អានតួអត្ថបទ

អ៊ីស្រាអែល​ ចាប់ផ្តើម​សាងសង់​បន្លាលួស​នៅតាម​បណ្តោយ​ព្រំដែន​ក្នុង​តំបន់ហ្គាហ្សា​

នៅថ្ងៃអាទិត្យ​ ទី៣​ កុម្ភៈ ឆ្នាំ២០១៩​ ប្រទេស​អ៊ីស្រាអែល​ បានប្រកាសអំពី​ផែនការ​សាងសង់បន្ថែម​នូវ​បន្លាលួស​តាមបណ្តោយព្រំដែន​របស់ខ្លួន​នៅឯតំបន់ហ្គាហ្សា។ មួយវិញទៀត​ បើតាម​ក្រសួងការពារជាតិ​អ៊ីស្រាអែល​ បន្លាលួសតាមរបងព្រំដែន​ នឹងត្រូវ​ស្ថាបនាឲ្យកាន់តែរឹងមាំខ្លាំង​ជាងមុន​ ដើម្បីការពារ​ការវាយប្រហារផ្សេងៗ​ ពីសំណាក់​ក្រុមភេរវជន​ ឬពីចលនា​ប៉ាឡេស្ទីន​ហាម៉ាស​ជ្រុលនិយម​។

ក្រុមបាតុករប៉ាឡេស្ទីន រត់គេចខ្លួនក្នុងអំឡុងពេលតវ៉ាមួយនៅឯតំបន់ព្រំដែនអ៊ីស្រាអែល និងហ្គាហ្សា កាលពីថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០១៩។ ។
ក្រុមបាតុករប៉ាឡេស្ទីន រត់គេចខ្លួនក្នុងអំឡុងពេលតវ៉ាមួយនៅឯតំបន់ព្រំដែនអ៊ីស្រាអែល និងហ្គាហ្សា កាលពីថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០១៩។ ។ REUTERS/Ibraheem Abu Mustafa
ផ្សាយពាណិជ្ជកម្ម

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​លោកនេតាន់យ៉ាហ៊ូ បានប្រាប់​អ្នកសារព័ត៌មានក្នុ​ងស្រុក​ថា នៅចុងខែមករា ឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ​ អ៊ីស្រាអែល​បានចាប់ផ្តើម​ជួសជុលកែកុន​ ធ្វើឲ្យយ៉ាងណា​ឲ្យ​របាំងការពារព្រំដែន​ នៅតំបន់ហ្គាហ្សា​ កាន់តែរឹងមាំ​ខ្លាំងឡើង​។

លោកនេតាន់យ៉ាហ៊ូ​ បាននិយាយទៀតថា​ដើម្បីការពារ​កុំឲ្យក្រុមភេរវជន ​ឬពួកសកម្មប្រយុទ្ធហាម៉ាស​ អាចឆ្លងចូលទៅក្នុង​ដែនដីអ៊ីស្រាអែល​បាន​ របងលួស​តាមបណ្តោយព្រំដែន​នឹងត្រូវស្ថាបនា​ក្នុងរយៈកំពស់​ ៦ម៉ែ្រត ពីដី​ និងមានប្រវែង​៦៥ គីឡូម៉ែត្រ​ នៅតាមតំបន់​ព្រំខណ្ឌចែកដែនដី​ស្រាអែល​ និង​ដែនដីប៉ាឡេស្ទីន-ហ្គាហ្សា​។

ទាក់ទងនឹង​គោលនយោបាយ​ពង្រឹងសន្តិសុខ​តាមតំបន់ព្រំដែន​ របស់​លោកនាយកអ៊ីស្រាអែល​នេះដែរ​ គេជឿថា​ នេះជាយុទ្ធសាស្ត្រ​ដើម្បីទាក់ទាញ​ប្រជាប្រិយភាព​ ជាពិសេស​នៅមុន​ការបោះឆ្នោតមកដល់​ នាខែមេសា​ ឆ្នាំ២០១៩​ ខាងមុខ​។

តែផ្ទុយពី​ការលើកឡើង​ខាងលើ​ រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែល​ បានលើកឡើងថា​ ការរឹតបន្តឹង​សន្តិសុខ​ តាមខ្សែបន្ទាត់ព្រំដែន មិនមាន​ជាប់ពាក់ព័ន្ធអ្វី​ ទៅនឹង​ការបោះឆ្នោត​ក្នុងប្រទេសអ៊ីស្រាអែល​នាពេល​ខាងមុខ​នោះទេ​។ លោក​បញ្ជាក់​បន្ថែមទៀតថា​ ដោយសារតែ​ភាព​រញ៉េរញៃ-អសន្តិសុខ​នៅតែកើតមាន​ នៅក្បែរ​តំបន់​ព្រំដែន​ហ្គាហ្សា​ ទើប​អាជ្ញាធរ​អ៊ីស្រាអែល​ចាត់វិធានការ​បែបនេះ​។

សូមរឮកជូនថា​ ជាទូទៅ​ក្រុមហាម៉ាស​និងទាហាន​អ៊ីស្រាអែល​ តែងតែ​ប៉ះទង្គិចគ្នា​ជាញឹកញយ​ នៅតាម​តំបន់ព្រំដែនហ្គាហ្សា​។ ជាក់ស្តែង​ ស្ទើរតែជា​រៀងរាល់​សប្តាហ៍ទៅហើយ​ ដែល​ក្រុមហាម៉ាស​ប្រមូលម្តុំគ្នា​តវ៉ា​ ដើម្បីឲ្យ​អ៊ីស្រាអែល​យល់ព្រមឲ្យ​ជនជាតិប៉ាឡេស្ទីន​ ដែលភៀសខ្លួន​ដោយសារ​សង្គ្រាម​នាឆ្នាំ១៩៤៨​ ចូលទៅ​តាំង​ទីលំនៅ​ក្នុងទឹកដៃកំណើតវិញ​។ ទឹកដៃកំណើត​ ដែលបច្ចុប្បន្ន​ ជាទឹកដី​ស្ថិតក្រោម​ការគ្រប់គ្រង​ប្រទេស​អ៊ីស្រាអែល​។

គួរជ្រាបទៀតថា​ ចាប់តាំងពី​ខែមីនា​ ឆ្នាំ២០១៨​ រហូតមកដល់​ពេលនេះ​ មាន​ប្រជាជនប៉ាឡេស្ទីន​ យ៉ាងហោចណាស់ក៏​ចំនួន​ ២៤៦​ នាក់ដែរបានស្លាប់ និងទាហានអ៊ីស្រាអែល ២ នាក់ស្លាប់​ ដោយសារតែ​ការប៉ះទង្គិចគ្នា​នៅឯតំបន់ហ្គាហ្សា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ