អានតួអត្ថបទ
ចិន-ក្បាលគ្រាប់នុយក្លេអ៊ែរ

មន្ទីរបញ្ចកោន៖ ចិន​បង្កើនក្បាលគ្រាប់នុយក្លេអ៊ែរក្នុងល្បឿន​មួយដ៏លឿន ជាង​ការស្មានទុក​របស់អាមេរិក

ចិន​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដែល​អាចប្រើប្រាស់​បាន​ភ្លាម ច្រើនជាង​៥០០គ្រាប់ និងអាច​មានច្រើនជាង​១០០០គ្រាប់ នៅ​ឆ្នាំ​២០៣០។ នេះបើ​តាមរបាយការណ៍ប្រចាំឆ្នាំ​ស្តីពី​កងទ័ពចិន ដែល​មន្ទីរបញ្ចកោន​ចេញផ្សាយ​កាលពីថ្ងៃ​ព្រហស្បតិ៍ទី ១៩​តុលា ២០២៣។ តាម​របាយការណ៍​របស់​មន្ទីរបញ្ចកោន ដោយ​ដើរតាម​មហិច្ឆតាយោធា​របស់​លោកប្រធានាធិបតីស៊ី ជីនពីង ចិន​បាន​អភិវឌ្ឍ​អាវុធនុយក្លេអ៊ែរ​របស់ខ្លួន​ក្នុងល្បឿនមួយដ៏លឿន ជាងការគិត ប៉ាន់ស្មានទុក​របស់​អាមេរិក។

មីស៊ីលអន្តរទ្វីបបំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែរដែលចិន​បង្ហាញ​នៅក្នុង​ខួប​៧០ឆ្នាំ​នៃការបង្កើតបក្សកុម្មុយនិស្ត​​ នៅទីក្រុង​ប៉េកាំង​ឆ្នាំ ២០១៩
មីស៊ីលអន្តរទ្វីបបំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែរដែលចិន​បង្ហាញ​នៅក្នុង​ខួប​៧០ឆ្នាំ​នៃការបង្កើតបក្សកុម្មុយនិស្ត​​ នៅទីក្រុង​ប៉េកាំង​ឆ្នាំ ២០១៩ AP - Mark Schiefelbein
ផ្សាយពាណិជ្ជកម្ម

តាម​ការវាយតម្លៃ​របស់​អាមេរិក ចិន​មានក្បាលគ្រាប់នុយក្លេអ៊ែរ​ដែលមានសក្តានុពល អាច​ប្រើប្រាស់​បានភ្លាម ច្រើនជាង ៥០០គ្រាប់ គិតត្រឹម​ខែ​ឧសភា ឆ្នាំ​២០២៣ និងអាច​ច្រើនជាង ១ពាន់​គ្រាប់នៅ​ឆ្នាំ​២០៣០។ តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួងការពារ​ជាតិ​អាមេរិក ចិន​បានអភិវឌ្ឍ​បង្កើន​ចំនួនក្បាល​គ្រាប់​នុយក្លេអ៊ែរ​ក្នុងល្បឿន​ដ៏លឿន ជាងការប៉ាន់ស្មានទុក​របស់​អាមេរិក។

នៅក្នុង​របាយការណ៍​ចេញផ្សាយ​កាលពីខែ មិថុនា​កន្លងទៅ វិទ្យាស្ថាន​អន្តរជាតិស្រាវជ្រាវ​សន្តិភាព Sipri​នៅស្តុកខូមផ្ទាល់​ទទួលស្គាល់​ថា បើប្រៀបធៀប​នឹង​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ ចិន​បាន​បង្កើន​ចំនួន​ស្តុកក្បាល​គ្រាប់នុយក្លេអ៊ែរ​ច្រើនជាងគេ។ ជាក់ស្តែង ក្នុងរយៈពេល​តែមួយ ឆ្នាំ ពី​ឆ្នាំ ២០២២ ដល់​ឆ្នាំ ២០២៣ ក្បាលគ្រាប់នុយក្លេអ៊ែរ​របស់​ចិន​បាន​កើនពី ៣៥០គ្រាប់ ទៅ ៤១០គ្រាប់។ ដោយផ្ទៀងផ្ទាត់ជាមួយតួលេខ​ក្នុង​របាយការណ៍​របស់​វិទ្យាស្ថាន​Sipri គេ​អាច​និយាយ​បាន​ថា ចិន​បាន​ផលិត​ក្បាល​គ្រាប់នុយក្លេអ៊ែរ​យ៉ាងតិច ៦០គ្រាប់ ក្នុង​រយៈពេល​តែ​៦ខែ​ដើមឆ្នាំនេះ។

នៅចុងឆ្នាំមុន មន្ទីរបញ្ចកោនធ្លាប់​ព្យាករថា ចិននឹងអាច​មានក្បាលគ្រាប់នុយក្លេអ៊ែរ​ដែលអាចប្រើប្រាស់បានភ្លាមៗ ដល់​ទៅ​ជាង ១៥០០គ្រាប់ នៅ​ឆ្នាំ ២០៣៥។ ប៉ុន្តែ ដោយមើលទៅមហិច្ឆតាពង្រីកដែនឥទ្ធិពល​យោធា​របស់ប្រធានាធិបតី​ចិន ចំនួន​ក្បាលគ្រាប់នុយក្លេអ៊ែរ​របស់​ចិន​នឹង​អាច​កើនឡើង​ច្រើនជាង ការព្យាករ​របស់​អាមេរិក។

ក្រៅពី​បង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ របាយការណ៍​របស់​ក្រសួងការពារជាតិ​អាមេរិក​បង្ហាញថា ចិន​កំពុង​ព្យាយាម​អភិវឌ្ឍ​សមត្ថភាព​ប្រព័ន្ធ​បាញ់​បញ្ចេញ​ក្បាលគ្រាប់នុយក្លេអ៊ែរ​ដូចជា​ប្រព័ន្ធ​បាញ់ចេញពីលើដី ក្នុងអាកាស និងពីក្នុងទឹក។ កងទ័ពអាមេរិក​ជឿដែរថា នាពេលឆាប់ៗ​ខាងមុខ ចិន​នឹង​អាច​បញ្ចប់ការសាងសង់​ជើងទ្រ ជាង៣០០ ដែលមានសមត្ថភាព​បាញ់​មីស៊ីល​អន្តរទ្វីប បំពាក់ដោយ​ក្បាលគ្រាប់នុយក្លេអ៊ែរ។

តាម​អាមេរិក ជាមួយ​នឹង​ការបង្កើន​ក្បាលគ្រាប់​នុយក្លេអ៊ែរ​ដែល​អាច​ប្រើប្រាស់បាន​ភ្លាមៗ  ចិន​ក៏កំពុងក្លាយ​ជា​មហាអំណាច​យោធា​ដែលមាន​កងទ័ពជើងទឹកច្រើនជាងបំផុត​នៅក្នុង​ពិភពលោក។ អាមេរិកផ្ទាល់​មិនលាក់លៀម​ការព្រួយបារម្ភរបស់ខ្លួន​នៅចំពោះមុខ​ការបង្កើន​ចំនួន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់ចិន ដែលអាមេរិក​ចាត់ទុកថា លើសពីចំនួន​ដែលចិនធ្លាប់អះអាងត្រូវការ​សម្រាប់ការពារ​ខ្លួន។

ប៉ុន្តែ បើមើល​ទៅលើ​តួលេខ​ស្តីពី​ចំនួន​ក្បាលគ្រាប់​នុយក្លេអ៊ែរ​ នៅក្នុង​ពិភពលោក ដែល​វិទ្យាស្ថាន​អន្តរជាតិស្រាវជ្រាវ​សន្តិភាព Sipri​ចេញផ្សាយ​កាលពីខែ​មិថុនា ចំនួន​ក្បាលគ្រាប់នុយក្លេអ៊ែរ​របស់​ចិន​នៅតែ​តិចជាង​ឆ្ងាយណាស់ បើប្រៀបធៀប​នឹង​រុស្ស៊ី ដែល​នាំមុខគេ បន្ទាប់​មក គឺ​អាមេរិក។ តាម​របាយការណ៍​របស់វិទ្យាស្ថានSipri ក្នុងទីក្រុង​ស្តុកខូម ចំនួន​ក្បាលគ្រាប់នុយក្លេអ៊ែររបស់ក្រុមប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​ទាំង​៩ ក្នុងពិភពលោក ដូចជា អាមេរិក ចិន រុស្ស៊ី អង់គ្លេស​បារាំង ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និង​ចុងក្រោយ​កូរ៉េខាងជើង​បូកសរុបចូលគ្នា មាន​ប្រមាណ ១២៥១២គ្រាប់ គិតត្រឹម​ដើមឆ្នាំ ២០២៣។ នៅក្នុង​ស្តុករបស់ខ្លួន អាមេរិក មាន​ក្បាលគ្រាប់នុយក្លេអ៊ែរ ចំនួន ៣៧០០គ្រាប់ ដែល​នៅ​ក្នុង​នោះ​មាន ប្រមាណ ១៤៩០​ជា​ក្បាល​គ្រាប់នុយក្លេអ៊ែរ​យុទ្ធសាស្រ្ត​ដែលត្រូវបានគេដាក់ពង្រាយរួចហើយ ចំណែក​រុស្ស៊ី ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែររបស់ខ្លួន​ចំនួន ១៥៥០ ពី​ក្នុង​ស្តុកក្បាលគ្រាប់នុយក្លេអ៊ែរ​សរុប ប្រមាណ ៤៤៨៩គ្រាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ