អានតួអត្ថបទ
ថៃ

តុលាការ​ធម្មនុញ្ញ​ថៃសម្រេច​ឱ្យ​​​អតីត​ប្រធានបក្ស​កាវក្លៃ​បន្ត​អាណត្តិ​ជា​តំណាង​រាស្ត្រ

បន្ទាប់​ពី​រង់​ចាំ​ក្នុង​ភាព​មន្ទិល​នយោបាយ​​អស់​ជា​ច្រើន​ខែ តុលាការ​ធម្មនុញ្ញ​ថៃ បានចេញ​សាលក្រម​នៅ​ថ្ងៃ​ពុធ​ទី ២៤​មករា​២០២៤​នេះ បញ្ជាក់​​អំពី​ភាព​ស្អាត​ស្អំ​របស់លោក ភិថា លឹមចៈរើនរ៉ាត់ អតីត​​ប្រមុខ​បក្ស​កាវក្លៃ​។ តាម​រយៈ​សេចក្តី​ប្រកាស​នេះ លោក​ភិថា លឹម​ចៈរើនរ៉ាត់ អាច​ត្រលប់​ទៅ​អង្គុយ​លើ​អាសនៈ​នៅក្នុង​សភា ក្នុង​នាម​ជាតំណាង​រាស្ត្រ។

លោក ភិថា លឹមចៈរើនរ៉ាត់ នៅ​មុខ​តុលាការ​ធម្មនុញ្ញថៃ​នាទីក្រុង​បាងកក ថ្ងៃទី ២៤មករា ២០២៤
លោក ភិថា លឹមចៈរើនរ៉ាត់ នៅ​មុខ​តុលាការ​ធម្មនុញ្ញថៃ​នាទីក្រុង​បាងកក ថ្ងៃទី ២៤មករា ២០២៤ AP - Sakchai Lalit
ផ្សាយពាណិជ្ជកម្ម

​“តុលាការ​បាន​សម្រេច​ថា​អាណត្តិ​ជា​​តំណាង​រាស្ត្រ​របស់​លោក​ភិថា លឹមចៈរើនរ៉ាត់​មិន​ទាន់​ចប់​ទេ”។ នេះ​បើ​តាម​សាលក្រម ប្រកាស​ដោយ​លោក​ចៅក្រម​Punya Udchachon ជាមួយ​នឹង​សេចក្តី​សន្និដ្ឋានបញ្ចប់​​ថា “iTV គ្មាន​សកម្មភាព​ជា​អង្គការ​សារព័ត៌មាន​ទេ នៅ​ពេល​គណបក្ស​កាវក្លៃ​បាន​សម្រេច​ដាក់​ឈ្មោះ​ជនជាប់​ចោទ​ ភិថា លឹមចៈរើនរ៉ាត់ ឱ្យ​ឈរ​ឈ្មោះ​បោះឆ្នោត។ ​ការ​មាន​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​នេះមិនមែន​ជា​ការ​រំលោភ​ច្បាប់​ឡើយ។

គ្រាន់​តែ​បាន​ឮ​សាលក្រម​នេះ​ភ្លាម សកម្មជន​បក្ស​ដែល​បាន​ប្រមូល​​ផ្តុំ​គ្នា​នៅ​មុខ​តុលាការ ក្រោម​ការ​ត្រួត​ពិនិត្យ​យ៉ាង​តឹង​តែង​ពី​នគរបាល បាន​នាំ​គ្នា​ស្រែក​ជ័យឃោសអបអរ​ហៅ​លោក​ភិថា​​ជា​នាយករដ្ឋមន្ត្រី​ភ្លាម។

នេះ​ជា​សាលក្រម​ដែល​ថៃ ជាពិសេស​យុវជន​ជំនាន់​ក្រោយ​ដែល​គាំទ្រ​គណបក្ស​ក្លាវក្លៃ ​​រង់ចាំ​បំផុត។ មាន​ទំនោរ​ប្រជាធិបតេយ្យ​ចង់​​ធ្វើ​ទំនើបកម្ម​របប​រាជានិយម​និង​នយោបាយ​ចាស់​គំរិល​ក្រោម​អំណាច​យោធា ​គណបក្ស​ក្លាវក្លៃដឹកនាំ​ដឹកនាំ​ដោយ​លោក​ ភិថា លឹមចៈរើនរ៉ាត់ វ័យ​៤៣​ឆ្នាំ បាន​ឈ្នះ​នាំ​មុខ​យ៉ាង​ត្រចះ​ត្រចង់​ក្នុង​សម័យ​បោះឆ្នោត​សភា​ថៃ​ កាលពី​ខែ​មេសា​២០២៣ ប៉ុន្តែ​មិន​អាច​ក្លាយ​ជា​អ្នក​ដឹកនាំ​រដ្ឋាភិបាល​​បាន​ដោយ​ហេតុ​តែ​ជំហរ​តឹង​តែង​ជ្រុល​ចំពោះ​រាជវាំង និង​ជាប់​បណ្តឹង​ចោទ​ប្រកាន់​ជា​ច្រើន​នៅ​តុលាការ។

​ក្នុង​ពេល​សិក្សា​បណ្តឹង តុលាការ​បាន​ព្យួរ​បេក្ខភាព​ជា​សមាជិក​សភា​របស់​លោក​ភិថា លឹមចៈរើនរ៉ាត់ តាំងពី​តែ​កក្កដា​២០២៣​មក។ តែ​នៅ​ថ្ងៃ​នេះ តុលាការ​ធម្មនុញ្ញ​ថៃបាន​សម្រេច​លាង​សម្អាត​​បញ្ជាក់​ពី​ភាព​ស្អាត​ស្អំ​របស់​លោក ភិថា លឹមចៈរើនរ៉ាត់ ពី​បទ​ចោទ​ប្រកាន់ទី​​មួយ ពាក់​ព័ន្ធ​នឹង​​ការ​មាន​ក្រុម​ហ៊ុន​សារព័ត៌មាន​iTV។ ប៉ុន្តែ​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​កាវក្លៃ​រូប​នេះ នៅ​តែ​ប្រឈម​នឹង​ការ​ដក​តំណែង​ជា​តំណាង​រាស្ត្រ​ដដែល​ ព្រោះ​លោក​នៅ​ប្រឈម​នឹង​រឿង​ក្តី​ចោទ​ប្រកាន់​មួយ​ទៀត ពី​បទ​មាន​គម្រោងការ​ផ្តួល​រំលំ​របបរាជានិយម។​ តុលាការ​ធម្មនុញ្ញ​ត្រូវ​ផ្តល់​សម្រេច​សាលក្រម​នៅ​ថ្ងៃពុធ​ទី​៣១​មករា​២០២៤​សប្តាហ៍ក្រោយ។

តុលាការ​ធម្មនុញ្ញ​ថៃ ​បាន​ដើរ​តួនាទីក្នុង​វិបត្តិ​នយោបាយ​ថៃ​ច្រើន​ណាស់ មាន​ជា​អាទិ៍​ការ​សម្រេច​រំលាយ​គណបក្ស​Future Forward (បក្ស​កាវក្លៃ​ចាស់) កាលពី​ឆ្នាំ​២០២០ ដែល​ជំរុញ​ឱ្យ​មាន​បាតុកម្ម​និស្សិត​និង​យុវជន​យ៉ាង​ខ្លាំង​ក្លា​ទាមទារ​រំលាយ​ប្រព័ន្ធ​រាជានិយម​ថៃ​។ កាលណោះតុលាការ​បាន​កាត់ទោស​​ប្រមុខ​ចលនា លោក​​ថាណាថន មិន​ឱ្យ​ធ្វើ​នយោបាយ​១០ឆ្នាំ។ កាលពី​ប៉ុន្មាន​ខែ​មុនទៀត តុលាការ​ធម្មនុញ្ញ​ដដែល​នេះ បាន​ដក​សិទ្ធិ​ជា​តំណាង​រាស្ត្រ​ពី​សកម្មជន​បក្ស​ប្រឆាំង​ដ៏​ល្បី​ម្នាក់ ពី​បទ​មាន​ចំណែក​​ក្នុង​ក្រុម​ឃោសនា​ព័ត៌មាន​ពេល​ធ្វើ​យុទ្ធនការបោះឆ្នោត​ឆ្នាំ​២០១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ