អានតួអត្ថបទ
រុស្ស៊ី-អ៊ុយក្រែន-ស្បៀងអាហារ

រុស្ស៊ីប្រកាសថា កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិជាមួយអ៊ុយក្រែន​ បានដល់ថ្ងៃអវសានហើយ

វិមានក្រេមឡាំង បានប្រកាសឲ្យដឹង កាលពីថ្ងៃចន្ទទី​១៧កក្កដា​ថា កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ ដែលរុស្ស៊ី​បានចុះ​ជាមួយអ៊ុយក្រែន ត្រូវបាន​ចប់​ហើយ។ ភាគីរុស្ស៊ី អាចនឹងត្រលប់មកចរចា ធ្វើកិច្ចព្រមព្រៀងនេះម្តងទៀត នៅពេល​ណាភាគីគេ គិតថាវាមាន​ប្រយោជន៍។

បុគ្គលិក​ម្នាក់​កំពុងឈរត្រួតពិនិត្យ​គ្រាប់ស្រូវសាឡី នៅកំពង់ផែ Izmail ខាងត្បូងអ៊ុយក្រែន ថ្ងៃទី ២៦ មេសា ២០២៣
បុគ្គលិក​ម្នាក់​កំពុងឈរត្រួតពិនិត្យ​គ្រាប់ស្រូវសាឡី នៅកំពង់ផែ Izmail ខាងត្បូងអ៊ុយក្រែន ថ្ងៃទី ២៦ មេសា ២០២៣ AP - Andrew Kravchenko
ផ្សាយពាណិជ្ជកម្ម

លោក​ ឌីមីទ្រី ប៉េសកូវ អ្នកនាំពាក្យ​វិមានក្រេមឡាំង បាន​បញ្ជាក់​ឲ្យដឹងថា កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិតាមច្រកសមុទ្រខ្មៅ គឺត្រូវចប់ជាស្ថាពរហើយ នៅថ្ងៃចន្ទ ទី​១៧កក្កដា។​ លោក​បន្ថែមថា រុស្ស៊ីអាចនឹងត្រលប់​មកក្នុងកិច្ចព្រមព្រៀងនេះវិញ ល្គឹកណា​រុស្ស៊ីគិតឃើញថា វាមាន​ប្រយោជន៍ ហើយ​បំពេញ​តាម​លក្ខខណ្ឌរបស់រុស្ស៊ី។​

គួរកត់សំគាល់ថា លោក​ពូទីន ប្រធានាធិបតី​រុស្ស៊ី បាន​លើកឡើងជាច្រើនដង ថាធាតុពិតកិច្ចព្រមព្រៀង​នាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែននេះ គឺរុស្ស៊ីមិនបានទទួលផល​អ្វីទេ ព្រោះ​ផលិត​ផល​ចំណីអាហារ និងជីកសិកម្មរបស់រុស្ស៊ី នៅតែត្រូវបានគេរារាំង មិន​ឲ្យ​នាំចេញដដែល​ជាដដែល​។ កាលពីថ្ងៃសៅរ៍​កន្លងទៅ លោកពូទីន បាន​លើកឡើងថា កម្ម​វត្ថុ​ដែល​កំណត់ដោយ​កិច្ចព្រមព្រៀងនេះ ថាដើម្បីជួយ​ប្រទេសក្រីក្រនៅអាហ្វ្រិក ឲ្យ​ទទួលបាន​គ្រាប់ធញ្ញជាតិ​ស្បៀងអាហារនោះ គឺវាគ្មានលក្ខណៈប្រាកដនិយមទេ​។

សូមបញ្ជាក់ថា​ ការប្រកាសរបស់វិមានក្រេមឡាំង ស្តីពីការបិទបញ្ចប់​កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ​អ៊ុយក្រែន គឺត្រូវបានធ្វើឡើងប៉ុន្មានម៉ោង មុនពេល​ដែលកិច្ចព្រមព្រៀងនេះអស់សុពលភាព​។ គួររំលឹកថា កិច្ចព្រមព្រៀងនេះ​ ត្រូវបានចុះហត្ថលេខាដោយភាគីជម្លោះទាំង២ កាលពីខែកក្កដា ឆ្នាំ​២០២២ ដោយ​មានការជ្រោម​ជ្រែងសម្របសម្រួល ពីតួកគី និងអង្គការសហប្រជាជាតិ​។ ប្រមាណ​មួយឆ្នាំមកនេះ កិច្ចព្រមព្រៀងនេះបានអនុញ្ញាតិឲ្យ​អ៊ុយក្រែន អាចនាំចេញគ្រាប់ធញ្ញជាតិ មានដូចជាស្រូវសាឡី និងគ្រាប់ពោត ចំនួន​សរុបប្រមាណ​៣៣លានតោន​ ឆ្ពោះទៅកាន់​ប្រទេសជាច្រើននៅអាហ្វ្រិក ដែលប្រឈមខ្លាំងបំផុតនឹងគ្រោះទុរ្ភឹក្ស។​

ថ្វីត្បិតតែក្រេមឡាំងបាន​ប្រកាសថា កិច្ចព្រមព្រៀងនេះត្រូវចូលជាអវសាន​ហើយក្តី លោក​ប្រធានាធិបតីតួកគី អ៊ែរដូហ្កាន់ បាន​អះអាងថា លោកមានជំនឿចិត្តថា លោក​ពូទីនដែលមិត្ត​ស្និទស្នាលរបស់​លោក មានចេតនាបន្តកិច្ចព្រមព្រៀងនេះទៅមុខទៀត​។

ដោយឡែក លោកស្រីវុនឌឺឡេយែន ប្រធាន​គណកម្មការអឺរ៉ុប បាន​សរសេរលើបណ្តាញ Twitter ដោយ​បរិហារភាគីរុស្ស៊ីថា គ្មានចិត្តធម៌មេត្តា មិនខ្វល់ចំពោះការប្រឹងប្រែងរបស់តួកគី និងអង្គការសហប្រជាជាតិ ក្នុងការបើកផ្លូវដឹកគ្រាប់ធញ្ញជាតិអ៊ុយក្រែន​ចេញទៅប្រទេសក្រីក្រ​។ លោក​ស្រីបាន​បន្តថា សហភាពអឺរ៉ុប​នឹងបន្តប្រឹងប្រែង ដើម្បី​ធានា​ការពារសន្តិសុខស្បៀងអាហារ របស់ប្រជាជននៅតាមបណ្តាប្រទេសក្រីក្រ​។ ដូចគ្នាដែរ អង់គ្លេស​និង​ហូឡង់ បាន​បរិហារថាការសម្រេចរបស់ភាគីរុស្ស៊ី មិនបន្ត​កិច្ចព្រមព្រៀងនេះ គឺជាការសម្រេចដ៏អមនុស្សធម៌ ព្រោះវានឹងបង្អត់អាហារមនុស្សជាច្រើនលាននាក់នៅទូទាំងពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ