អានតួអត្ថបទ
ឥណ្ឌូណេស៊ី

បារាំង​បញ្ជូន​ភ្នាក់ងារ​ទៅ​ជួយ​រុករក​យន្តហោះ ​AirAsia

ការិយាល័យ​អង្កេតការណ៍ និង​សន្តិសុខ​ផ្លូវ​អាកាស​របស់​បារាំង បាន​បញ្ជូន ភ្នាក់ងារ​របស់​ខ្លួន​ ទៅ​ឥណ្ឌូណេស៊ី ដើម្បី​សហការ​ ជួយ​ស្វែងរក ប្រអប់​ខ្មៅ​របស់​យន្តហោះ AirAsia ដែល​បាន​លិច​ នៅ​បាទ​សមុទ្រ។ ចំនួន​សាកសព ដែល​គេ​បាន​ស្រង់ចេញ​ពី​ទឹក​ ក៏​មាន​ការ​កើន​ឡើង​ ដល់ ១៦​នាក់​ហើយ។ អាជ្ញាធរ​ឥណ្ឌូណេស៊ី មាន​សុទិដ្ឋិនិយម​ថា ការ​ស្រាវជ្រាវ​ នឹង​បាន​លទ្ធផល ឆាប់ៗ​ ទោះ​បី​ជា​ខ្យល់ និង​រលក​ធំៗ កំពុង​រំខាន​ ក្រុម​ការងារ​យ៉ាងណា​ក៏ដោយ។

ទាហាន​ឥណ្ឌូណេស៊ី  នាំគ្នា​សែងសាកសព ជនរងគ្រោះ  ក្នុង​ហេតុការណ៍ធ្លាក់យន្តហោះ AirAsia ដែល​ទើប​ស្រង់​បាន​ពីទឹក
ទាហាន​ឥណ្ឌូណេស៊ី នាំគ្នា​សែងសាកសព ជនរងគ្រោះ ក្នុង​ហេតុការណ៍ធ្លាក់យន្តហោះ AirAsia ដែល​ទើប​ស្រង់​បាន​ពីទឹក Reuters/路透社
ផ្សាយពាណិជ្ជកម្ម

ការរិយាល័យ​អង្កេតការណ៍ និង​សន្តិសុខ​ផ្លូវអាកាស​របស់​បារាំង ដែល​ហៅ​កាត់​ថា BEA បាន​ឲ្យ​ដឹង​ថា ​ភ្នាក់ងារ​ជំនាញ​របស់​ខ្លួន​ កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​ឥណ្ឌូណេស៊ី​ ដើម្បី​ផ្តល់​ជំនួយ​​បច្ចេកទេស​ ដល់​ក្រុម​រុករក​របស់​ឥណ្ឌូណេស៊ី ដែល​ពុំសូវ​ជា​មាន​ បទ​ពិសោធន៍ គ្រប់គ្រាន់ ក្នុង​ការ​ស្វែងរក ​ប្រអប់​ខ្មៅ​ក្នុង​បាត​សមុទ្រ។

 
ក្រុម​ភ្នាក់ងារ​របស់​បារាំង ក៏​បាន​នាំ​យក ឧបករណ៍​ថត​សំឡេង នៅ​បាត​សមុទ្រ ដែល​ជា​បច្ចេកវិទ្យា​ចុងក្រោយ​ ដើម្បី​ស្រាវជ្រាវ​ចាប់​រលក​សញ្ញា​ របស់​ប្រអប់​ខ្មៅ ទាំងពីរ​របស់​យន្តហោះ។ សូម​បញ្ជាក់​ថា ការិយាល័យ អង្កេត​ការណ៍ និង​សន្តិសុខ​ផ្លូវ​អាកាស​បារាំង ជា​ការិយាល័យ​ ដែល​មាន​បទ​ពិសោធន៍ និង​ជំនាញ​ច្បាស់លាស់​ជាង​គេ ក្នុង​ការ​ស្រាវជ្រាវ​ រក​មូលហេតុ​ធ្លាក់​យន្តហោះ។

ការ​រុករក របស់​ក្រុម​ការងារ នៅ​ក្នុង​សមុទ្រ​ហ្សាវ៉ា កំពុង​ប្រព្រឹត្តិ​ទៅ យ៉ាង​លំបាក ដោយសារ​តែ​មេឃ​ខ្មៅ មាន​ខ្យល់ និង​រលក​ធំៗ មាន​កំពស់​ដល់​ទៅ​ជាង ៥មែត្រ ក៏​មាន​ដែរ។ ដែល​រំខាន​ ដល់​ក្រុម​អ្នក​មុជទឹក​បាត​សមុទ្រ។ បច្ចុប្បន្ន​នេះ មាន​កប៉ាល់​ចំនួន ២៩ ព្រមទាំង យន្តហោះ​ចំនួន ១៧ គ្រឿង​ ដែល​ចូលរួម​ក្នុង​បេសកកម្ម​នេះ។ ក្រៅ​តែ​ពី​ខ្យល់ និង​រលកធំ​ៗ​ ការ​រុករក​ជួប​​ការ​លំបាក ដោយសារ​តែ​តំបន់​នេះ មាន​សំបូរ​ទៅ​ដោយ ខ្មោច​កប៉ាល់​ចាស់ៗ ដែល​បាន​លិច ក្នុង​ពេល​សង្រ្គាម​លោក​លើក​ទីពីរ។ ដូច្នេះ វត្ថុ​ដែល​ស្រង់​ចេញ​មក​បាន មិន​ប្រាកដ​ថា​ ជា​របស់​យន្តហោះ​ ដែល​ទើប​ធ្លាក់​នោះ​ទេ។

តាម​ការ​ប៉ាន់ស្មាន​របស់​ក្រុម​រុករក ខ្លួន​យន្តហោះ អាច​នៅ​ក្នុង​ជំរៅ​ទឹក ពី ២៥ ទៅ ៣០ មែត្រ។ ដោយសារ​តែ សាកសព​មនុស្ស និង​វត្ថុផ្សេងៗ ដែល​បាន​រកឃើញ គឺ​ស្ថិត​នៅ​ក្នុង​បរិវេណ ដែល​មាន​ផ្ទៃ​ក្រឡា មិន​សូវ​ជា​ឆ្ងាយ​ ពី​គ្នា​ណាស់​ណា ក្រុម​ការងារ​បាន​សន្និដ្ឋាន​ថា តួ​ខ្លួន​យន្តហោះ និង​ប្រអប់​ខ្មៅ​ ក៏​នៅ​មិន​ឆ្ងាយ​ពី​នោះ​ដែរ។ អ្នក​ស្រាវជ្រាវ ក៏​បាន​សន្និដ្ឋាន​ទៀត​ថា យន្តហោះ​ប្រហែល​ជា​បាន​ ធ្វើ​ការ​ចុះចត​លើ​សមុទ្រ បាន​ដោយ​ជោគជយ័ ប៉ុន្តែ​ត្រូវ​បាន​រលក​វាយ​បោក​ ធ្វើឲ្យ​លិច ព្រោះ​ថា សាកសព​មួយ​ចំនួន មាន​ពាក់​អាវពោង​ ជាប់​នឹង​ខ្លួន។

ចំណែក​នៅ​ក្រុង​ស៊ូរ៉ាបាយ៉ា ឯ​ណោះ សាកសព​ទាំង​១៦ ត្រូវ​គេ បញ្ជូន​យក​ទៅ​ ទុក​ក្នុង​អាគារ​មួយ​ ដើម្បី​ឲ្យ​ក្រុម​គ្រូសារ​សព មក​ព្រួត​ពិនិត្យ និង​ទទួល​យក​ទៅ​ធ្វើ​បុណ្យ។ សាកសព មួយ​ចំនួន ត្រូវ​បាន​ក្រុម​គ្រូសារ រៀបចំ​ធ្វើ​ពីធី​បញ្ចុះសព​ តាម​ប្រពៃណី ឥណ្ឌូណេស៊ី​ រួចរាល់​ហើយ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ