អានតួអត្ថបទ

លោកអ៊ែរដូហ្កាន៖តួកគីនឹងមិនរង់ចាំការអនុញ្ញាតពីអាមេរិកដើម្បីបើកប្រតិបត្តិថ្មីនៅស៊ីរីទេ

ប្រធានាធិបតី​តួកគី​លោក​អ៊ែរដូហ្កាន​បាន​ថ្លែង​ថា តួកគី​នឹង​មិន​រង់ចាំ​ការ​អនុញ្ញាត​ពី​អាមេរិក​ដើម្បី​បើក​ប្រតិបត្តិការ​ថ្មី​នៅ​ក្នុង​ប្រទេស​ស៊ីរី​ទេ។ ប្រតិបត្តិការ​ថ្មី​ដែល​លោក​អ៊ែរដូហ្កាន​ចង់​និយាយ​នេះ គឺ​គម្រោង​វាយប្រហារ​ផ្លូវ​យោធា​ទៅ​លើ​ក្រុម​ប្រដាប់អាវុធ​គួដឌីស្ថាន​នៅ​ប៉ែក​ខាង​ជើង​ស៊ីរី​ដែល​លោក​បាន​ប្រកាស​ក្នុង​ថ្ងៃ​ចន្ទ ទី២៣ ឧសភា និង​ដែល​អាមេរិក​បាន​សម្តែង​ក្តីបារម្ភ​ជា​ពន់ពេក​ក្នុង​ថ្ងៃ​អង្គារ ទី២៤ ឧសភា។ ដោយឡែក លោក​អ៊ែរដូហ្កាន​បាន​ចោទ​ជា​ថ្មី​លើ​ប្រទេស​ហ្វាំងឡង់ និង​ស៊ុយអែត​ពី​បទ​គាំទ្រ និង​ផ្តល់​ជម្រក​ឲ្យ​សកម្មជន​គួដឌីស្ថាន​របស់​គណបក្ស PKK។

ប្រធានាធិបតី​តួកគី​លោក​អ៊ែរដូហ្កាន​
ប្រធានាធិបតី​តួកគី​លោក​អ៊ែរដូហ្កាន​ AP
ផ្សាយពាណិជ្ជកម្ម

« គេ​មិន​អាច​បើក​យុទ្ធនាការ​ប្រឆាំង​ភេរវនិយម​ដោយ​រង់​ការ​អនុញ្ញាត​ពី​អ្នក​ណា​ម្នាក់​ទេ » នេះ​ជា​ការ​លើក​ឡើង​របស់​ប្រធានាធិបតី​តួកគី​លោក​អ៊ែរដូហ្កាន​ទៅ​កាន់​ក្រុម​អ្នកកាសែត​នៅ​ពេល​លោក​ត្រឡប់​ពី​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អាស៊ែបៃហ្សង់។ លោក​អ៊ែរដូហ្កាន​បាន​ចោទ​ជា​សំណួរ និង​ផ្តល់​ចម្លើយ​ខ្លួន​ឯង​ថា « តើ​យើង​នឹង​ធ្វើ​អ្វី បើ​អាមេរិក​មិន​ចូលរួម​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​ភេរវនិយម?។ យើង​នឹង​ចាត់​ការ​ដោយ​ខ្លួន​ឯង »។ ប្រតិកម្ម​របស់​មនុស្សខ្លាំង​តួកគី​រូប​នេះ​ជា​ការ​ឆ្លើយ​តប​នឹង​ក្តីបារម្ភ​របស់​អាមេរិក​ក្នុង​ថ្ងៃ​អង្គារ ទី២៤ ឧសភា។ តាម​ពិត ក្តីបារម្ភ​របស់​អាមេរិក​បាន​ធ្វើ​ឡើង ក្រោយ​ពី​លោក​អ៊ែរដូហ្កាន​បាន​ប្រកាស​ក្នុង​ថ្ងៃ​ចន្ទ ទី២៣ ឧសភា​ថា តួកគី​នឹង​បើក​ការ​វាយប្រហារ​ជា​ថ្មី​នៅ​ប៉ែក​ខាងជើង​ស៊ីរី។

គួរ​រម្លឹក​ថា​គិត​តាំង​ពី​ឆ្នាំ ២០១៦ តួកគី​ធ្លាប់​បាន​បើក​ការ​វាយប្រហារ​នៅ​ប៉ែក​ខាងជើង​ស៊ីរី​ចំនួន ៣ដង​ទៅ​លើ​ក្រុម​ប្រដាប់អាវុធ​គួដឌីស្ថាន​ដែល​តួកគី​ចាត់​ទុក​ជា​ក្រុម​ភេរវជន។ តែ​ក្រោម​ភ្នែក ច្រមុះ​របស់​អាមេរិក ក្រុម​ប្រដាប់អាវុធ​គួដឌីស្ថាន​នៅ​ប៉ែក​ខាង​ជើង​ស៊ីរី​នេះ​បាន​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ ដោយឡែក លោក​អ៊ែរដូហ្កាន​ក៏​ត្រូវ​បាន​អ្នកកាសែត​ចោទ​សួរ​ពី​រឿង​សុំ​ចូល​អង្គការ​អូតង់​របស់​ប្រទេស​ហ្វាំងឡង់ និង​ស៊ុយអែត​ដែល​តួកគី​កំពុង​ជំទាស់​នៅ​ពេល​នេះ។ តាម​លោក​អ៊ែរដូហ្កាន កិច្ចចរចា​ក្នុង​ទីក្រុង​អង់ការ៉ា​កាល​ពី​ថ្ងៃ​ពុធ ទី២៥ ឧសភា​រវាង​គណៈប្រតិភូ​តួកគី ហ្វាំងឡង់ និង​ស៊ុយអែត​មិន​បាន​ហុច​លទ្ធផល​ដូច​ដែល​តួកគី​បាន​រង់ចាំ​ទេ។

ជា​ថ្មី​ម្តង​ទៀត លោក​អ៊ែរដូហ្កាន​បាន​ចោទ​ហ្វាំងឡង់ និង​ស៊ុយអែត​ពី​បទ​បាន​គាំទ្រ​ភេរវនិយម ពិសេស​ចង្អុល​មុខ​ស៊ុយអែត​ដែល​បាន​ផ្តល់​ជម្រក​ឲ្យ​ក្រុម​សកម្មជន​គួដឌីស្ថាន PKK ដែល​តួកគី​ចាត់​ទុក​ដូច​ជា​អង្គការ​ភេរវនិយម​មួយ។ លោក​អ៊ែរដូហ្កាន​យល់​ថា ស៊ុយអែត​មិន​ទៀងត្រង់ និង​ស្មោះ​មិន​ពិត។ ទាក់ទង​នឹង​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ត្រូវ​បាន​លោក​អ៊ែរដូហ្កាន​បញ្ជាក់​ថា លោក​ចង់​ឃើញ​សង្រ្គាម​មួយ​នេះ​ចប់​ឆាប់ៗ​ដែល​អាច​ធ្វើ​បាន និង​ថា លោក​នឹង​បន្ត​លើក​ទឹកចិត្ត​ឲ្យ​ភាគី​ទាំង​អស់​ងាក​ទៅ​រកដំណោះស្រាយ​បញ្ហា​តាម​កាណាល់​កិច្ចសន្ទនា និង​កាណាល់​ការទូត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ