អានតួអត្ថបទ
ចិន-ប្រជាសាស្ត្រ

ចំនួន​ពលរដ្ឋ​ចិន​ធ្លាក់​ចុះ​ កាន់​តែលឿន​​នៅ​ឆ្នាំ​២០២៣

ធ្លាប់​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាង​គេ​នៅលើ​ពិភពលោក អស់​ជា​យូរ​ឆ្នាំ ចិន​បាន​និងកំពុង​ជួប​វិបត្តិ​ប្រជាសាស្ត្រ​កាន់​ខ្លាំង។ បន្ទាប់​ពីមាន​កំណើន​ប្រជាជន​អស់​ពេល​ជាង​៦០​ឆ្នាំជាប់​គ្នា ចំនួន​ពលរដ្ឋ​ចិន​បានធ្លាក់​ចុះ​ជា​លើក​ទីមួយ​នៅ​ឆ្នាំ​២០២២។ ហើយ​​នៅ​ឆ្នាំ​២០២៣​នេះ ការ​​ធ្លាក់ចុះ​មាន​ល្បឿន​​កាន់​តែ​ខ្លាំង​និង​កាន់​តែ​លឿន​។

ស្រ្តី​ជរា​ចិន នៅ​ស្រុក​Xiamen ខេត្ត​ Fujian ភាគ​អាគ្នេយ៍ប្រទេស​ចិន ថ្ងៃទី ២៧​ធ្នូ​២០២៣
ស្រ្តី​ជរា​ចិន នៅ​ស្រុក​Xiamen ខេត្ត​ Fujian ភាគ​អាគ្នេយ៍ប្រទេស​ចិន ថ្ងៃទី ២៧​ធ្នូ​២០២៣ © Andy Wong / AP
ផ្សាយពាណិជ្ជកម្ម

បើ​តាម​អង្គការ​សហប្រជាជាតិ ឥណ្ឌាបាន​​វ៉ារ​ឈ្នះ​ចិនក្លាយ​​ជាប្រទេស​មានពលរដ្ឋ​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក កាលពី​ឆ្នាំទៅ​។ ឯចិន​ត្រូវ​​បន្តមាន​​ចំនួន​ប្រជាពលរដ្ឋ​ថយ​​ចុះ​ជា​លំដាប់​នៅ​ជា​ច្រើន​ទសវត្សរ៍​ខាង​មុខទៀត​។ គិត​ត្រឹម​ចុង​ឆ្នាំ​​២០២៣ ចំនួន​ពលរដ្ឋ​ចិន(សញ្ជាតិ​​ចិន​រស់​នៅ​ក្នុង​ប្រទេស​ចិន​ជា​ដែន​ទ្វីប ដោយ​​មិនរាប់​បញ្ជូល​ជន​ជាតិ​ចិន​រស់​នៅ​តំបន់​ពាក់​កណ្តាល​ស្វ័យត ហុងកុង​ និង​ម៉ាកាវ)​ ​​បាន​ធ្លាក់​មក​នៅ​ត្រឹមជាង​​១ពាន់​បួន​រយ​លាន​នាក់​ប៉ុណ្ណោះ (១,៤០៩៦៧ពាន់​លាន​នាក់) ពោល​គឺ​ ​ទាបជាង​ឆ្នាំ​២០២២​ដល់​ទៅ​ជាង​២លាន​នាក់​។ ជា​ការ​ធ្លាក់​ខ្លាំង​ ដល់​ជាង​ពីរដង​​ច្រើន​ជាង​ឆ្នាំ​២០២២​ទៅ​ទៀត។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ការិយាល័យ​ស្ថិតិ​ជាតិ​នៅថ្ងៃ​ពុធ​ទី​១៧​មករា​២០២៤ ដោយ​​រំលឹកថា​ កាលពី​ឆ្នាំ​២០២២ ចំនួន​ប្រជាពលរដ្ឋ​ចិនបានធ្លាក់​ចុះ​ ​ជា​លើកទី​មួយគិត​ចាប់​ពី​ឆ្នាំ​១៩៦០ អស់​៨៥០០០០នាក់។ ចំណែក​អត្រា​កំណើត​វិញ​ក៏​ធ្លាក់​ចុះ​ដែរ នៅ​ឆ្នាំ​២០២៣​នេះ ដោយ​មាន​កំណើត​ក្មេង​តែ​ជាង​៩​លាន​នាក់​បន្តិច​ប៉ុណ្ណោះ ទល់​នឹង​ជាង​៩​លាន​៥​សែន​នាក់​កាលពី​ឆ្នាំ​២០២២។

ហេតុ​អ្វី​បាន​ជា​ដូច្នេះ​? នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ ស្រ្តី​ចិន​ម្នាក់​មាន​កូន​ជា​មធ្យម​ជាង​៧​នាក់ ប៉ុន្តែ​នៅ​ឆ្នាំ​២០២២ ស្ត្រី​ម្នាក់​មាន​កូន​តែ​១,០៥​នាក់​ជា​មធ្យម​តែ​ប៉ុណ្ណោះ។ បើ​តាម​អ្នកជំនាញ​ប្រជា​សាស្ត្រ​​ឯករាជ្យ​ He Yafu តម្លៃ​សិក្សា​អប់​រំ​ដ៏​ខ្ពស់​របស់​កូន​ ទំនុក​ចិត្ត​របស់​ក្មេង​ជំនាន់​ក្រោយ​លើ​ប្រព័ន្ធ​អាពាហ៍ពិពាហ៍ដែល​ជា​លក្ខខណ្ឌ​ចាំបាច់​មុន​នឹង​​មាន​កូន​​ ជាមូលហេតុ​ចំបង​នាំ​ឱ្យ​​អត្រា​កំណើត​និង​ចំនួន​ប្រជាពលរដ្ឋ​ធ្លាក់​ចុះ។

មាន​នយោបាយ​កូន​ទោល​តាំងពី​ឆ្នាំ​១៩៨០ ដើម្បី​ទប់​ស្កាត់​កំណើន​ប្រជាជន ចិន​បាន​ចាប់​ផ្តើម​ជំរុញ​ឱ្យ​ពលរដ្ឋ​បង្កើត​កូន​ និងបាន​​ផ្តល់​​សិទ្ធិឱ្យ​គូស្វាមី​យក​កូនបាន​​ដល់​បីនាក់ តាំងពី​ឆ្នាំ​២០២១​មក ជា​ថ្នូរ​នឹង​ជំនួយ​ឧបត្ថម្ភ​បន្តិច​បន្តួច។ ប៉ុន្តែ​នយោបាយ​នេះ​មិន​អាច​ប្តូរ​ផ្លាស់​និន្នាការ​នៃការ​ធ្លាក់​ចុះ​ចំនួន​ពលរដ្ឋ​បាន​ទេ។ ពលរដ្ឋ​ជំនាន់​ក្រោយមិន​អាច​មាន​​កូន​ច្រើន​ឡើយ​។ សម្រាប់​លោក​ ហេយ៉ាហ្វូ ​ចិន​ត្រូវ​ផ្តល់​ជំនួយឱ្យ​បាន​ច្រើន​​ដល់​គ្រួសារ ផ្តល់​​ដំណោះស្រាយ​ខាង​មើលថែកុមារ ឬ​ផ្តល់​លទ្ធភាព​ឱ្យ​ក្មេងឆាប់​បាន​ចូល​សាលាមតេយ្យ ទើប​អាច​ទប់​ស្កាត់​វិបត្តិ​ប្រជាសាស្ត្រ​បាន។

វិបត្តិ​ប្រជាសាស្ត្រ​ បង្ក​ឡើង​ដោយ​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ប្រជាពលរដ្ឋ​និង​​ពលរដ្ឋ​ចាស់ៗ​ កំពុង​ធ្វើ​ឱ្យ​ចិន​ប្រឈម​នឹង​បញ្ហាសេដ្ឋកិច្ច ​ដូច​ជា​ខ្វះ​កម្លាំង​ពលកម្មសម្រាប់​បំប៉ន​កំណើន​សេដ្ឋកិច្ច។ បញ្ហា​សង្គម​ ខ្វះ​អ្នក​មើល​ថែមនុស្សចាស់​ជរា ដែល​តាម​ប្រពៃណី​ចិន កូន​ចៅ​ត្រូវមាន​បន្ទុក​​មើល​ថែម្តាយ​ឪពុក តែគំរូ​គ្រួសារ​ចិន​​បច្ចុប្បន្ន​គឺ​មនុស្សចាស់ពីរ​នាក់​មាន​កូន​តែ​ម្នាក់ ហើយ​កូន​ម្នាក់​នេះ​ត្រូវ​មាន​បន្ទុក​មើល​មនុស្សចាស់​ដល់​បួន​នាក់វិញ។ ដើម្បី​សាកល្បង​ដោះស្រាយ​បញ្ហា​នេះ ចិន​បាន​បង្ហាញកាលពី​សប្តាហ៍មុន ​ផែនការជួយ​មនុស្ស​ចាស់​ដ៏​ធំ​មួយ ​តម្លៃ​រាប់​​សិប​ពាន់​លាន​​​​ ដូច​ជា​បង្កើតមណ្ឌល​ចាស់ជរា សេវា​ថែទាំ​ ឬ​ដឹកជញ្ជូន​អាហារ ឱ្យ​មនុស្ស​ចាស់​តាម​ផ្ទះ។ល។​និង​។ល។ ចំណែក​គំនិត​ចង់​បើក​ផ្លូវ​នាំ​អន្តោប្រវេសន៍​ទំនង​មិន​អាច​ទៅ​រួច​ទេ ព្រោះ​ចិននឹង​ត្រូវ​ការ​ដល់​ទៅរាប់រយ​​លាន​ ហើយ​ចិន​​គ្មាន​វប្បធម៌​គាំទ្រ​លំហូរ​អន្តោប្រវេសន៍​ទេ សម្រាប់ពេលនេះ។ នេះ​បើតាម​អ្នក​ជំនាញ​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ