អានតួអត្ថបទ
ចិន-ឥណ្ឌូណេស៊ី

ប្រមុខការទូតចិន​ប្រកាស​គាំទ្រតួនាទី​របស់ឥណ្ឌូណេស៊ី​​ជា​ប្រទេសដ៏​ធំ

លោក វ៉ាងយី រដ្ឋមន្ត្រីការបរទេស​ចិន កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។ នៅថ្ងៃព្រហស្បតិ៍ទី​១៨​មេសា​​នេះ លោក​ប្រមុខ​ការ​ទូត​ចិន​បាន​ចូល​ជួប​ប្រធានាធិបតី​ផុត​អាណត្តិ​ ចូកូ វីដូដូ ផង​និង​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី លោក ប្រាបូវ៉ូ ស៊ូប្រីយ៉ាតូ ផង ដោយ​ប្រកាស​គាំទ្រ​យ៉ាង​ពេញ​ទំហឹងតួនាទី​របស់​​ឥណ្ឌូណេស៊ី​​ជា​​ប្រទេសដ៏​​ធំមួយ។

លោក​វ៉ាងយី រដ្ឋមន្ត្រីការបរទេស​ចិន និង​លោកប្រធានាធិបតី​ឥណ្ឌណេស៊ី ចូកូវីដូដូ
លោក​វ៉ាងយី រដ្ឋមន្ត្រីការបរទេស​ចិន និង​លោកប្រធានាធិបតី​ឥណ្ឌណេស៊ី ចូកូវីដូដូ AP - Vico
ផ្សាយពាណិជ្ជកម្ម

ដំណើរទស្សនកិច្ច​របស់​លោក​វ៉ាងយី រដ្ឋមន្ត្រីការបរទេស​ចិន នៅ​ឥណ្ឌូណេស៊ី ប្រព្រឹត្តទៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ទំនាក់ទំនង​ពិសេស​រវាង​ប៉េកាំង​និង​ហ្សាការតា ដែល​លោក​ប្រធានាធិបតី​ចិន​ស៊ីជីនពីង​អួត​អាង​ថា​ជាទំនាក់ទំនង​ដើម្បី​សន្តិភាព​តំបន់​ក្នុង​ផ្ទៃ​នៃ​ភាព​តាន​តឹង​រវាង​ចិន​និង​បណ្តា​ប្រទេស​ជិត​ខាង​អាស៊ីអាគ្នេយ៍​​រាប់​ទាំង​ហ្វីលីពីន​។

បន្ទាប់ពីបាន​​ជជែក​​ពិភាក្សា​ជាមួយ​សមភាគី​ឥណ្ឌូណេស៊ី​លោកស្រី រ៉េតណូ ម៉ារស៊ូឌី នៅពេលព្រលឹមលោក​វ៉ាងយី បាន​​ចូលជួប​ប្រធានាធិបតី​ផុត​អាណត្តិ​ចូកូ​វីដូដូ ហៅ​ចូកូវី នៅ​វិមាន​ប្រធានាធិបតី ដោយ​ប្រកាស​គាំទ្រតួនាទី​​ឥណ្ឌូណេស៊ី​​​ក្នុង​នាម​ជា​ប្រទេស​ដ៏​ធំ​មួយ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិកា​រ​និង​សម្របសម្រួល​ទំនាក់ទំនងទល់​រាល់​គ្រប់​សកម្មភាព​នាំ​ឱ្យ​មាន​​ភាព​ប្រេះឆា ឬភាព​ប្រឈម​​នៅ​ក្នុង​តំបន់។ នេះ​បើ​តាមការ​ចុះ​ផ្សាយ​របស់​​សារព័ត៌មាន​ផ្លូវការ​ចិន​។ លោក​ចូកូវីដូដូ និង​លោក​វ៉ាងយី ក៏​បានប្រកាស​ឆន្ទៈ​ចង់​បាន​សន្តិភាព​និង​ស្ថិរភាព​តំបន់​ ហើយ​អំពាវនាវ​ឱ្យភាគី​ជម្លោះ​អ៊ីស្រាអែល​និង​ហាម៉ាស​​បទ​ឈប់​បាញ់​នៅ​តំបន់​ហ្កាហ្សា។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោកស្រី​ប្រមុខ​ការទូត​ឥណ្ឌូណេស៊ី។

ស្តីពី​​​ជំនួបរវាង​លោក​វ៉ាងយី​​ជាមួយ​ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​ថ្មី ​លោក​ប្រាបូវ៉ូ ស៊ូប្រីយ៉ាតូ ដែល​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ និង​ដែល​មាន​ជំហរ​គាំទ្រ​ការ​អភិវឌ្ឍ​ទំនាក់ទំនង​ស្អិត​ល្មួត​ជាមួយ​ចិន​ ភ្នាក់ងារ​សារព័ត៌មាន​របស់​លោក​ប្រាបូវ៉ូ បាន​ផ្សព្វផ្សាយ​ថាមេដឹកនាំទាំងពីរ​បាន​ជជែក​គ្នា​អំពី​លទ្ធភាព​រៀប​ចំ​សមយុទ្ធ​រួម​ តែគ្មាន​សរសេរ​ក្នុង​​ថ្លែងការណ៍ចុងក្រោយទេ។ នៅក្នុង​សេចក្តីថ្លែងការណ៍​ដាច់​ដោយឡែក​មួយ​ទៀត ក្រសួងការពារ​ជាតិ​ឥណ្ឌូណេស៊ី​បាន​គូស​បញ្ជាក់ដោយ​មិន​លម្អិត​​ថា​ភាគី​ចិន​និង​ឥណ្ឌូណេស៊ី បាន​ពិភាក្សា​គ្នា​អំពី​កិច្ចសហប្រតិបត្តិការ​ផ្នែក​ហ្វឹក​ហ្វឺន​​និងធ្វើ​លំហាត់​រួម។

ឥណ្ឌូណេស៊ី​មាន​នយោបាយ​ការបរទេស​អព្យាក្រិត្យ​ ប៉ុន្តែ​ហ្សាការតា កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ការទូត​ដ៏​លំបាក នៅ​ចំពោះ​មុខ​ចិន​និង​សហរដ្ឋអាមេរិក​ដែល​ប្រឆាំង​គ្នា​លើ​ស្ទើរ​គ្រប់​វិស័យ ៖ ពាណិជ្ជកម្ម អ៊ុយក្រែន ដើមបូព៌ា តៃវ៉ាន់ ឬ​សមុទ្ទ​ចិន​ខាង​ត្បូង។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយមក​នេះ ចិន​បាន​ក្លាយ​ជា​ប្រភព​វិនិយោគបរទេស​​ដ៏​ចម្បង​មួយ​របស់​ឥណ្ឌូណេស៊ី​។ ក្រុមហ៊ុន​ចិន​បាន​ចាក់​លុយ​រាប់​ពាន់​លាន​ក្នុង​ផលិតកម្ម​រ៉ែធម្មជាតិ​នីកែល។ រថភ្លើង​ល្បឿន​លឿន​​ទីមួយ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​ទើប​ត្រូវ​បាន​ឥណ្ឌូណេស៊ី​សម្ពោធ​កាលពី​ឆ្នាំ​២០២៣ ក៏​ជា​គម្រោង​វិនិយោគ​គាំទ្រ​ដោយ​ចិន​ដែរ។

លោក​វ៉ាងយី បញ្ចប់​ទស្សនកិច្ច​ដោយ​ត្រូវ​ដឹកនាំ​ជំនួប​ប្រជុំ​បច្ចេកទេស​ស្តី​ពី​កិច្ចសហប្រតិបត្តិការ​ជាន់​ខ្ពស់​ចិន-ឥណ្ឌូណេស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ