អានតួអត្ថបទ
ពលករកុមារ

របាយការណ៍​អ.ស.ប. ៖ ចំនួនកុមារ​ធ្វើការ​​កើន​ឡើង​ជា​លើក​ទីមួយ គិត​ចាប់​ពីឆ្នាំ​២០០០មក

ពិភពលោក​កំពុង​ទន់​ដៃ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​​នឹង​ពលកម្មកុមារហើយ ពិភពលោកកំពុង​ឆ្លង​កាត់​វិបត្តិរាតត្បាត​សាកល​ទៀត។ ដោយហេតុ​កូវីដ​១៩ កុមារ​រាប់លាន​នាក់ ​ត្រូវ​បង្ខំ​ចិត្ត​ចេញ​​ធ្វើ​ការ​។ នេះ​បើ​តាម​របាយការណ៍​របស់​​អង្គការ​ពលកម្មអន្តរជាតិ និង​អង្គការ​យូនីសេហ្វ ចេញ​ផ្សាយ​នៅ​ថ្ងៃព្រហស្បតិ៍​ទី ១០​មិថុនា ២០២១។ ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​​បាន​ព្រមាន​ទៀត​ថា នេះ​ជាលើក​មួយ គិត​ចាប់​ពី​ពីរ​ទសវត្សរ៍​កន្លង​មក ដែល​ពលកម្មកុមារ​ នៅ​លើ​ពិភពលោក​បាន​កើន​ឡើង​។

ពលករកុមារ​ជញ្ជូន​ឥដ្ឋ​ នៅ​ប្រទេសម៉ាដាហ្កាស្កា
ពលករកុមារ​ជញ្ជូន​ឥដ្ឋ​ នៅ​ប្រទេសម៉ាដាហ្កាស្កា AFP PHOTO / ALEXANDER JOE
ផ្សាយពាណិជ្ជកម្ម

នៅ​ដើម​ឆ្នាំ​២០២០ មានកុមារ​ចំនួន​ប្រមាណ ១៦០​លាន​នាក់ ​ក្នុងនោះ​៩៧​លាននាក់ជា​ក្មេង​ប្រុស​ បាន​បង្ខំ​ចិត្ត​ចេញ​ធ្វើ​ការ ពោលគឺ​​ច្រើន​ជាង​កាលពី​បួន​ឆ្នាំមុន​ដល់​ទៅ ​​​៨,៤លាន​នាក់។ ហើយ​ពីពេលនេះដល់​ដំណាច់​ឆ្នាំ ​ភាព​ក្រីក្រនៅ​លើ​ពិភពលោក​ដែលបង្ក​ឡើង​វិបត្តិ​កូវីដ​១៩ នឹង​ជំរុញ​ឱ្យ​កុមារ​ប្រមាណ​ជាង​៩​លាន​នាក់​បន្ថែម​ទៀត ត្រូវ​ប្រឹង​បញ្ចេញ​ពលកម្ម​ដើម្បី​ចិញ្ចឹម​ជីវិត។ នេះ​បើ​តាម​របាយការណ៍រួម​​របស់​អង្គការ​ពលកម្មអន្តរជាតិ និង​អង្គការ​យូនីសេហ្វដែល​ជា​ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សុខមាលភាព​កុមារ។

ប៉ុន្តែ ចំនួន​ពលកម្មកុមារពិត​ជាក់ស្តែង​​អាច​នឹង​ច្រើន​ជាង​តួលេខ​ខាង​លើ​ដល់​ទៅ​៥​ដង បើ​យោង​ទៅ​តាម​គំរូ​ស្ថិតិ។ ម្ចាស់​​របាយការណ៍បានពន្យល់​ថា​ ប្រសិន​បើ​ការការពារ/ជំនួយ​​សង្គម​ធ្លាក់​ចុះ​ ជាង​ពេល​បច្ចុប្បន្ន​នេះ​ ដោយហេតុ​តែ​រដ្ឋាភិបាល​ត្រូវ​ប្រឹង​រឹត​ត្បិត​ថវិកា និង​ដោយកត្តា​ផ្សេង​ នោះ​ចំនួនកុមារ​បង្ខំ​ត្រូវ​ធ្វើ​ការ​ដើម្បី​រស់ នឹង​កើន​ឡើង​ដល់​៤៦លាន​នាក់​ពី​ពេលនេះ​ដល់​ចុង​ឆ្នាំ​២០២២។

របាយការណ៍ស្តីពីពលកម្ម​កុមារ ដែល​​​តែង​ចេញ​ផ្សាយជារៀង​រាល់​បួន​ឆ្នាំម្តង​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ទៀត​ថាពលករកុមារ​ចំនួន​ពាក់​កណ្តាល​មានអាយុ​ចន្លោះ​ពី ៥ទៅ ១១​ឆ្នាំ។ ៧០% ទៅ​ធ្វើការ​ក្នុង​ផ្នែក​​កសិកម្ម ២០%​ក្នុងផ្នែក​សេវាកម្ម និង​១០%​ជា​ការងារ​​ឧស្សាហកម្ម។ តែ​អ្វី​ដែលគួរ​ឱ្យ​ព្រួយបារម្ភ​ខ្លាំង គឺកំណើន​ការងារ​គ្រោះថ្នាក់ដែល​​ប៉ះពាល់​ដល់​ការលូតលាស់ ដល់​ការ​សិក្សា និង​ដល់​សុខភាព សម្រាប់​កុមារ​អាយុ​ពី ៥ទៅ​១៧​ឆ្នាំ​ បាន​​ឡើង​ឥតឈប់។ ការងារគ្រោះថ្នាក់​ មាន​ដូច​ជា​ការងារ​អណ្តូងរ៉ែ នេសាទ និង​ រយៈពេល​ធ្វើ​ការ​លើស​ពី៤៣ម៉ោង​ក្នុង​មួយ​សប្តាហ៍។ តំបន់​អាហ្វ្រិក​ជា​ទ្វីប​ដែល​មានកំណើន​អត្រា​ពលកម្មកុមារ​ស្ទុះឡើង​ខ្លាំង​ជាងគេ។

​​មានសញ្ញា​​កើន​ឡើងស្រាប់​​ផង បូក​ផ្សំនឹង​ពិភពលោកជួប​​​វិបត្តិ​កូវីដ​១៩ទៀត​ ស្ថានភាព​កុមារ​នឹង​កាន់​តែ​អាក្រក់​ខ្លាំង ​​ប្រសិនបើ​គ្មាននយោបាយ​ជួយ​គ្រួសារ​ដែល​ធ្លាក់​ខ្លួនក្រីក្រ​ទេ។ នេះ​បើ​តាមការព្រមាន​របស់​អង្គការ​សហប្រជាជាតិ ដែល​បញ្ជាក់​ថា ​​ក្នុង​ពេល​កំពុង​មាន​ការ​រាតត្បាត​កូវីដ នៅលើ​ពិភពលោក មាន​កុមារ​ម្នាក់​ក្នុង​ចំណោម​១០​នាក់​ ត្រូវ​ធ្វើការ​។ ​ ពី​ឆ្នាំ​២០០០-២០១៦ ទម្លាក់​ចំនួនពលករ​កុមារឱ្យ​​​​ទាប​បំផុត ត្រឹម៩៤លាននាក់ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ