អានតួអត្ថបទ
តួកគី-រុស្ស៊ី

លោក​ប្រធានាធិបតីអ៊ែរដូហ្កាន៖ តួកគី និងរុស្ស៊ី អាចចាប់ដៃគ្នា ក្នុង​វិស័យឧស្សាហកម្ម​ផលិតយន្តហោះចម្បាំង

នៅក្រោយជំនួប​ជាមួយ​ប្រមុខរដ្ឋ​រុស្ស៊ី លោក​វ្លាឌីមៀរ ពូទីន លោក​ប្រធានាធិបតី​តួកគី អ៊ែរដូហ្កាន បាន​មាន​ប្រសាសន៍ថា រុស្ស៊ី និង​តួកគី​អាច​ចាប់ដៃ សហការគ្នា ផលិត​យន្តហោះ​ចម្បាំង និង​នាវាមុជទឹក។ នេះបើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មាន​រដ្ឋតួកគី កាលពីថ្ងៃ​ព្រហស្បតិ៍ ទី ៣០​កញ្ញា។ ដំណឹង​នេះ​ប្រាកដ​ជា​នឹង​ធ្វើឲ្យអាមេរិក សម្ព័ន្ធមិត្ត​របស់តួកគី ក្នុង​អង្គការ​អូតង់ អាក់អន់ មិន​សប្បាយចិត្ត។

ប្រព័ន្ធខែលមីស៊ីល ប្រភេទ S-400របស់​រុស្ស៊ី ដែល​តួកគី​ទិញ ពី​រុស្ស៊ីសម្រាប់​បំពាក់ឲ្យ​កងទ័ពអាកាសរបស់ខ្លួន បាន​ទៅ​ទឹកដី​តួកគី នៅ​ខែ សីហា ២០១៩
ប្រព័ន្ធខែលមីស៊ីល ប្រភេទ S-400របស់​រុស្ស៊ី ដែល​តួកគី​ទិញ ពី​រុស្ស៊ីសម្រាប់​បំពាក់ឲ្យ​កងទ័ពអាកាសរបស់ខ្លួន បាន​ទៅ​ទឹកដី​តួកគី នៅ​ខែ សីហា ២០១៩ AP
ផ្សាយពាណិជ្ជកម្ម

នៅក្នុងដំណើរ​វិលត្រលប់​ពី​ទីក្រុង​Sutchi ជាទី​ដែល​លោក​បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ ប្រធានាធិបតី​រុស្ស៊ី មេដឹកនាំ​តួកគី លោក​អ៊ែរដូហ្កាន​បាន​និយាយ​ប្រាប់​អ្នកកាសែត​ពី​គម្រោង​សហប្រតិបត្តិការ​យោធា រុស្ស៊ី-តួកគី។

តាម​ប្រធានាធិបតី​តួកគី ដែល​ស្រង់សំដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវ​រដ្ឋ​តួកគី Anadolu លោក​និង​ប្រធានាធិបតី​រុស្ស៊ី​បាន​ពិភាក្សាគ្នា​ពីរឿងជាច្រើន​ដែល​ប្រទេស​ទាំងពីរ​អាច​ធ្វើរួមគ្នា ដែលមាន​ តាំង​ពីការសាងសង់​ម៉ាស៊ីន​យន្តហោះ យន្តហោះចម្បាំង និងនាវាចម្បាំង ហើយ​បើសិន​អាចទៅរួច ប្រទេសទាំងពីរ​អាច​សហការគ្នា​ដើម្បី​ផលិត​នាវាមុជទឹកទៀត។

ទាក់ទង​នឹង​សហប្រតិបត្តិការយោធា​រុស្ស៊ី-តួកគី ប្រមុខដឹកនាំ​តួកគី​បាន​បញ្ជាក់ថា តួកគីមិនអាច​ដើរ​ថយក្រោយ ប្តូរចិត្ត ក្នុងសំណុំរឿង​ទិញ ប្រព័ន្ធ​ខែល​មីស៊ីលប្រភេទ S-400 ​ពី ប្រទេស​រុស្ស៊ី នោះទេ។ ការអះអាង បញ្ជាក់​របស់​ប្រធានាធិបតី​តួកគី​នឹង​អាច​ធ្វើ​ឲ្យ​ទំនាក់ទំនង​តួកគី ជាមួយ អាមេរិក​កាន់តែ តានតឹងមួយកំរិត​ទៀត។ ដោយសារ​តែ តួកគី​បញ្ជាទិញ​ប្រព័ន្ធ​ខែល​មីស៊ីល​របស់​រុស្ស៊ី វ៉ាស៊ីនតោន​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​អង់ការ៉ា កាលពី​ឆ្នាំមុន ដោយ​បាន​ដក​អង់ការ៉ា ចេញពី​កម្មវិធីផលិត​យន្តហោះចម្បាំង ទំនើប​របស់​អាមេរិក ប្រភេទ​F -35។ អាមេរិក​ធ្លាប់​បាន​លើកហេតុផល​ថា ការណ៍ដែល​តួកគី សមាជិក​របស់​សម្ព័ន្ធអូតង់ ទិញ​ប្រព័ន្ធខែលមីស៊ីល​រុស្ស៊ី​មក​បំពាក់​ឲ្យ​កងទ័ព​របស់ខ្លួន គឺ​ជារឿង​មិន​សមស្រប​នឹង​គោលនយោបាយ​របស់​អូតង់ទាល់តែសោះ។ ម្យ៉ាង អាមេរិក​ខ្លាច​ថា រុស្ស៊ី​អាច​ប្រើ​ប្រព័ន្ធ​ខែលមីស៊ីល តាំងទី​នៅទឹកដី​តួកគី ដើម្បីចូលលួច​យក បច្ចេកវិទ្យា​សម្ងាត់​របស់​អាមេរិក។

ថ្លែងទៅកាន់​ក្រុមអ្នកកាសែត ដែល​មាន​វត្តមាន​ក្នុង​យន្តហោះ កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោកប្រធានាធិបតី​តួកគី បាន​អំពាវនាវឲ្យ​សម្ព័ន្ធមិត្ត​អាមេរិក ត្រូវ​សម្រេច​បញ្ជូន យន្តហោះ​ចម្បាំង ឬ​ត្រូវ​សង​លុយ​ជាង ១,៤ពាន់​លាន​ដុល្លារ ដែល​តួកគី​បានផ្តល់​ទៅ​ឲ្យ​ភាគី​អាមេរិក​សម្រាប់​កិច្ចសន្យា​ទិញ​យន្តហោះចម្បាំង ប្រភេទ F-35។

អាមេរិក និង​តួកគី ដែល​ជាសមាជិកដូចគ្នា ក្នុង​សម្ព័ន្ធអូតង់ មានទំនាក់ទំនង មិន​រលូនល្អ ចាប់​តាំងពីតួកគី សម្រេច​ទិញ​ប្រព័ន្ធខែលមីស៊ីល​រុស្ស៊ី។ នៅ​សប្តាហ៍មុន លោកប្រធានាធិបតី​តួកគី បាន​បញ្ជាក់ថា ទំនាក់ទំនាក់​ជាមួយ រដ្ឋបាល​លោក​ចូ បៃដិន ក៏មិនបាន​ល្អប្រសើរ​ជាង​មុន​ដែរ។

តានតឹង​ជាមួយ​សមាជិក​អូតង់ ដូចជា​អាមេរិក ក្រិក បារាំង តួកគី​បាន​ងាក​ទៅ​ត្រូវរ៉ូវ​ជាមួយ រុស្ស៊ី ដែលតាមពិត​ជា​គូប្រជែង របស់​តួកគី ក្នុងសង្រ្គាមស៊ីវិល ស៊ីរី និង​លីប៊ី។ នៅពេល តួកគី និង​រុស្ស៊ី ជាគូប្រជែងក្នុងតំបន់ ដោយ ម្ខាងៗ គាំទ្រ​ភាគី ជម្លោះរៀងៗខ្លួន តួកគី និង​រុស្ស៊ី នៅតែ​រក្សា​ទំនាក់ទំនងល្អ សម្រាប់​ផលប្រយោជន៍​សេដ្ឋកិច្ច និង​យុទ្ធសាស្រ្តរួមគ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ