អានតួអត្ថបទ

ជប៉ុន ចង់​សហការជាមួយ​អាស៊ាន​ ដើម្បី​​ផលិត​រថយន្ត​សម្រាប់​នាំចេញ​ទៅកាន់​ពិភពលោក

រាជរដ្ឋាភិបា​លជប៉ុន​ ​​អញ្ជើញ​ថ្នាក់ដឹកនាំ​អាស៊ាន​​ ចូលរួម​កិច្ច​ប្រជុំ​កំពូល ចំនួន​៣ថ្ងៃ នៅរាជធានីតូក្យូ​ ក្នុង​ឱកាសអបអរ​​រំឭក​ខួប​ទំនាក់ទំនងស្ពាន​មេត្រីទូត​ ៥០ឆ្នាំ រវាង​​ជប៉ុន​-អាស៊ាន​។​  ក្នុងពេល​ទទួល​ទាន​អាហារល្ងាច​រួមគ្នា​ នាយករដ្ឋមន្ត្រី​ជប៉ុ​ន ហ្វូមីអូ គីស៊ីដា បាន​បង្ហើប​ពី​គម្រោង​ផ្តួច​ផ្តើម​ចង់​វិនិយោគទុន​វិស័យឧស្សាហកម្ម​​ផលិត​រថយន្ត ​​ក្នុង​តំបន់​អាស៊ាន និង​ចាត់ទុកថា អាស៊ាន​ ជាតំបន់មាន​​សក្កានុពលខ្ពស់​ ហើយនិង​​ចង់​យក​អាស៊ាន​ជា​មជ្ឈមណ្ឌល​ផលិត​រថយន្ត​សម្រាប់​នាំចេញ​ទៅកាន់​ពិភពលោក។​ ក្រៅពី​សំណុំ​រឿង​រក​ស៊ីជួញដូរ​​ ប្រធានបទក្តៅ​នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ គឺ​​កិច្ចសហការសន្តិសុខផ្លូវ​សមុទ្រនិងបញ្ហា​​​អាកាសធាតុ​។​

ជប៉ុន ជា​ប្រធានដឹកនាំអង្គប្រជុំកំពូល​ ជប៉ុន - អាស៊ាន​ នៅ​តូក្យូ។​
ជប៉ុន ជា​ប្រធានដឹកនាំអង្គប្រជុំកំពូល​ ជប៉ុន - អាស៊ាន​ នៅ​តូក្យូ។​ via REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

នៅក្រុង​តូក្យូ ចុង​សប្តាហ៍នេះ ថ្នាក់ដឹកនាំជប៉ុន និង ​អាស៊ាន​ យល់​ព្រម​សហការគ្នា​លើវិស័យ​ជាច្រើន រាប់​ចាប់តាំង​ពីវិស័យ​អាកាសធាតុ ថាមពល​ រ៉ែកម្រ ផ្លូវ​អាកាស​ បញ្ញាសិប្បនិម្មិត និង​ សុវត្ថិភាព​សន្តិសុខ​ព័ត៌មាន​វិទ្យា​។ បន្ថែមពីនេះ ប្រធាន​បទ​សំខាន់​ ដែល​នាយករដ្ឋមន្ត្រីជប៉ុន លើកឡើង​ក្នុង​សុន្ទរកថា​ខ្លី​ នា​ពេល​លៀង​អាហារល្ងាច គឺ ឧស្សាហកម្ម​ផលិត​រថយន្ត។ ប្រមុខរដ្ឋាភិបាល​ក្រុង​តូក្យូ លោក​ ហ្វូមីអូ គីស៊ីដា បាន​ថ្លែង​​​ថា ​ថ្នាក់​ដឹកនាំជប៉ុន-អាស៊ាន​ ​នឹង​ប្រកាស​​​គម្រោង​គំនិត​ផ្តួច​ផ្តើម​ ស្តីពី​ ឧស្សាហកម្ម​ផលិត​រថយន្ត​ជាន់​ថ្មី ហើយ អាស៊ាន នឹងក្លាយ​​ជា​មជ្ឈមណ្ឌល​ផលិត​រថយន្ត​លំដាប់​ពិភពលោក និងផលិត​រថយន្ត​សម្រាប់​នាំចេញ​​។​

មួយ​​វិញទៀត នៅថ្ងៃ​ច័ន្ទ ទី​១៨ធ្នូ​ ជប៉ុន​នឹងត្រូវ​​ធ្វើ​ជាប្រធាន​អង្គប្រជុំ​ ​​ផ្តោត​សារៈ​សំខាន់អំពី​បញ្ហា​​បរិស្ថាន​អាកាសធាតុ ដើម្បីរក​មធ្យោបាយ​កាត់​បន្ថយ​ធ្យូងថ្ម ដែល​ ជប៉ុនម្ចាស់ផ្ទះ ជាអ្នក​​ផ្តួច​ផ្តើម និងបាន​ឲ្យ​ឈ្មោះថា «អាស៊ាន​ សហគមន៍​មិន​បញ្ចេញ​ផ្សែង​ពុល»។ បើ​​​តាម​គម្រោង គឺ​ នាយករដ្ឋមន្ត្រី​អូស្ត្រាលី អង់តូនី អាល់បានីស៊ី ​ក៏​នឹង​ចូល​រួម​ប្រជុំ​ដែរ តាមរយៈ​វីដេអូពីចម្ងាយ។​​​

ក្រៅពី​ប្រធាន​សំខាន់​ៗទាំងនេះ គឺសំណុំ​រឿង «សន្តិសុខ​​ផ្លូវ​សមុទ្រ» ជា​ប្រធាន​បទ​ចម្បង​ ដែល ​ជប៉ុន ចាត់ទុកថា​នេះ​ជា​​«បញ្ហា​រួម​»​ និងជាក្តី​កង្វល់​រួមរបស់រដ្ឋបាល​ក្រុង​តូក្យូ​។ រដ្ឋបាល​ក្រុង​តូក្យូ ក៏​មាន​បញ្ហា​ផ្លូវ​សមុទ្រ​ជាមួយ​មហាយក្ស​ចិន ដូចរដ្ឋ​​សមាជិកអាស៊ានមួយ​ចំនួន​ដែរ។ ដូច្នេះហើយ ទើប​ភាគី​ ​ជប៉ុន​ និង​ ​អាស៊ា​ន ​បាន​យកចិត្តទុក​ដាក់ជាពិសេស​អំពី​ការ​​ពង្រឹង​កិច្ចសហ​ការ​ផ្នែក​​​សន្តិសុខ​​​ផ្លូវ​សមុទ្រ​។ ក្នុង​បញ្ហា​នេះដែរ​ ​នៅថ្ងៃ​សៅរ៍ ​ នាយករដ្ឋមន្ត្រីជប៉ុន លោក​ ហ្វូមីអូ គីស៊ីដា ​និង នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ​លោក អានវ៉ា អ៊ីប្រាហ៊ីម បាន​ពិភាក្សា​គ្នា ហើយ​ភាគី​ទាំងពីរ​បាន​សម្រេច​​រឹត​ចំណង​ដៃ​គូ​សហការជាយុទ្ធសាស្ត្រ។ រដ្ឋបាល​ក្រុង​តូក្យូ​ ក៏​បាន​សម្រេច​ផ្តល់​កញ្ចប់​ថវិកា​ចំនួន ៤០០ លាន​យ៉េន (ស្មើ​នឹង​២,៨លាន​ដុល្លារ) ដល់​រដ្ឋបាល​ក្រុង​កូឡាឡាំពួរ ​ដើម្បីទិញឧបករណ៍​ប្រកាសអាសន្ន​និង​​គ្រឿង​សម្ភារៈ​ត្រួតពិនិត្យ​​តាម​ដានសន្តិសុខ​ផ្លូវ​សមុទ្រ​ ​។

​ចំណែកហ្វីលីពីន ប្រធានាធិបតី​  ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រ ក៏​អញ្ជើញ​ទៅតូក្យូ​​ដោយ​ផ្ទាល់ និង​បាន​ផ្តល់​បទសម្ភាស​ទៅ​កាន់​ទូរទស្សន៍​ជប៉ុន NHK នៅថ្ងៃអាទិត្យ​។ ក្នុងបទសម្ភាស​នោះ ប្រមុខ​រដ្ឋ​ហ្វីលីពីន​ បាន​ចាត់ទុកថា ស្ថានភាព​សមុទ្រ​ចិន​ខាង​ត្បូង កំពុងតែ​រីកបញ្ហាធំ​ឡើងៗ ហើយ​កាន់តែ​ស្មុកស្មាញខ្លាំង​។​ បើតាម​កាសែត​ក្នុង​ស្រុក​ គឺ​ ជប៉ុន ​និង ​ហ្វីលីពីន ​ជជែក​គ្នា​​ជុំវិញ​កិច្ចព្រមព្រៀង​វិស័យ​សន្តិសុខយោធា​ ដែល​អនុញ្ញាត​អាច​ឲ្យ រដ្ឋបាល​តូក្យូ និង​ម៉ានីល ​បោះទីតាំង​មូលដ្ឋាន​ទ័ព​ នៅ​ក្នុង​ប្រទេស​ទាំងពីរ​ទៅវិញទៅមក។​ គួរ​រំឭកថា កាលពី​ខែ​វិច្ឆិកា ជប៉ុន​បាន​យល់ព្រម​ផ្តល់​ប្រព័ន្ធ​ការពារ​ដល់ហ្វីលីពីន ហើយ​ថែមទាំង​ជួយ​សម្ភារៈ​ផ្សេងទៀត​សម្រាប់​បំពាក់​នាវា​ហ្វីលីពីន​និង​ក្រុម​ឆ្មាំ​សមុទ្រ។​

ទន្ទឹម​នឹង​គ្នា​នេះ ពីថ្ងៃអាទិត្យ លោក​ ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន មានប្រសាសន៍​ថា ខណៈ​ពេល​ដែល​ពិភពលោក​កំពុងតែ​ប្រទាញប្រទង់​និង​បែងចែក​បក្សពួកនៅក្នុង​សំណុំ​បញ្ហាជម្លោះ​ផ្សេងៗគ្នា ប៉ុន្តែ ជប៉ុន​ នឹងនៅ​ជាមួយ​អាស៊ាន​ជានិច្ច​ ដើម្បីជំរុញ​ឲ្យ​តំបន់សមុទ្រ​​អាស៊ីប៉ាស៊ីហ្វិក ​មានភាព​«សេរី និង​បើកចំហ»​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ