អានតួអត្ថបទ
ចិន

ម្ចាស់​​​រង្វាន់​ណូបែល​សន្តិភាព​ បាន​ជួប​គ្រួសារ​ក្នុង​ពន្ធនាគារ និង​នៅ​គេហដ្ឋាន

លោក លីវ ស៊ាវប៉ូ ​​ ​ជ័យ​លាភី​​រង្វាន់​ណូបែល​សន្តិភាពចិន​ឆ្នាំ​២០១០​ ជា​ជ័យ​លាភី​តែ​​​ម្នាក់ឯង​​គត់​ ​ដែល​កំពុង​​ស្ថិត​​ក្នុង​ពន្ធនាគារ​ នៅ​​ប្រទេស​ចិន។​ ប៉ុន្តែ​ កាលពី​ពេល​ថ្មីៗ​នេះ ​អាជ្ញាធរ​ប៉េកាំង​​បាន​អនុញ្ញាត​ឲ្យ​ក្រុម​គ្រួសារ​ចូល​សួរ​សុខទុក្ខ ដល់​​ពន្ធនាគារ និង​បាន​អនុញ្ញាត​ជា​ពិសេស ឲ្យ​លោក បាន​ចេញ​មក​ផ្ទះ​​មួយ​ភ្លែត នា​​ឱកាស​បុណ្យ​សព​ឪពុក។

ឆាក​ឈុត​សម្តែង​អំពី​ការ​ចាប់​លោក Liu Xiaobo នៅ​ហុងកុង ថ្ងៃ​ទី​១៧​ សីហា ២០១១
ឆាក​ឈុត​សម្តែង​អំពី​ការ​ចាប់​លោក Liu Xiaobo នៅ​ហុងកុង ថ្ងៃ​ទី​១៧​ សីហា ២០១១ Reuters 路透社/Bobby Yip
ផ្សាយពាណិជ្ជកម្ម

 

សុខភាព​ផ្លូវកាយ​របស់​លោក​ លីវ ស៊ាវប៉ូ ហាក់​ដូច​ជា​ល្អ​ប្រសើរ​ គ្មាន​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ​ខ្លាំង​ទេ ! នេះ​បើ​តាម​ប្រសាសន៍​របស់​ លោក លីវ ស៊ាវហួន ជា​ប្អូន​ប្រុស នៅ​ថ្ងៃ​អង្គារ​នេះ ដែល​មិន​​អាច​បរិយាយលម្អិត​បាន​ឡើយ ​អំពី​​រយៈពេល​ និង​អំពី​សកម្មភាព​របស់​លោក​ លីវ ស៊ាវប៉ូ ពេល​បាន​មក​លេង​ផ្ទះ​​មួយ​ភ្លែត​ ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​សព​ឪពុក​នោះ។ ព្រោះ​នេះ​ជា​បញ្ញត្តិ​​របស់​អាជ្ញាធរ​ !

លោក លីវ ស៊ាវប៉ូ ដែល​ជា​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​​ គ្មាន​សេរីភាព​ តែ​ម្នាក់​គត់​​នៅ​លើ​ផែនដី និង​ដែល​បាន​ធ្វើ​ឲ្យ​ពិភពលោក​ទាំង​មូល​​ប្រទាញ​ប្រទង់​គ្នា​យ៉ាង​ខ្លាំង​ កាលពី​ឆ្នាំ​២០១០ ក្នុង​ពិធី​ប្រគល់​ពាន​រង្វាន់​ជា​និមិត្តរូប ​ត្រូវបាន ​អាជ្ញាធរ​ចិន​អនុញ្ញាត​ឲ្យ​ជួប​ភរិយា​​ម្តង​ កាល​ពី​ខែ​សីហា និង​ប្អូន​ប្រុស​ម្នាក់​ នៅ​​ថ្ងៃ​ទី​២៨​កញ្ញា​កន្លង​ទៅ​ថ្មីៗ​នេះ។

នេះ​ជា​លើក​ទី​មួយ ដែល​ក្រុម​គ្រួសារ​បាន​​ចូល​សួរ​សុខទុក្ខ លោក លីវ ស៊ាវប៉ូ តាំង​ពី​លោកបាន​ទទួល​ទោស​ជាប់​ពន្ធនាគារ​ នៅ​ឆ្នាំ​២០០៩ សំរាប់​រយៈ​ពេល ១១​ឆ្នាំ ពីបទ​ចង់​ធ្វើ​វិទ្ធង្សនា​ប្រឆាំង​រដ្ឋ​អំណាច (បន្ទាប់​ពី​បាន​ចូល​រួម​តាក់តែង​រដ្ឋធម្មនុញ្ញ លេខ​៨) និង​ជា​ដំណឹង​ច្បាស់​លាស់​ លើកដំបូង​ ដែល​​មាន​ការ​បញ្ជាក់​ពី​ មជ្ឈមណ្ឌល​ព័ត៌មាន​ សិទ្ធិ​មនុស្ស​​ និង​ប្រជាធិបតេយ្យ​ នៅ​ហុងកុង។

ព័ត៌មាន​ទាក់ទង​នឹង​សុខទុក្ខ​របស់​លោក លីវ ស៊ាវប៉ូ ដែលពី​មុន​​​​​ស្ងាត់​ជ្រងំ​សូន្យ​សុង ធ្លាក់​មក​ បី​ថ្ងៃ​មុន​ការ​ប្រកាស​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ ​ឆ្នាំ​២០១១ ប៉ុណ្ណោះ។ ក្រុម​គ្រួសារ​លោក សង្ឃឹម​ថា នេះ​ជា​ឱកាស​មួយ​ដែល​​ឈ្មោះ​លោក​សាស្ត្រាចារ្យ ​លីវ ស៊ាវប៉ូ សកម្មជន​តស៊ូដ៏​មោះមុត ​បូជា​កម្លាំង​ចិត្ត​កម្លាំង​កាយ​​​ ដើម្បី​​ជំរុញ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ចិន​ លាន់​ឮ​ជា​ថ្មី​នៅ​លើ​ពិភពលោក​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ