម្មវត្ថុ និង​មហិច្ឆតា​របស់​លោក​ចន ឃ៊ែរី គឺ​បន្ត​កិច្ចសន្ទនា​ជាមួយ​ចិន​ស្តីពី​បញ្ហាអាកាសធាតុ។ កិច្ចសន្ទនា​មួយ​នេះ​ត្រូវ​បាន​ផ្អាក​តាំង​ពី​ខែ​សីហា ឆ្នាំ ២០២២។ គួរ​បញ្ជាក់​ថា តាំង​ពី​ទទួល​បាន​តំណែង​ជា​ប្រេសិតអាមេរិក​ទទួល​បន្ទុក​អាកាសធាតុ នេះ​ជា​លើកទី៣ ហើយ​ដែល​លោក​ចន ឃ៊ែរី​បាន​ធ្វើ​ដំណើរ​ទៅ​ចិន។

ប្រេសិតពិសេសអាមេរិកទទួលបន្ទុកអាកាសធាតុបំពេញទស្សនកិច្ចលើកទី៣ នៅចិន ក្នុង​ថ្ងៃទី១៦ កក្កដា ២០២៣។
ប្រេសិតពិសេសអាមេរិកទទួលបន្ទុកអាកាសធាតុបំពេញទស្សនកិច្ចលើកទី៣ នៅចិន ក្នុង​ថ្ងៃទី១៦ កក្កដា ២០២៣។ REUTERS/Saul Loeb/Pool
ផ្សាយពាណិជ្ជកម្ម

វត្តមាន​របស់​ប្រេសិត​អាមេរិក​ទទួល​បន្ទុក​អាកាសធាតុ​លោក​ចន ឃ៊ែរី​នៅ​ចិន​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ផែនដី​កំពុង​ទទួល​រង​ផលវិបាក​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ជាមួយ​នឹង​រលកកម្តៅ​នៅ​តាម​តំបន់​ជា​ច្រើន​ក្នុង​លោក។ សូម្បី​តែ​ចិន​ខ្លួន​ឯង​ក៏​បាន​រងគ្រោះ​ដែរ ព្រោះ​តាំង​ពី​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នេះ ក្រុង​ប៉េកាំង​បាន​ស្គាល់​សីតុណ្ហភាព​ក្នុង​រង្វង់ ៤០អង្សារ។ គួរ​បញ្ជាក់​ថា ក្នុង​នាម​ជា​អ្នក​បំពុល​ផែនដី​ខ្លាំង​ជាង​គេ អាមេរិក និង​ចិន​ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី១ និង​ទី២ ក្នុង​លោក​បាន​ខកខាន​មិន​បាន​ជួប​និយាយ​គ្នា​រឿង​អាកាសធាតុ​តាំង​ពី​ខែ​សីហា ឆ្នាំ ២០២២ មក​ម្ល៉េះ។

ក្នុង​ខែ​សីហា ឆ្នាំ ២០២២ ចិន​បាន​ព្យួរ​កិច្ចសន្ទនា​រឿង​អាកាសធាតុ​ជាមួយ​អាមេរិក​ដើម្បី​ប្រឆាំង​នឹង​ទស្សនកិច្ច​នៅ​តៃវ៉ាន់​របស់​លោកស្រី​ណាន់ស៊ី ប៉េឡូស៊ី​ដែល​ពេល​នោះ​ជា​ប្រធាន​សភា​អាមេរិក។ តែ​ឥឡូវ​នេះ បរិយាកាស​ហាក់​ដូច​ជា​ធូរ​ស្រាល​បន្តិច ពិសេស​តាំង​ពី​ក្រោយ​មាន​ទស្សនកិច្ច​បន្តបន្ទាប់​របស់​ថ្នាក់ដឹកនាំ​អាមេរិក​នៅ​ចិន។ បន្ទាប់​ពី​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​អាមេរិក​លោក​អង់តូនី ប៊្លីនកិន​ក្នុង​ខែ​មិថុនា រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​អាមេរិក​លោកស្រី​ចានែត យេលែន​បាន​ទៅ​ចិន​ក្នុង​ខែ​កក្កដា និង​បន្ត​ដោយ​លោក​ចន ឃ៊ែរី​ពេល​នេះ។

រដ្ឋបាល​អាមេរិក​របស់​ប្រធានាធិបតី​លោក​ចូ បៃដិន​យល់​ថា អាកាសធាតុ​ជា​វិស័យ​មួយ​ដែល​មហាអំណាច​ទាំង​ពីរ​អាច​សហការ​គ្នា​ដោយ​រលូន។ អ្វី​ដែល​លោក​ចន ឃ៊ែរី​ត្រូវ​លើក​ទៅ​ជជែក​ជាមួយ​ចិន​រួម​មាន បង្កើន​មហិច្ឆតា​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ការ​អនុវត្តន៍​នូវ​បទប្បញ្ញត្តិ​ស្តីពី​អាកាសធាតុ និង​ប្រឹងប្រែង​ជំរុញ​ឲ្យ​សន្និសីទ​អន្តរជាតិ​ស្តីពី​អាកាសធាតុ COP២៨ ដែល​គ្រោង​រៀបចំ​នៅ​ក្នុង​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​នា​ដំណាច់​ឆ្នាំ ២០២៣ ទទួល​បាន​ជោគជ័យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ