អានតួអត្ថបទ
នយោបាយថៃ

ថៃ៖ លោក ភិថា ​លា​ឈប់​ពីតំណែង​​មេដឹកនាំ​បក្ស​ប្រឆាំង តែ​សន្យាបន្តជ្រោម​ជ្រែង​គណបក្សកាវក្លៃ

«ខ្ញុំ​សូម​ប្រកាស​លាឈប់​ពី​ប្រធាន​គណបក្ស​​ប្រឆាំង​ កាវក្លៃ ដើម្បី​នឹង​បើក​ផ្លូវ​ឲ្យ​អ្ន​កតំណាងរាស្ត្រ​​​ម្នាក់​ផ្សេង ដែល​អាច​មាន​សិទ្ធិបញ្ចេញ​មតិ​បាន​នៅរដ្ឋសភា​ផង និង​​​ធ្វើជា​ប្រធាន​បក្ស​ ប្រឆាំង​ បាន​ផង»។​ នេះ​ជា​ការប្រកាស​ផ្លូវ​ការ​របស់ ​លោក ភិថា លីមចៈរើនរ៉ាត់ ក្នុង​ហ្វេសបុក​។​

លោក ភិថា លីមចៈរើនរ៉ាត់ ប្រកាសលាឈប់ពីតំណែងមេដឹកនាំបក្សប្រឆាំងធំជាងគេ តែសន្យានៅបន្តជីវិតនយោបាយដើម្បីជ្រោមជ្រែងគណបក្សកាវក្លៃ។
លោក ភិថា លីមចៈរើនរ៉ាត់ ប្រកាសលាឈប់ពីតំណែងមេដឹកនាំបក្សប្រឆាំងធំជាងគេ តែសន្យានៅបន្តជីវិតនយោបាយដើម្បីជ្រោមជ្រែងគណបក្សកាវក្លៃ។ AP - Sakchai Lalit
ផ្សាយពាណិជ្ជកម្ម

តាម​ច្បាប់​ជាធរមាន​នៅស្រុក​សៀម តួនាទី​ប្រធាន​បក្ស​ប្រឆាំង​ គឺត្រូវ​ជា​សមាជិក​រដ្ឋសភា។ ​បេក្ខភាព​សមាជិក​រដ្ឋសភា​របស់​លោក ​ភិថា​ ត្រូវ​ ព្យួរ​ចោល​ ព្រោះតែ​​ជាប់​បណ្តឹងជា​ច្រើន​ នៅ​ក្រុម​ប្រឹក្សា​រដ្ឋធម្មនុញ្ញ។​

ការ​លាចុះ​ពី​តំណែង​ប្រធាន​បក្ស​ប្រឆាំង​ នៅពេល​នេះ ត្រូវគេ​មើលឃើញច្បាស់​ថា ដើម្បី​សម្រួលភាព​ជាប់ឃាំង​នយោបាយ ពីព្រោះតែលោក ភិថា ​ជាប់​បណ្តឹង​តាម​ផ្លូវ​ច្បាប់។ បណ្តឹង​សំខាន់ៗ ទី១ ជុំវិញ​ក្រុមហ៊ុន​សារព័ត៌មាន​ ដែល​បើ​តាម​ច្បាប់​ថៃ ហាម​ឃាត់​មិន​ឲ្យ​អ្ន​កតំណាង​រាស្ត្រ​លូកដៃ​ពាក់​ព័ន្ធ​រក​ស៊ី ឬធ្វើ​ជាម្ចាស់​​ក្រុម​ហ៊ុន​កាសែត​ ទេ។ ​ទី២ រូប​លោក​ក៏​ជាប់​បណ្តឹងចោទប្រកាន់​​១ទៀត ​ជុំវិញ​គម្រោងការ​ផ្តួល​រំលំ​របបរាជានិយម។

នៅ​ខែឧសភា គណបក្សកាវក្លៃ​ បាន​ឈ្នះសំឡេងឆ្នោត ​ច្រើន​ជាងគេ ក៏ប៉ុន្តែ លោក ភិថា ត្រូវ​ពួក​​យោធារបបសឹក និង​ក្រុម​អ្នក​អភិរក្ស​និយម រារាំង​ប៉ែង​ជើង​ ​មិន​ឲ្យ​ឡើង​អង្គុយកៅអី​នាយក​រដ្ឋមន្ត្រីថៃ។ នេះ​ក៏ព្រោះតែ​ បន្ទាត់​នយោបាយ​របស់លោក​​ ប៉ះពាល់​គេឯង​ច្រើន​ពេក គឺ​ កែ​ទម្រង់​ស៊ីជម្រៅ​ជ្រៅ ខ្លាំង​ រហូត​ពាក់ព័ន្ធ​នឹង​របប​រាជានិយម​ និង​ប៉ះ​ច្បាប់​ប្រមាថ​ព្រះចេស្តាព្រះរាជា​ ផង។​​

​ទោះបីជា​ប្រកាស​លាឈប់ពីមុខ​តំណែងមេដឹកនាំបក្សប្រឆាំងក្តី តែលោក ភិថា សន្យានៅបន្តជីវិតនយោបាយ និង​ធ្វើ​សកម្មភាព​ផ្សេងៗ​ដើម្បី​ជ្រោមជ្រែងគណបក្សកាវក្លៃ។ អ្នក​នយោបាយ​វ័យ​ ៤៣ ឆ្នាំ​រូបនេះ ​បាន​សូម​ឲ្យ​អ្នក​គាំទ្ររបស់ខ្លួន ​ទៅប្រមូលផ្តុំ​ជុំគ្នា​ នៅកណ្តាលរាជធានីបាំងកក នាថ្ងៃទី២៤កញ្ញា ខាងមុខ​ ដើម្បី​នឹង​សម្រេច​ជ្រើសរើស​មេ​ដឹកនាំ​បក្ស​ប្រឆាំង ​ថ្មី។​

នេះ​ក៏​ស្តែងឲ្យ​ឃើញ​ជាថ្មី​ទៀត​អំពី​​ការ​ផ្លាស់ប្តូរ​វេនគ្នា​ដឹកនាំ​គណ​បក្ស​យ៉ាង​រលូន​​​នៅ​ថៃ​។ នយោបាយ​​វិទូសៀម សាស្ត្រាចារ្យ Thitinan Pongsudhirak នៅសកលវិទ្យាល័យ​ Chulalongkorn បាន​វិភាគប្រាប់​ទីភ្នាក់​ងារ​ព័ត៌មាន​បារាំង AFP ​ថា គណបក្សកាវក្លៃ   មិន​ឈរ​ឱប​ជើងប្រមូលផ្តុំ​​​ជុំវិញតែ​​បុគ្គលម្នាក់​នោះ​ទេ ប៉ុន្តែ​ពួកគេ​រួមសាមគ្គី​​គ្នា ​​ឈរ​នៅលើ​ឧត្តមគតិ​ កែទម្រង់​ផ្លាស់ប្តូរ ដើម្បី​ភាព​ទំនើបជឿនលឿន​របស់​ស្រុក​ថៃ។ ពោលគឺ មិន​បុគ្គលនិយម តែ ជាតិនិយម ក្នុង​ន័យ​ប្រយោជន៍​ជាតិ​រួម​ជាធំ​​​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ