អានតួអត្ថបទ

ប្រទេសតួកគី និងសហភាពអឺរ៉ុបមិនទាន់និយាយចុះសម្រុងគ្នាក្នុងការដោះស្រាយវិបត្តិអន្តោប្រវេសន៍

នៅ​យប់​ថ្ងៃ​ចន្ទ ទី៩ មីនា ប្រធានាធិបតី​តួកគី​លោក​អ៊ែរដូហ្កាន​បាន​ចាកចេញ​ពី​ទីស្នាក់ការ​អឺរ៉ុប​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក​ដោយ​គ្មាន​បាន​លទ្ធផល​អ្វី​ទាំង​អស់។ គួរ​រម្លឹក​ថា លោក​អ៊ែរដូហ្កាន​បាន​ធ្វើ​ដំណើរ​ទៅ​ជួប​ថ្នាក់ដឹកនាំ​អឺរ៉ុប​ដើម្បី​ជជែក​ពី​បញ្ហា​ជនអន្តោប្រវេសន៍​ដែល​តួកគី​បាន​ទទួល​ឲ្យ​ជ្រកកោណ​ជាង ៣លាននាក់​នៅ​លើ​ទឹកដី​ខ្លួន។ តែ​ខណៈ​នេះ លោក​អ៊ែរដូហ្កាន​បាន​បើក​ទ្វារ​ឲ្យ​ជនអន្តោប្រវេសន៍​ចាកចេញ​ពី​ជំរំ​ទៅ​កាន់​ព្រំដែន​នៃ​ប្រទេស​ក្រិច និង​ប៊ុលហ្ការី។ យ៉ាង​ណា​ក៏​ដោយ តួកគី​តាម​រយៈ​ប្រមុខ​ការទូត​បាន​បញ្ជាក់​ក្នុង​ថ្ងៃ​អង្គារ ទី១០ មីនា​ថា តួកគី​សង្ឃឹម​ទទួល​បាន​កិច្ចព្រមព្រៀង​មួយ​ជាមួយ​អឺរ៉ុប​ពី​ពេល​នេះ​ដល់​ថ្ងៃទី២៦ មីនា​ខាង​មុខ។

ជនួប​រវាង​ប្រធានាធិបតីតួកគីលោកអ៊ែរដូហ្កាន ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel ថ្ងៃទី៩ មីនា ២០២០
ជនួប​រវាង​ប្រធានាធិបតីតួកគីលោកអ៊ែរដូហ្កាន ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel ថ្ងៃទី៩ មីនា ២០២០ REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

ជម្រើស​សង្ឃឹម​ទទួល​បាន​កិច្ចព្រមព្រៀង​មួយ​ជាមួយ​អឺរ៉ុប​ដើម្បី​ដោះស្រាយ​វិបត្តិ​អន្តោប្រវេសន៍​ពី​ពេល​នេះ​ដល់​ថ្ងៃទី ២៦ មីនា​ខាង​មុខ​មិនមែន​ជា​ជម្រើស​ចៃដន្យ​ឡើយ។ មិន​ចែដន្យ​ព្រោះ​ថ្ងៃទី២៦ មីនា​ជា​ថ្ងៃ​បើក​ជំនួបកំពូល​ក្រុមប្រឹក្សាអឺរ៉ុប។ « ប្រសិន​បើ​យើង​មិន​អាច​រក​បាន​កិច្ចព្រមព្រៀង​មួយ​ពី​ពេល​នេះ​ទៅ​ថ្ងៃទី២៦ មីនា​ទេ យើង​នឹង​ដាក់​ប្រធានបទ​មួយ​នេះ​នៅ​លើ​តុ​នា​ជំនួបកំពូល​ថ្នាក់ដឹកនាំ​អឺរ៉ុប » នេះ​ជា​ការ​ថ្លែង​របស់​ប្រមុខ​ការទូត​តួកគី​លោក Mevlüt Cavusoglu នៅ​ក្នុង​កិច្ចសន្ទនា​មួយ​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​ឈ្មោះ Anadolu។ ការ​ថ្លែង​របស់​លោក Cavusoglu ពេល​នេះ​បាន​ធ្វើ​ឡើង មួយ​ថ្ងៃ​ក្រោយ​ពី​ប្រធានាធិបតី​តួកគី​លោក​អ៊ែរដូហ្កាន​បាន​ជួប​សន្ទនា​ជាមួយ​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី Ursula von der Leyen និង​ប្រធាន​ក្រុមប្រឹក្សាអឺរ៉ុប​លោក Charles Michel។

នៅ​ក្នុង​ជំនួប ថ្នាក់ដឹកនាំ​អឺរ៉ុប និង​លោក​អ៊ែរដូហ្កាន​និយាយ​មិន​ចុះ​សម្រុង​គ្នា តែ​បាន​សន្យា​បន្ត​កិច្ចចរចា​ដើម្បី​ដោះស្រាយ​វិបត្តិ​ជនអន្តោប្រវេសន៍។ នៅ​ក្នុង​ន័យ​នេះ ប្រមុខ​ការទូត​តួកគី​លោក Cavusoglu បាន​បញ្ជាក់​ថា លោក​នឹង​ជួប​សន្ទនា​ជាមួយ​ប្រមុខ​ការទូត​អឺរ៉ុប​លោក Josepp Borrell។ ទន្ទឹម​នឹង​សន្យា​បន្ត​កិច្ចចរចា ថ្នាក់ដឹកនាំ​អឺរ៉ុប​ក៏​បាន​អំពាវនាវ​ឲ្យ​តួកគី​បន្ត​គោរព​កិច្ចព្រមព្រៀង​ដែល​បាន​ចុះ​ហត្ថលេខា​ជាមួយ​អឺរ៉ុប​កាល​ពី​ខែ​មីនា ឆ្នាំ ២០១៦។ ផ្អែក​តាម​កិច្ចព្រមព្រៀង​កាល​ណោះ តួកគី​ទទួល​ជនអន្តោប្រវេសន៍​ទាំង​អស់​ឲ្យ​ជ្រកកោណ​លើ​ទឹកដី​ខ្លួន​ជា​ថ្នូរ​នឹង​ជំនួយ​ហិរញ្ញវត្ថុ​របស់​អឺរ៉ុប។ តែ​លោក Cavusoglu បាន​បង្ហើប​ឲ្យ​ដឹង​ថា កិច្ចព្រមព្រៀង​ឆ្នាំ ២០១៦ នឹង​ត្រូវ​សើរើ​មើល​ឡើង​វិញ​ដោយ​ផ្អែក​លើ​ស្ថានការណ៍​វិវឌ្ឍ​ចុង​ក្រោយ​នៅ​ស៊ីរី ពិសេស​ក្នុង​ខេត្ត​អ៊ីដឡិប។

គួរ​រម្លឹក​ថា​នៅ ២សប្តាហ៍​មុន​នេះ លោក​អ៊ែរដូហ្កាន​បាន​បើក​ទ្វារ​ឲ្យ​ជនអន្តោប្រវេសន៍​ចាកចេញ​ពី​ជំរំ​ទៅ​កាន់​ព្រំដែន​នៃ​ប្រទេស​ក្រិច និង​ប៊ុលហ្ការី។ មូលហេតុ​ពិត​ប្រាកដ គឺ​លោក​អ៊ែរដូហ្កាន​ខឹង​អឺរ៉ុប​ដែល​មិន​ជួយ​ឈឺ​ឆ្អាល​នឹង​រឿង​ស៊ីរី​ដែល​តួកគី​កំពុង​ប្រឈម​មុខ​ទល់​នឹង​រុស្ស៊ី។ តែ​អឺរ៉ុប​ធ្លាប់​បាន​ចោទ​លោក​អ៊ែរដូហ្កា​ពី​បទ​យក​ជនអន្តោប្រវេសន៍​ជា​ចំណាប់ខ្មាំង​ដើម្បី​កេងចំណេញ​នយោបាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ