អានតួអត្ថបទ
កូរ៉េខាងជើង-កូរ៉េខាងត្បូង

កូរ៉េខាងត្បូង​ប្រជែងបាញ់បង្ហោះផ្កាយរណបចារកម្ម មិនឲ្យចាញ់​កូរ៉េខាងជើង

ជិត​២សប្តាហ៍ក្រោយ កូរ៉េខាងជើង​បាញ់បង្ហោះ​ផ្កាយរណប​ចារកិច្ច កូរ៉េខាងត្បូង​បាន​អះអាងថា ខ្លួន​ក៏បានជោគជ័យ ក្នុងការបាញ់បញ្ជូន​ផ្កាយរណបស៊ើបការណ៍យោធា ទៅក្នុង​គន្លងតារាវិថី ដែរ នៅថ្ងៃ​សៅរ៍ទី ២​ធ្នូ។ នៅថ្ងៃដដែលនេះ ព្យុងយ៉ាង​គំរាមបាញ់ទម្លាក់​ផ្កាយរណបចារកិច្ចអាមេរិក ក្នុងករណី​ដែល​ផ្កាយរណប​របស់ខ្លួន​រង​ការវាយប្រហារ។

រូបភាពរបស់​ក្រុមហ៊ុន​Space Xបង្ហាញរ៉ូក្កែត​ដែលនាំផ្កាយរណបចារកម្មរបស់កូរ៉េខាងត្បូង​ទៅក្នុងគន្លងតារាវិថី​នៅថ្ងៃសុក្រ​ទី ១​ធ្នូ នៅ​ទីតាំងបាញ់បង្ហោះក្នុងរដ្ឋ​California
រូបភាពរបស់​ក្រុមហ៊ុន​Space Xបង្ហាញរ៉ូក្កែត​ដែលនាំផ្កាយរណបចារកម្មរបស់កូរ៉េខាងត្បូង​ទៅក្នុងគន្លងតារាវិថី​នៅថ្ងៃសុក្រ​ទី ១​ធ្នូ នៅ​ទីតាំងបាញ់បង្ហោះក្នុងរដ្ឋ​California AP
ផ្សាយពាណិជ្ជកម្ម

ជាប្រទេសដែលឈានមុខខាងផ្នែកបច្ចេកវិទ្យា កូរ៉េខាងត្បូងតាំងខ្លួន​មិន​ឲ្យ​ចាញ់​បងប្អូនសត្រូវ​កូរ៉េខាងជើង។ ជិត​២​សប្តាហ៍​ក្រោយ​ពី កូរ៉េខាងជើង​បាញ់​បង្ហោះ​បាន​សម្រេច ផ្កាយរណប​ស៊ើបការណ៍សម្ងាត់យោធា កូរ៉េខាងត្បូង​បាន​ប្រកាស​ថា ខ្លួន​បាន​បញ្ជូន​ដោយ​ជោគជ័យ ផ្កាយរណប​ចារកិច្ច​ទៅ​ក្នុង​ទីអវកាស។

បើតាម​ក្រុមហ៊ុន​Space X ដែល​ជា​អ្នកទទួល​បន្ទុក​បាញ់បង្ហោះ​ផ្កាយរណបរបស់​កូរ៉េខាងត្បូង រ៉ូក្កែត​Falcon 9 ដែល​មាន​ដឹក​ផ្កាយរណប​ចារកិច្ច​របស់​កូរ៉េខាងត្បូង និង​ផ្កាយរណប​របស់អតិថិជន​មួយចំនួន​ផ្សេងទៀត ត្រូវបាញ់​ចេញ​ពី​ទីតាំង​បាញ់បង្ហោះVandenberg  ក្នុង​រដ្ឋ​កាលីហ្វ័នីញ៉ា នៅ​ព្រឹក​ថ្ងៃ​សុក្រ ដែលត្រូវនឹង​ម៉ោង​៣ភ្លឺ ម៉ោង​នៅ​សេអ៊ូល។

ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​អះអាងថា នៅតែ​១១​នាទី​ក្រោយ​បំបែកខ្លួន​ចេញ​ពី​រ៉ូក្កែត ផ្កាយរណប​ចារកម្ម​យោធា​បាន​ចូលទៅក្នុង​គន្លងតារាវីថី និងអាច​ដំណើរការ​ទាក់ទងភ្លាមៗ​ជាមួយ​មណ្ឌលត្រួតពិនិត្យ​នៅលើដី។ កូរ៉េខាងត្បូង​បញ្ជូន​ផ្កាយរណបចារកម្មទៅក្នុងទីអវកាស​ដើម្បី​តាមដាន​សកម្មភាព​យោធា​របស់​កូរ៉េខាងជើង ដែលមាន​អាវុធ​នុយក្លេអ៊ែរ។

យោងតាម​អ្នកទទួលខុសត្រូវ​ម្នាក់​របស់​ក្រសួងការពារ​ជាតិកូរ៉េខាងត្បូង ដែលស្រង់សំដីដោយ​ទីភ្នាក់ងារព័ត៌មាន​កូរ៉េខាងត្បូង យុនហាប់ ​ ផ្កាយរណប​ចារកម្ម​មាន​សមត្ថភាព​ចាប់ និង​ថតបាន​ច្បាស់ សូម្បីវត្ថុដ៏​តូច ទំហំ​៣០​សង់ទីម៉ែត្រ។

កន្លងមក ដើម្បី​តាមដាន​សកម្មភាពរបស់​ព្យុងយ៉ាង សេអ៊ូលត្រូវ​ពឹងផ្អែក​ច្រើន​ទៅលើ​ផ្កាយរណបស៊ើបការណ៍កងទ័ព​របស់​សម្ព័ន្ធមិត្ត​អាមេរិក។ តាម​ការពន្យល់​របស់​សាស្រា្តចារ្យ​Choi Gi-il នៅ​សកលវិទ្យាល័យ​Sangji ទោះ​ធ្លាប់​ឈានមុខ​នៅក្នុង​កម្មវិធី​ផ្កាយរណបយោធា ផ្ទុយទៅវិញ កូរ៉េខាងត្បូងនៅ​មាន​សកម្មភាព​មាន​កម្រិត​ខាង​ផ្កាយរណប​ចារកម្ម។ ប៉ុន្តែ នៅក្រោយ របបកុម្មុយនិស្ត​ព្យុងយ៉ាង ជោគជ័យ ក្នុងការបាញ់បង្ហោះ​ផ្កាយរណប​ចារកម្ម កាលពីខែ​វិច្ឆិកា​កន្លងទៅ រដ្ឋាភិបាល​សេអ៊ូល​ត្រូវបាញ់​បង្ហោះ​ផ្កាយរណប​ចារកម្ម ដើម្បី​បង្ហាញ​ថា ខ្លួន​ក៏មាន​សមត្ថភាព​នឹង​គេដែរ។

កូរ៉េខាងជើង​ឯណោះ​វិញ អះអាងថា ចាប់តាំង​ពី​បញ្ជូន​ដោយ​ជោគជ័យ​ផ្កាយរណប​ចារកម្ម​ ទៅក្នុង​គន្លងតារាវិថី ខ្លួនអាច​តាមដានមើលមូលដ្ឋាន​យោធា​របស់កូរ៉េខាងត្បូង និង​អាមេរិក ជាពិសេស​មូលដ្ឋាន​កងទ័ពអាមេរិក​នៅ​លើ​កោះ Guam នៅ មហាសមុទ្រ​ប៉ាស៊ីហ្វិក។ កូរ៉េខាងត្បូង​ធ្លាប់​បញ្ជាក់ថា រុស្ស៊ី​បានចូលរួមផ្នែកបច្ចេកវិទ្យា ដើម្បីជួយជំរុញ​ឲ្យកូរ៉េខាងជើង​បាញ់បញ្ជូន​បាន​សម្រេច​ផ្កាយរណបចារកម្ម​លើកនេះ។

នៅ​សប្តាហ៍នេះ អ្នកនាំពាក្យ​របស់​ទីបញ្ជាការដ្ឋាន​អវកាស​អាមេរិក លោក Sheryll Klinkel បាន​និយាយ​ប្រាប់​អ្នកកាសែត​ថា អាមេរិក​មាន​មធ្យោបាយគ្រប់បែបយ៉ាង ​ដើម្បី​រារាំង​កុំ​ឲ្យ​សត្រូវ​មានសមត្ថភាព​អវកាស មកគំរាមកំហែង​អាមេរិក។ ប៉ុន្តែ អ្នកនាំពាក្យ​របស់ក្រសួងការពារជាតិកូរ៉េខាងជើង ដែលដកស្រង់សំដី​ដោយ​ទីភ្នាក់ងារ​KCNA  បាន​ព្រមានអាមេរិក​ពីការប្រកាស​សង្រ្គាម បើសិន​អាមេរិក​ហ៊ាន​វាយប្រហារ​រាល់​វត្ថុ​របស់​កូរ៉េខាងជើង ក្នុង​ទី​អវកាស។ កូរ៉េខាងជើង​គំរាមផងដែរ ថា នឹង​បាញ់​បំផ្លាញ ផ្កាយរណប​ចារកម្ម​របស់អាមេរិក ក្នុងករណី​ដែលអាមេរិកធ្វើសកម្មយោធា​ប្រឆាំង ផ្កាយរណបរបស់កូរ៉េខាងជើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ