អានតួអត្ថបទ
ឥណ្ឌូណេស៊ី-G២០

ឥណ្ឌូណេស៊ី-G២០៖អាមេរិកសង្ឃឹមការចូលរួមបន្ថែមរបស់ចិនក្នុងការបន្ធូរបន្ធយប្រាក់បំណុលរបស់ប្រទេសក្រីក្រ

ប្រទេស​ឥណ្ឌូណេស៊ី​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ និង​ប្រធាន​ធនាគារកណ្តាល​នៃ​ក្រុម​ប្រទេស G២០ រយៈពេល ២ថ្ងៃ​ដោយ​ចាប់​ផ្តើម​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ កុម្ភៈ។ បន្ធូរបន្ធយ​ប្រាក់បំណុល​របស់​ក្រុម​ប្រទេស​ក្រីក្រ​ជា​ប្រធានបទ​សំខាន់​មួយ​ក្នុង​ចំណោម​ប្រធានបទសំខាន់​ជា​ច្រើន​ដែល G២០ ត្រូវ​លើក​យក​ទៅ​ជជែក​នៅ​ក្នុង​កិច្ចប្រជុំ​រយៈ​ពេល ២ថ្ងៃ។ រដ្ឋមន្រ្តី​ក្រសួង​ហិរញវត្ថុ​អាមេរិក​លោកស្រី​ចានែត យេលែន​បាន​អំពាវនាវ​ឲ្យ G២០ គិតគូរ​ឲ្យ​បាន​លឿន​ពី​ការ​បន្ធូរបន្ធយ​ប្រាក់បំណុល​របស់​ប្រទេស​ក្រីក្រ ពិសេស​ចង់​ឲ្យ​មាន​ការ​ចូលរួម​បន្ថែម​របស់​ចិន។

ឥណ្ឌូណេស៊ី-G២០៖អាមេរិកសង្ឃឹមការចូលរួមបន្ថែមរបស់ចិនក្នុងការបន្ធូរបន្ធយប្រាក់បំណុលរបស់ប្រទេសក្រីក្រ
ឥណ្ឌូណេស៊ី-G២០៖អាមេរិកសង្ឃឹមការចូលរួមបន្ថែមរបស់ចិនក្នុងការបន្ធូរបន្ធយប្រាក់បំណុលរបស់ប្រទេសក្រីក្រ AP - Mast Irham
ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ និង​ប្រធាន​ធនាគារកណ្តាល​នៃ​ក្រុម​ប្រទេស G២០ បាន​ចាប់​ផ្តើម​ជា​មួយ​នឹង​សុន្ទរកថា​របស់​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក​យ៉ូកូ វីដូដូ។ ក៏​ដូច​ជា​នៅ​ក្នុង​កិច្ចប្រជុំ​នា​រយៈពេល ២ឆ្នាំ​ចុង​ក្រោយ កិច្ចប្រជុំ​ក្នុង​ឆ្នាំ ២០២២ នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បរិបទ​ដែល​ពិភពលោក​កំពុង​បន្ត​អូសជើង​នៅ​ក្នុង​វិបត្តិ​កូវីដ១៩ និង​ដែល​ស្ថានភាព​សេដ្ឋកិច្ច​ទើប​បាន​ប្រសើរ​ឡើង​វិញ​បន្តិច។ តែ​ទន្ទឹម​គ្នា​នេះ ពិភពលោក​បាន និង​កំពុង​ប្រឈម​នឹង​វិបត្តិ​អ៊ុយក្រែន​ថ្មី​មួយ​ទៀត​ដែល​បស្ចិមប្រទេស និង​រុស្ស៊ី​កំពុង​បន្ត​ដំឡើង​សំឡេង​ដាក់​គ្នា។

នៅ​ក្នុង​សុន្ទរកថា លោក​វីដូដូ​បាន​គូសបញ្ជាក់​ដោយ​ព្រមាន​ថា វា​មិនមែន​ជា​ពេល​វេលា​ដើម្បី​សំឡឹង​មើល​ការ​ប្រជែង​គ្នា និង​ការ​បង្កើត​ភាព​តានតឹង​ថ្មី​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខពិភពលោក និង​បំផ្លាញ​ដល់​ការ​ងើប​ឡើង​វិញ​នូវ​សេដ្ឋកិច្ច​សកល​ទេ។ តាម​លោក​វីដូដូ វា​ជា​ពេល​វេលា​ដែល​ទាំង​អស់​ត្រូវ​រួម​សហការ​គ្នា​ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ចពិភពលោក​ឡើង​វិញ។ ប្រធានរឿង​ដែល G២០ ត្រូវ​លើក​យក​ទៅ​ជជែក​នៅ​ក្នុង​កិច្ចប្រជុំ​រយៈពេល ២ថ្ងៃ​រួម​មាន កំណើន​អត្រា​អតិផរណា​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន គោលនយោបាយ​រូបិយវត្ថុ​របស់​ក្រុម​ប្រទេស​អភិវឌ្ឍន៍​ចំពោះ​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍ កំណែទម្រង់​លើ​ការ​យក​ពន្ធ​អន្តរជាតិ ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​សកល ឬ​មួយ​បន្ធូរបន្ធយ​ប្រាក់បំណុល​របស់​ក្រុម​ប្រទេស​ក្រីក្រ។

ប្រធានរឿង​ស្តីពី​ការ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​សកល និង​ការ​បន្ធូរបន្ធយ​ប្រាក់បំណុល​របស់​ក្រុម​ប្រទេស​ក្រីក្រ​ត្រូវ​បាន​ចាប់​អារម្មណ៍​ខ្លាំង​ដោយ​រដ្ឋមន្រ្តី​ហិរញវត្ថុ​អាមេរិក​លោកស្រី​ចានែត យេលែន។ លោកស្រី​ចានែត យេលែន​យល់​ថា វា​ជា​រឿង​បន្ទាន់​បំផុត​ដែល​គេ​ត្រូវ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​សកល​ដើម្បី​អាច​មាន​មធ្យោបាយ​គ្រប់គ្រាន់​ក្នុង​ការ​បង្ការ រៀបចំ និង​ដោះស្រាយ​ភ្លាមៗ​នៅ​ពេល​មាន​ផ្ទុះ​ជំងឺ​ឆ្លង​សកល​ជា​យថាហេតុ​នា​ពេល​ខាង​មុខ។ ទាក់ទង​នឹង​ការ​បន្ធូរបន្ធយ​ប្រាក់បំណុល​របស់​ក្រុម​ប្រទេស​ក្រីក្រ​ត្រូវ​បាន​លោកស្រី​ចានែត យេលែន​អំពាវនាវ​ឲ្យ G២០ ពន្លឿន​ការងារ​របស់​ខ្លួន ពិសេស​បាន​ស្នើ​ឲ្យ​មាន​ការ​ចូលរួម​បន្ថែម​របស់​ចិន។ តាម​លោកស្រី​ចានែត យេលែន ប្រាក់បំណុល​នៅ​ក្នុង​ក្រុម​ប្រទេស​ក្រីក្រ​បាន​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​សម័យ​កូវីដ១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ