បាតុកម្មដ៏ធំធេងនៃក្រុមអ៊ីស្លាមភាតរបុត្រនៅទីលានសេរីភាព Tahrir
នៅប្រទេសអេហ្ស៊ីប ការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីបានកន្លងទៅជិតមួយសប្តាហ៍ទៅហើយ ប៉ុន្តែគេនៅពុំទាន់បានប្រកាសលទ្ធផលឲ្យដឹងនៅឡើយ។ បេក្ខជនប្រធានាធិបតីទាំងពីររូប៖ លោក Ahmed Chafik អតីតនាយករដ្ឋមន្ត្រីរបស់លោកមូបារ៉ាក់ និងលោក Mohamed Morsi នៃចលនាអ៊ីស្លាមភាតរបុត្រ បាននាំគ្នាស្រែកប្រកាសថា ខ្លួនជាអ្នកឈ្នះឆ្នោត។ មូលហេតុនេះហើយដែលបានបណ្តាលឲ្យពួកអ៊ីស្លាមភាតរបុត្រនាំគ្នាចេញមកធ្វើបាតុកម្មយ៉ាងធំធេង នៅទីលានសេរីភាព Tahrir នៅថ្ងៃសុក្រទី២២មិថុនាឆ្នាំ២០១២។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៤៤
នៅទីលានសេរីភាព Tahrir នៅទីក្រុងគែរ គេឃើញមានបាតុកររាប់ម៉ឺននាក់ដែលចេញពីចលនាអ៊ីស្លាមភាតរបុត្របាននាំគ្នាចុះថ្នល់ស្រែកគាំទ្រលោក Mohamed Morsiដែលជាបេក្ខជនប្រធានាធិបតីរបស់ខ្លួនថាជាអ្នកបានឈ្នះឆ្នោតប្រធានាធិបតីដែលបានប្រព្រឹត្តទៅកាលពីសប្តាហ៍មុន។
មូលហេតុដែលនាំឲ្យពួកអ៊ីស្លាមនិយមធ្វើយ៉ាងនេះ មកពីពួកគេបារម្ភខ្លាចក្រែង “ក្រុមប្រឹក្សាយោធា” បន្តកាន់កាប់រដ្ឋអំណាចតទៅទៀតក្រោយថ្ងៃទី៣០មិថុនាឆ្នាំ២០១២ ដោយពូកគេបានឃើញ “ក្រុមប្រឹក្សាយោធា”ចេញក្រឹត្យដាក់កម្រិតទៅលើអំណាចរបស់ប្រធានាធិបតីអេហ្ស៊ីបថ្មី និងបង្កើនអំណាចឲ្យទៅ “ក្រុមប្រឹក្សាយោធា” ហើយនិងការរំលាយសភាអេហ្ស៊ីប។ ពួកគេចោទសួរថា តើហេតុអ្វីបានជាក្រុមយោធាអេហ្ស៊ីបធ្វើយ៉ាងដូច្នេះ?
ក្រុមបាតុករនៅទីលានសេរីភាព Tahrir បាននាំគ្នាស្រែកប្រកាសថា ពួកគេនៅបន្តកាន់កាប់ទីលានសេរីភាព Tahrir លុះត្រាតែក្រុមយោធាអេហ្ស៊ីបធ្វើការប្តូរជំហររបស់ខ្លួន។ មូលហេតុគឺពួកគេនៅចងចាំពុំទាន់ភ្លេចនៅឡើយនូវមេរៀនចាស់ដែលកាលណោះ ពួកគេបានដើរចេញពី ទីលានសេរីភាព Tahrir ក្រោយពីរបបគ្រប់គ្រងផ្តាច់ការមូបារ៉ាក់បានដួលរលំ។ ពួកគេនៅមានការស្តាយក្រោយ ដោយពុំបាននៅរង់ចាំទាមទារឲ្យមានការប្តូររបបគ្រប់គ្រងដើម្បីឲ្យមានស្ថិរភាពនយោបាយនៅក្នុងប្រទេសអេហ្ស៊ីប។ ម្តងនេះពួកគេសន្យាថានឹងឈប់ធ្វើដូចលើកមុនទៀតហើយ។
គួរបញ្ជាក់ថា ក្រុមយោធាអេហ្ស៊ីបធ្លាប់បានបង្ហាញឲ្យឃើញហើយថា ពួកគេពុំអត់ឱនឲ្យក្រុមអ៊ីស្លាមភាតរបុត្រឡើយដែលក្តោបត្រួតត្រាសភា តំណែងប្រធានាធិបតី ហើយនិងអភិក្រមនៃការតាក់តែងរដ្ឋធម្មនុញ្ញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ