អានតួអត្ថបទ
ស៊ីប-បរិស្ថាន

ស៊ីប៖មានស្លាប់យ៉ាងតិច ៤នាក់នៅក្នុងគ្រោះថ្នាក់ភ្លើងឆេះព្រៃត្រូដូសស្ថិតប៉ែកខាងត្បូង

នៅ​ក្នុង​ប្រទេស​ស៊ីប ព្រៃ​ត្រូដូស​ស្ថិត​ប៉ែក​ខាងត្បូង​ប្រទេស​បាន​រង​ការ​ឆាបឆេះ​តាំង​ពី​ថ្ងៃ​សៅរ៍ ទី៣ កក្កដា។ រដ្ឋអំណាច​បាន​ប្រកាស​ក្នុង​ថ្ងៃ​អាទិត្យ ទី៤ កក្កដា​ពី​ការ​ស្លាប់​មនុស្ស​ចំនួន ៤នាក់​ជា​ជនជាតិ​អេហ្ស៊ីប​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ។ ចំណែក​ប្រធានាធិបតី​លោក​នីកូស អាណាស្តាស៊ីយ៉ាដ​បាន​ចាត់​ទុក​ភ្លើងឆេះព្រៃ​ពេល​នេះ​ជា​សោកនាដកម្ម​មួយ​ដ៏​អាក្រក់ និង​ដ៏​ធំ​តាំង​ពី​ស៊ីប​ត្រូវ​បាន​ពុះ​ចែក​ជា​ពីរ​ក្នុង​ឆ្នាំ ១៩៧៤។

នៅ​ក្នុង​ប្រទេស​ស៊ីប មានស្លាប់យ៉ាងតិច ៤នាក់នៅក្នុងគ្រោះថ្នាក់ភ្លើងឆេះព្រៃត្រូដូសស្ថិតប៉ែកខាងត្បូង។
នៅ​ក្នុង​ប្រទេស​ស៊ីប មានស្លាប់យ៉ាងតិច ៤នាក់នៅក្នុងគ្រោះថ្នាក់ភ្លើងឆេះព្រៃត្រូដូសស្ថិតប៉ែកខាងត្បូង។ AP - Petros Karadjias
ផ្សាយពាណិជ្ជកម្ម

អណ្តាត​ភ្លើង​បាន​ចាប់​ផ្តើម​ពី​ប៉ែកខាងជើង​នៃ​ស្រុក​កំពង់ផែ​លីម៉ាសុល​នា​ថ្ងៃ​សៅរ៍ ទី៣ កក្កដា មុន​នឹង​ឆ្លង​ទៅ​ឆាបឆេះ​ដល់​ប៉ែកខាងត្បូង​នៃ​ព្រៃ​ត្រូដូស​ដែល​ត្រូវ​បាន​ស៊ីប​ចាត់​ទុក​ជា​បេះដូង​បៃតង​ដ៏​សំខាន់។ « ជា​សោកនាដកម្ម​មួយ​ដ៏​ធំ​គិត​តាំង​ពី​ឆ្នាំ ១៩៧៤ » នេះ​ជា​ឃ្លា​របស់​ប្រធានាធិបតី​លោក​នីកូស អាណាស្តាស៊ីយ៉ាដ​នៅ​ក្នុង​ទំព័រ​បណ្តាញសង្គម Twitter។ ការ​លើក​ឡើង​នូវ​ឆ្នាំ ១៩៧៤ ព្រោះ​ជា​ឆ្នាំ​ដែល​ស៊ីប​ត្រូវ​បាន​ពុះ​ចែក​ជា​ពីរ។ លោក​អាណាស្តាស៊ីយ៉ាដ​បាន​បន្ថែម​ថា មាន​ការ​បាត់បង់​ជីវិត​មនុស្ស កម្មសិទ្ធិ ដីធ្លី និង​ព្រៃឈើ​នៅ​ក្នុង​ព្រឹត្តិការណ៍​ឆេះព្រៃ​ពេល​នេះ។ តែ​លោក​អាណាស្តាស៊ីយ៉ាដ​មិន​ភ្លេច​បញ្ជាក់​ទេ​ថា រដ្ឋាភិបាល​នឹង​ជួយ​ជនរងគ្រោះ និង​សាច់ញាតិ​របស់​ជនរងគ្រោះ​ភ្លាមៗ។

បើ​តាម​លោក​នីកូស អាណាស្តាស៊ីយ៉ាដ មាន​ផ្ទៃព្រៃ​ជាង ៥៥គីឡូម៉ែត្រ​ការ៉េ​ត្រូវ​បាន​អណ្តាត​ភ្លើង​លេប​យក និង​ថា ស្ថានការណ៍​បាន​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​មួយ​ផ្នែក។ តែ​លោក​បាន​ព្រមាន​ពី​សន្ទុះ​នៃ​ការ​ឆាបឆេះ​ដោយសារ​កំណើន​ឥទ្ធិពល​ខ្យល់។ ចំណែក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោក​នីកូស នូរីស​បាន​ប្រកាស​ថា មាន​សាកសព​ខ្លោច​ដោយ​ភ្លើង​ឆេះ​ចំនួន ៤នាក់​ជា​ជនជាតិ​អេហ្ស៊ីប​ត្រូវ​បាន​រក​ឃើញ​នៅ​ក្បែរ​ស្រុក​អូដូស​ស្ថិត​ក្នុង​តំបន់​ឡារណាកា។ អត្តសញ្ញាណ​សាកសព​ទាំង​ ៤នាក់​នេះ​ក៏​ត្រូវ​បាន​បញ្ជាក់​ពី​ក្រសួង​ការបរទេស​អេហ្ស៊ីប​ក្នុង​ថ្ងៃ​អាទិត្យ ទី៤ កក្កដា​ដោយ​បន្ថែម​ថា ជនជាតិ​អេហ្ស៊ីប​ស្លាប់​ទាំង ៤នាក់​ជា​ពលករ​ធ្វើ​ការ​ក្នុង​ប្រទេស​ស៊ីប។

ជា​កូន​ប្រទេស​តូច​មួយ​ស្ថិត​ក្នុង​សហភាពអឺរ៉ុប ស៊ីប​ឧស្សាហ៍​ស្គាល់​ភ្លើងឆេះ​ព្រៃ​នៅ​ក្នុង​រដូវក្តៅ​ដែល​មាន​រយៈពេល​ពី​ខែ​មិថុនា​ដល់​ខែ​តុលា​ដោយ​មាន​សីតុណ្ហភាព​ក្តៅខ្លាំង។ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ស៊ីប​បាន​ស្គាល់​សីតុណ្ហភាព​លើស​ពី ៤០អង្សារ។ ប្រឈម​នឹង​មហា​សោកនាដកម្ម​ភ្លើងឆេះព្រៃពេល​នេះ រដ្ឋាភិបាល​ក្រុង​នីកូស៊ី​បាន​អំពាវនាវ​រក​ជំនួយ​អន្តរជាតិ​តាំង​ពី​យប់​ថ្ងៃ​សៅរ៍ ទី៣ កក្កដា។ ប្រទេស​ក្រិក និង​អ៊ីតាលី​បាន​ឆ្លើយ​តប​នឹង​ការ​អំពាវនាវ​របស់​ស៊ីប​នៅ​ក្នុង​ក្របខណ្ឌ​នៃ​យន្តការ​អឺរ៉ុប​ដោយ​បាន​បញ្ជូន​យន្តហោះ​ពន្លត់​អគ្កីភ័យ។ ចំណែក​អ៊ីស្រាអែល​ជា​ប្រទេស​ជិតខាង​បាន​បញ្ជូន​យន្តហោះ​ពន្លត់​អគ្កីភ័យ​ចំនួន​ពីរ​គ្រឿង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ