អានតួអត្ថបទ

G៧ ចង្អុលមុខរុស្ស៊ី និងចិនពីបទបានរំលោភបំពានលើច្បាប់ពាណិជ្ជកម្មអន្តរជាតិ

ថ្ងៃ​អាទិត្យ ទី២៩ តុលា​ជា​ថ្ងៃទី២ និង​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​នៃ​ក្រុម​ប្រទេស G៧ ក្នុង​ក្រុង​អូសាកា ប្រទេស​ជប៉ុន។ នៅ​ក្នុង​កិច្ចប្រជុំ​រយៈពេល ២ថ្ងៃ G៧ បាន​លើក​យក​ប្រធានបទ​ជា​ច្រើន​ទៅ​ជជែក ក្នុង​នោះ​ក៏​បាន​សម្តែង​ក្តីបារម្ភ​ពី​ស្ថានភាព​នៅ​តំបន់​ដើមបូព៌ា ពិសេស​ផលវិបាក​កើត​ចេញ​ពី​សង្រ្គាម​រវាង​អ៊ីស្រាអែល និង​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស​ដែរ។

G៧ ចង្អុលមុខរុស្ស៊ី និងចិនពីបទបានរំលោភបំពានលើច្បាប់ពាណិជ្ជកម្មអន្តរជាតិ។ ថ្ងៃទី២៩ តុលា ២០២៣
G៧ ចង្អុលមុខរុស្ស៊ី និងចិនពីបទបានរំលោភបំពានលើច្បាប់ពាណិជ្ជកម្មអន្តរជាតិ។ ថ្ងៃទី២៩ តុលា ២០២៣ AP
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម​អន្តរជាតិ​ត្រូវ​បាន​ G៧ គូសបញ្ជាក់​ពី​ភាព​ចាំ​បាច់​ជា​មូលដ្ឋាន​នៃ​ការ​ប្រកួតប្រជែង​ស្មើ​ភាព និង​សារៈសំខាន់​នៃ​ប្រព័ន្ធ​ពាណិជ្ជកម្ម​សេរី និង​យុត្តិធម៌​ដោយ​ផ្អែក​លើ​នីតិរដ្ឋ។ G៧ បាន​សម្តែង​ការ​សោកស្តាយ និង​ថ្កោលទោស​រុស្ស៊ី​ពី​បទ​បាន​វាយប្រហារ​កម្ទេច​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ការ​នាំ​ចេញ​គ្រាប់ធញ្ញជាតិ​អ៊ុយក្រែន ក្រោយ​ពី​រុស្ស៊ី​បាន​បដិសេធ​មិន​បន្ត​កិច្ចព្រមព្រៀង​ដែល​អនុញ្ញាត​ឲ្យ​អ៊ុយក្រែន​នាំ​ចេញ​គ្រាប់ធញ្ញជាតិ​របស់​ខ្លួន។ បន្ទាប់​មក G៧ ក៏​បាន​ស្នើ​ឲ្យ​លុប​ចោល​ជា​បន្ទាន់​នូវ​រាល់​វិធានការ​ណា​ដែល​រឹតបន្តឹង​ពាណិជ្ជកម្ម ពិសេស​ការ​នាំ​ចូល​គ្រឿង​សមុទ្រ​ពី​ជប៉ុន។

ទោះ​បី​ជា G៧ មិន​បាន​លើក​ចំ​ឈ្មោះ​ប្រទេស​ណា​ក៏​ដោយ​ក៏​គេ​ដឹង​ថា រុស្ស៊ី និង​ចិន​ជា​ផ្ទាំងស៊ីប ព្រោះ​ថ្មីៗ​កន្លង​ទៅ​នេះ ចិន និង​រុស្ស៊ី​បាន​ព្យួរ​ការ​នាំ​ចូល​គ្រឿង​សមុទ្រ​ពី​ជប៉ុន​បន្ទាប់​ពី​ជប៉ុន​បាន​សម្រេច​បង្ហូរ​ទឹក​ពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ៊្វូគូស្ហ៊ីម៉ា​ចូល​សមុទ្រ។ G៧ យល់​ថា វា​ពិត​ជា​សំខាន់​ដែល​វិធានការ​រឹតបន្តឹង​ការ​នាំ​ចូល​ចំណីអាហារ​ត្រូវ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ទិន្នន័យ​វិទ្យាសាស្រ្ត និង​ការ​គោរព​ច្បាប់​អន្តរជាតិ​ត្រឹមត្រូវ។ បន្ទាប់​មក G៧ បាន​បញ្ជាក់​ពី​ការ​ចង់​កាត់​បន្ថយ​ការ​ពឹង​លើ​ការ​នាំ​ចូល​ពី​ប្រទេស​ផ្សេង ពិសេស​ពី​ចិន និង​រុស្ស៊ី។ នៅ​ក្នុង​ន័យ​នេះ G៧ ចង់​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ខ្លួន​ឯង​ដើម្បី​បំពាក់​នូវ​សង្វាក់​ផ្គត់ផ្គង់​ដែល​ធន់ និង​ថេរ​សម្រាប់​ផលិតផល​សំខាន់​មួយ​ចំនួន ដូច​ជា​រ៉ែយុទ្ធសាស្រ្ត សឺមីកុងឌុចទ័រ និង​អាគុយ។

ក្រៅ​ពី​នេះ កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ពាណិជ្ជកម្ម G៧ ក៏​បាន​ជជែក​ពី​សន្តិសុខស្បៀង ការ​ប្រែប្រួលអាកាសធាតុ និង​កំណែទម្រង់​អង្គការពាណិជ្ជកម្មពិភពលោក។ តែ G៧ មិន​ភ្លេច​និយាយ​ពី​ស្ថានភាព​នៅ​តំបន់​ដើមបូព៌ា ពិសេស​ផលវិបាក​ដែល​កើត​ចេញ​សង្រ្គាម​រវាង​អ៊ីស្រាអែល និង​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស។ ប្រធានរឿង​មួយ​នេះ​មិន​ត្រូវ​បាន G៧ ដាក់​បញ្ចូល​ទៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​របស់​ខ្លួន​ទេ។ តែ​ប្រមុខ​ការទូត​ជប៉ុន​លោកស្រី​យ៉ូកូ កាមីកាវ៉ា​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​ថា មាន​ការ​ព្រួយបារម្ភ​ពី​កំណើន​ថែម​ទៀត​នៃ​ភាព​មិន​ប្រាកដប្រជា​ដោយសារ​ស្ថានភាព​ថ្មីៗ​នៅ​អ៊ីស្រាអែល និង​នៅ​ប៉ាឡេស្ទីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ