អ៊ីរ៉ង់ចាប់ផ្ដើមស៊ើបអង្កេតវានាដឹកប្រេងអង់គ្លេសដែលខ្លួនចាប់បាន
សំណុំរឿងចាប់នាវាដឹកប្រេងអង់គ្លេសពីសំនាក់អ៊ីរ៉ង់នៅតែបន្តជាបច្ចុប្បន្នភាព។ នៅថ្ងៃអាទិត្យ ទី២១ ខែកក្កដាម្សិលមិញ អ៊ីរ៉ង់បានប្រកាសឲ្យដឹងថា ខ្លួនចាប់ផ្ដើមដំណើរការនីតិវិធីស៊ើបអង្កេតលើនាវាអង់គ្លេសមួយគ្រឿង ដែលខ្លួនចាប់បានកាលពីថ្ងៃសុក្រសប្ដាហ៍មុន។ ពីខាងអង់គ្លេសវិញ លោកស្រីនាយករដ្ឋមន្ដ្រី តេរ៉េសា ម៉េ បានកោះប្រជុំបន្ទាន់មួយ ដែលមានការចូលរួមពីមន្ដ្រីសំខាន់ៗនៅក្នុងគណៈរដ្ឋមន្ដ្រី ពិសេសក្នុងវិស័យការពារជាតិ។
ចុះផ្សាយនៅថ្ងៃ៖
វានាដឹកប្រេងអង់គ្លេស កំពុងស្ថិតនៅក្នុងការស៊ើបអង្កេត។ នេះគឺជាការគូសបញ្ជាក់របស់អ៊ីរ៉ង់ បន្ទាប់ពីបានឃាត់នាវាដឹកប្រេងអង់គ្លេសឈ្មោះ Stena Impero នៅថ្ងៃសុក្រ ទី១៩កក្កដា។ អ៊ីរ៉ង់ ចោទនាវាដឹកប្រេងអង់គ្លេសនេះថា មិនគោរពច្បាប់ចរាចរណ៍ផ្លូវសមុទ្រអន្ដរជាតិ និងថែមទាំងបានបុកទូកនេសាទមួយគ្រឿងថែមទៀត។
ការចោទប្រកាន់របស់អ៊ីរ៉ង់ដូច្នេះ ត្រូវបានអង់គ្លេសទាត់ចោលទាំងស្រុង។ នៅក្នុងលិខិតផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃអាទិត្យ ទី២១កក្កដា អង់គ្លេសថា នាវាដឹកប្រេងរបស់ខ្លួន ធ្វើដំណើរនៅក្នុងដែនទឹកអូម៉ង់។ និងថា គេគ្មានភស្តុតាងណាមួយ បញ្ជាក់ពីការបុកទូកនេសាទ ដូចការចោទប្រកាន់របស់អ៊ីរ៉ង់ឡើយ។ សម្រាប់អង់គ្លេស ការចាប់នាវាដឹកប្រេងអង់គ្លេសពីសំណាក់អ៊ីរ៉ង់នេះ គឺជាទង្វើខុសច្បាប់ ធ្វើឡើងដើម្បីបង្ករឿងសុទ្ធសាធ។
នៅក្នុងសំណុំរឿងនេះដែរ លោកស្រីនាយករដ្ឋមន្ដ្រី តេរ៉េសា ម៉េ បានកោះប្រជុំបន្ទាន់មួយនៅថ្ងៃចន្ទនេះ ជាមួយមន្ដ្រីសំខាន់ៗនៅក្នុងជួរគណៈរដ្ឋមន្ដ្រី ពិសេសក្នុងវិស័យការពារជាតិ។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីស្វែងរករបៀបឆ្លើយតបទៅអ៊ីរ៉ង់វិញ។
កន្លងមក ដើម្បីបញ្ចៀសបញ្ហា អង់គ្លេសបានប្រាប់ឲ្យនាវារបស់ខ្លួន ចៀសវាងធ្វើដំណើរតាមច្រកសមុទ្រ អកមូ។ ច្រកសមុទ្រអកមូ គ្រប់គ្រងដោយប្រទេសអ៊ីរ៉ង់ និងប្រទេសអូម៉ង់។ ជាច្រកសមុទ្ទដ៏តូចមួយ ដែលមានទទឹងប្រមាណតែ ៥០គីឡូម៉ែត្រ និងទឹកជ្រៅបំផុតត្រឹម៦០ម៉ែត្រ។ ជាងនេះទៅទៀត អកមូ ជាច្រកតែមួយគត់ ដែលនាំទៅកាន់ឈូងសមុទ្រពែក្ស ជាជង្រុកប្រេង។ ជារៀងរាល់ថ្ងៃ មានប្រេងឆៅជិត ១៧លានបារីលបានដឹកចេញតាមច្រកសមុទ្រអកមូ ពោលជិត ៣០% នៃផលិតផលប្រេងឆៅក្នុងលោកដែលដឹកជញ្ជូនតាមផ្លូវសមុទ្រ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ