អានតួអត្ថបទ
តៃវ៉ាន់់-បោះឆ្នោត

“ទំនាក់ទំនង​ជាមួយ​​ចិន” ក្លាយ​ជា​ប្រធានបទ​ក្តៅ​​នៃការ​តស៊ូ​មតិ​របស់​បេក្ខជន​ប្រធានាធិបតី​តៃវ៉ាន់

នៅពីរ​សប្តាហ៍​ទៀតគឺ​នៅថ្ងៃទី ១៣​មករា តៃវ៉ាន់​ត្រូវ​​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​និង​សមាជិក​សភា​ថ្មី។ ជាការ​បោះឆ្នោត​ដ៏​សំខាន់​សម្រាប់​កោះ​ប្រជាធិបតេយ្យ​តៃវ៉ាន់ដែល​មាន​បេក្ខជន​មក​ពី​គណបក្ស​បី​កំពុង​ប្រជែងគ្នា។ នៅ​ថ្ងៃសៅរ៍​នេះ បេក្ខជន​ប្រធានាធិបតី​បាន​ជួប​តស៊ូ​មតិគ្នា​តាមកញ្ចក់​ទូរទស្សន៍​ជុំ​វិញ​ប្រធានបទ​ស្នូល​មួយគឺ​ទំនាក់ទំនង​ជាមួយ​ចិន។

បេក្ខជនប្រធានាធិបតី​តៃវ៉ាន់ ពេល​តស៊៊ូមតិ ពី​ឆ្វេងទៅ​ស្តាំ ៖ លោក William Lai (ឆ), លោកHou Yu-ih (ក) និង​លោក Ko Wen-je (ស).
បេក្ខជនប្រធានាធិបតី​តៃវ៉ាន់ ពេល​តស៊៊ូមតិ ពី​ឆ្វេងទៅ​ស្តាំ ៖ លោក William Lai (ឆ), លោកHou Yu-ih (ក) និង​លោក Ko Wen-je (ស). AP - Pei Chen, Pool
ផ្សាយពាណិជ្ជកម្ម

ក្នុងកម្មវិធី​​ជួប​តស៊ូ​មតិ​ នាថ្ងៃសៅរ៍ទី​៣០​ធ្នូ​នេះ ​បេក្ខជនប្រធានាធិបតី​តៃវ៉ាន់ ទាំង​​បី​គណបក្ស បាន​ប្រទាក់​សំដី​គ្នាយ៉ាង​ខ្លាំង​​ជុំ​វិញ​ប្រធានបទ​ “ទំនាក់ទំនង​រវាងកោះ​​តៃវ៉ាន់​និង​​ចិន”។

បេក្ខជនប្រធានាធិបតី​នៃ​​គណបក្ស​ចម្រើនប្រជាធិបតេយ្យ​កំពុង​កាន់​អំណាច លោក ​វីលីយ៉ាំ ឡៃ ដែលក៏​ជាអនុប្រធានាធិបតី​ផុត​អាណត្តិ​និង​ដែល​ល្បី​ខាង​មាន​ជំហរ​ឯករាជ្យ​និយមសម្រាប់​តៃវ៉ាន់នោះ ​គ្រាន់​តែបាន​សិទ្ធិនិយាយ​ភ្លាម​ បាន​ផ្តើម​វាយ​ប្រហារ​មុនគេ សំដៅ​លើ​គូប្រជែង​បក្ស​ជាតិ​និយម​ចិន​តួមីង​តាងថា “​ប្រសិន​បើ​បក្ស​ស្និទ្ធ​នឹង​ចិន​ប៉េកាំង​ជាប់​ឆ្នោត រាល់​កិច្ចខិត​ខំប្រឹង​ប្រែង​ពង្រឹង​វិស័យ​ការពារជាតិ​នឹង​ត្រូវ​រលាយ។ លោក​ឡៃ​បាន​ចោទ​លោក​ហ៊ូ យូ អ៊ី បេក្ខជន​បក្ស​គួមីងតាង ដែល​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ល្អ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ថា​ត្រូវ​រ៉ូវជាមួយ​ចិន។

ជា​ការ​រិះគន់​តបវិញ លោក ហ៊ូយូអ៊ី បាន​ចោទ​លោក​ វីលីយ៉ាំ លី​ថា​គាំទ្រ​ឯករាជ្យភាព​តៃវ៉ាន់ជ្រុល។ ​ដោយហេតុ​​ជំហរ​ចង់​បាន​ឯករាជ្យ​ពេក​នេះហើយ ទើប​តៃវ៉ាន់​បច្ចុប្បន្ន​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កន្លែង​ដ៏​គ្រោះ​ថ្នាក់​ជាង​គេ​នៅលើ​ពិភពលោក។ លោក ហ៊ូ បាន​បញ្ជាក់ជំហរ​ប្រឆាំង​នឹង​ការ​ទាមទារ​ឯករាជ្យ​ឱ្យ​តៃវ៉ាន់ ដោយ​យល់​ថា​តៃប៉ិ​ត្រូវ​តែ​រក្សា​ទំនាក់ទំនង​និង​ការ​ផ្តោះប្តូរ​ជាមួយ​ចិន​។

ចំណែក​បេក្ខជន​ទី​បី ​លោក​កូ វេន ជេ នៃ​គណបក្សប្រជាជន​តៃវ៉ាន់ ដែល​បាន​បង្ហាញវត្តមាន​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ទន្ទឹម​នឹង​បក្សធំជា​គូ​ប្រជែងគ្នា​ជា​ប្រពៃណីនោះ ​បានសាកល្បងបង្វែរការ​តស៊ូ​មតិ​មក​ផ្តោត​លើ​បញ្ហា​ប្រចាំថ្ងៃ​​ ដូចជា​តម្លៃស្នាក់នៅ ឬ​បញ្ហា​ប្រាក់​ខែ​ទាប និង​បញ្ហា​ជា​កង្វល់​របស់​យុវជន​ម្ចាស់​ឆ្នោត​ក្មេងៗ។ លោក​កូ បាន​ព្រមាន​ថា ជាង​៣០​ឆ្នាំ​មក​នេះ អ្នក​នយោបាយ​បាន​ធ្វើ​ឱ្យតៃវ៉ាន់​ខាត​បង់​ពេល​វេលា​ជុំ​វិញ​តែ​ប្រធានបទ​តែមួយ។​ តែ​ឆ្នាំ​នេះ បក្ស​ប្រជាជន​ អាច​នឹង​ធ្វើគណបក្ស​ធំៗ​ទាំងពីរដួល​បាន។ សម្រាប់​លោក​កូ ​បក្សប្រជាធិបតេយ្យ​កំពុង​​កាន់​អំណាចមាន​​នយោបាយខ្ជះខ្ជាយ​ប្រកាន់​ឥរិយាបថប​ង្ក​ជម្លោះ​ជ្រុល ឯបក្ស​គួមីងតាង គិត​តែ​ពី​រឿងភ្ជាប់​កិច្ចសហប្រតិបត្តិការ​ជាមួយ​ចិន។

ប៉ុន្តែ​គណបក្ស​កាន់​អំណាច​បាន​បិទ​បញ្ចប់​ការ​តស៊ូមតិ​ដោយ​បន្ទោស​គូប្រជែង​ទាំងពីរ​ថា​ទម្លាក់​ទំនួល​ខុស​ត្រូវ​នៃ​ភាព​តាន​តឹង​មក​លើ​រដ្ឋាភិបាល តែតាមការ​ពិត​ទៅ​អ្នក​បង្ក​ហេតុ​គឺ​ចិន​ទៅ​វិញទេ។ តៃវ៉ាន់​ត្រូវ​តែ​រួបរួម​គ្នា​ជា​ធ្លុងមួយ​អាច​បញ្ចៀស​សង្គ្រាម​បាន។

គេ​នៅ​មិន​ទាន់​ដឹង​ថា​តើ​ការតស៊ូ​មតិ​នេះ ជះឥទ្ធិពល​យ៉ាងណា​លើ​ឆន្ទៈរបស់​​ប្រជាពលរដ្ឋ​ក្នុង​ការ​បោះឆ្នោត។ លទ្ធផល​នៃ​ការ​ស្ទង់​មតិ​អាច​បញ្ជាក់​បាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ