អានតួអត្ថបទ
តួកគី-ភ្លើង​ឆេះព្រៃ

តួកគី​ ភ្លើង​ឆេះ​ព្រៃ​កំពុង​គំរាមកំហែងមជ្ឈមណ្ឌលអគ្គីសនី

តាំង​ពី​មួយ​សប្តាហ៍​មក​ហើយ ដែល​តំបន់​ភាគ​ខាងត្បូង​អឺរ៉ុប និង​ជាពិសេស​តួកគី រង​គ្រោះ​ភ្លើង​ឆេះ​ព្រៃ។ បន្ទាប់​ពី​បានលេប​ត្របាក់ ព្រៃ ដីស្រែ​កសិកម្ម​អស់​រាប់​សិបហិចតារ ភូមិឋានរស់​នៅ​របស់​ប្រជាពលរដ្ឋ និង​ជម្លៀស​ទេសចរ ទាំងហ្វូងៗ​​ចេញ​ពី​ឆ្នេរ​មេឌីទែរ៉ាណេ នៅ​ថ្ងៃ​ព្រហស្បតិ៍​ក្រុម​អ្នកសង្គ្រោះ​ បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​ជម្លៀស​ប្រជាជន​​រាប់​រយ​ភូមិទៀត​ ចេញ​តាម​ផ្លូវ​សមុទ្ទ​ ព្រោះ​ភ្លើង​ឆេះ​ព្រៃ​បាន​រំកិល​ មក​កាន់តែកៀក ខ្លាំងមែន​ទែន ​រោង​ចក្រ​អគ្គីសនី​ ដែល​មាន​ស្តុក​​ធ្យូង​រាប់​ពាន់​តោន។

ភ្លើង​ឆេះ​ព្រៃ​មក​កាន់កៀករោងចក្រ​អគ្គីសនី​ Milas ប្រទេស​តួកគី
ភ្លើង​ឆេះ​ព្រៃ​មក​កាន់កៀករោងចក្រ​អគ្គីសនី​ Milas ប្រទេស​តួកគី AFP - YASIN AKGUL
ផ្សាយពាណិជ្ជកម្ម

ស្នូរស៊ីរ៉ែន​បានរោទិ៍​ឡើង​ ប្រជាពលរដ្ឋស្រវា​​​បាន​វត្ថុ​បន្តិច​បន្តួច​ពី​ផ្ទះ​​ រត់ឡើង​អូប័រ​ ដែល​ឆ្មាំ​សមុទ្ទ​បាន​ប្រមូលកម្លាំង​មក​ចាំនៅ​កំពង់​ផែ ដើម្បីជម្លៀសប្រជាជន​ចេញ ពី​ការ​គំរាមកំហែង​​ភ្លើងឆេះ​​ព្រៃ និង​ឆេះ​រោងចក្រ​អគ្គីសនី។

អាជ្ញាធរ​មូលដ្ឋាន ដែល​កំពុង​ចាប់​ផ្តើម​ជម្លៀស​រោងចក្រ​ទាំង​ស្រុង ​បាន​ធានាអះអាង​ថា ដើម្បី​ត្រៀម​ការពារ​ អាង​ស្តុក​​បំរុង​អ៊ីដ្រូសែន​ ដែលប្រើសម្រាប់បញ្ចុះ​កម្តៅ​​ម៉ាស៊ីន​ផលិត​អគ្គីសនី​​បាន​ចាក់​ចេញ​អស់​ និង​ចាក់ទឹក​​បំពេញជំនួស​វិញ​ហើយ​។ ប៉ុន្តែអាជ្ញាធរ​នៅ​តែ​​ព្រួយ​បារម្ភ​​ខ្លាំង។​ បើ​ភ្លើង​មក​ដល់​ នឹង​មាន​ការ​​ឆេះ​ការ​រាលដាល​ខ្លាំង​ ព្រោះ​​​រោង​ចក្រ​អគ្គីសនី​នេះ​ ​ដើរ​ដោយ​ធ្យូង និង​ប្រេងម៉ាហ្សូត ដែលមានទុក​នៅ​ផ្នែក​​ខាង​ក្នុង​​​ជាច្រើន​ពាន់​តោន។

បើតាម​រូប​ភាព​វីដេអូ ថត​បង្ហោះ​ដោយ​អភិបាល​ស្រុក​​ ភ្លើង​ព្រៃកំពុង​រំកិលមកយ៉ាង​លឿន ដល់​មាត់​ច្រក និង​ព័ទ្ធជុំ​ជិត​​​រោង​ចក្រ​អគ្គីសនី​ហើយ។ លោក​អភិបាល​បាន​អង្វរ​​សុំ​រដ្ឋាភិបាល​បញ្ជូន​ជំនួយ​​ជា​យន្តហោះ​ពន្លត់​អគ្គីភ័យ​​ឱ្យ​បាន​បន្ទាន់​បំផុត។

រងការ​រិះគន់​ថា​មាន​ចំណាត់ការ​មិន​ល្អ​ប្រឆាំង​នឹង​ភ្លើង​ឆេះ​ព្រៃ ដោយ​ពុំ​រួសរាន់​សុំ​និង​ទទួល​យក​ជំនួយ​ពី​អន្តរជាតិ លោកប្រធានាធិបតី​តួកគី អែរដូហ្កាន បាន​ថ្លែង​​ ក្នុង​បទ​សម្ភាសន៍​ដោយផ្ទាល់​តាមកញ្ចក់​ទូរទស្សន៍ទទួលស្គាល់​​ថា​ រោងចក្រ​អគ្គីសនី​នៅ​ក្រុង​មីឡាស​Milasនេះ ទំនង​ជា​នឹង​អាច​ត្រូវ​ឆេះ​អស់​សង្គោះ​មិនទាន់។

នេះ​ជា​មហន្តរាយ​ឆេះ​ព្រៃ​​ដ៏​ធំកំណាច​ពុំធ្លាប់​ជួប​ប្រទះ​ទេ​នៅ​​តួកគី​។ បើ​តាម​រូប​ភាព​ផ្កាយ​រណប​​របស់​សហភាព​អឺរ៉ុប អំណាច​ភ្លើង​ឆេះ​ព្រៃ​ដែលចាប់​ឆេះ​​តាំង​ពី​សប្តាហ៍​មុន​មក មាន​កម្លាំង​​រាលដាល​យ៉ាង​លឿន​ស្លេវ​ មិនធ្លាប់​មាន​ទេ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៣​មក។ សម្រាប់​អ្នក​ជំនាញ មហន្តរាយ​នេះ​​បណ្តាលមកពីសីតុណ្ហភាពឡើង​ក្តៅ​​ខ្លាំង (៤៥អង្សាកន្លះ នៅ​សប្តាហ៍នេះ) ដែល​មានពាក់​ព័ន្ធនឹង​ការ​ឡើងកម្តៅ​នៃ​ភពផែនដី។ ការ​ប្រែប្រួល​អាកាស​ធាតុ នឹង​បង្កើន​គ្រោះ​ភ្លើង​ឆេះព្រៃ​កាន់តែញយ​និង​កាន់​តែ​សាហាវ​នៅ​ក្នុង​ប្រទេស​ដូច​យ៉ាងតួកគី​។ នេះបើតាម​អ្នក​ជំនាញ​អាកាសធាតុ​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ