អានតួអត្ថបទ
ឥណ្ឌា-ចិន

ចិន និង​ឥណ្ឌា​ប៉ះទង្គិច​គ្នា នៅ​សមុទ្រ​ចិន​ភាគ​ខាងត្បូង

កប៉ាល់​ចម្បាំង​ចិន​មួយ​គ្រឿង​បាន​ប្រទះ​ឃើញ​នាវា​ចម្បាំង​ឥណ្ឌា នៅក្នុង​សមុទ្រ​ចិន ភាគ​ខាងត្បូង។ ភ្លាមៗ ចិន​បាន​បញ្ជា​ឲ្យ​នាវា​ឥណ្ឌា​ប្រាប់ឈ្មោះ និង​បញ្ជាក់​ពី​មូលហេតុ​នៃ​វត្តមាន​របស់ខ្លួន នៅក្នុង​ដែនទឹក ដែល​ចិន​បាន​ចាត់ទុក​ជា​ទឹកដី​របស់ខ្លួន។ ឧប្បត្តិហេតុ​នេះ​បាន​កើត​ឡើង តាំង​ពី​ចុង​ខែ​កក្កដា ប៉ុន្តែ ព័ត៌មាន​ទើប​តែ​បែកខ្ចរខ្ចាយ បន្ទាប់ពី កាសែត​អង់គ្លេស The Financial Times បាន​ចុះផ្សាយ នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ។តើ​នាវាចម្បាំង​ឥណ្ឌា ទៅ​ធ្វើ​អ្វី នៅក្នុង​សមុទ្រ​ចិន​ភាគខាងត្បូង? 

នាវាចម្បាំង​ចិន​ដែល​គេ​សង្ស័យថា បាន​ព្រមាន​នាវាចម្បាំង​នៅ​សមុទ្រ​ចិន​ភាគខាងត្បួង​ កាលពី​ខែ​កក្កដា
នាវាចម្បាំង​ចិន​ដែល​គេ​សង្ស័យថា បាន​ព្រមាន​នាវាចម្បាំង​នៅ​សមុទ្រ​ចិន​ភាគខាងត្បួង​ កាលពី​ខែ​កក្កដា ©Reuters
ផ្សាយពាណិជ្ជកម្ម

ការពើបប្រទះ​គ្នា​រវាង​នាវា​ចម្បាំង​ចិន និង​ឥណ្ឌា កើត​នៅក្នុង​ដែន​សមុទ្រ​អន្តរជាតិ នៅ​សមុទ្រ​ចិន​ភាគខាងត្បូង បន្ទាប់​ពី​នាវា​ចម្បាំង​ឥណ្ឌា បាន​ចាកចេញ​ពី​កំពង់ផែ​វៀតណាម។ នៅក្នុង​កាសែត​អង់គ្លេស The Financial Times រដ្ឋមន្រ្តី​ការបរទេស​វៀតណាម​ទទួល​ស្គាល់​ថា នាវាចម្បាំង​របស់​ឥណ្ឌា​បាន​ចូល​ចត​កំពង់ផែ​ភាគខាងត្បូង​វៀតណាម​ដើម្បី​ធ្វើ​ទស្សនកិច្ច បីថ្ងៃ ដែល​ត្រូវ​បញ្ចប់ នៅថ្ងៃ​ទី ២២​កក្កដា។ រដ្ឋមន្រ្តីការបរទេស​វៀតណាម​ដដែល​បាន​បញ្ជាក់​ដែរថា វៀតណាម​មិន​បាន​ដឹង​ពី​ការប៉ះទង្គិច​គ្នា​រវាង​ចិន និង​ឥណ្ឌា​នេះទេ។

មន្រ្តី​ឥណ្ឌា​ម្នាក់​ដែល​បាន​ដឹង​ពី​ឧប្បត្តិហេតុ បាន​និយាយ​ប្រាប់​​កាសែត​អង់គ្លេស ថា គ្រប់​នាវា​ នៅ​ក្នុង​ពិភពលោក​មាន​សេរីភាព​ធ្វើ​ចរាចរ កាត់​តាម​ផ្លូវទឹក នៅក្នុង​សមុទ្រ​ចិន​ភាគខាងត្បូង។ ដូច្នេះ គេ​មិន​អាច​ទទួល​យកបាន​ទេ ដែល​ប្រទេស​មួយ​ទាមទារ​សិទ្ធិ ធ្វើ​ជា​ម្ចាស់​គ្រប់គ្រង​ផ្លូវទឹក​អន្តរជាតិ តែម្នាក់​ឯង។

នេះ​មិនមែន​ជា​លើកទីមួយ​ទេ ដែល​ចិន និង​ឥណ្ឌា​ប៉ះទង្គិច​គ្នា នៅក្នុង​ដែនទឹកសមុទ្រ ក្រៅតែ​ពីការប្រឈមមុខ​ដាក់​គ្នា ខាងព្រំដែន​ដីគោក។ នៅក្នុង​រយៈពេល​តែ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយនេះ ការប៉ះទង្គិច​គ្នា​នៅក្នុង​ទឹកសមុទ្រ​កើតមាន​ពីរដង ដោយ​ម្តង ឥណ្ឌា​ចាប់​បាន​សញ្ញា​នាវា​ស៊ើបការ​សម្ងាត់​ចិន នៅក្នុង​សមុទ្រ​ឥណ្ឌា។

បន្តិចម្តងៗ ចិន តាមរយៈ​ការបង្ហាញ​ចុងក្រោយ នាវា​ដឹកយន្តហោះ​ចម្បាំង បាន​បញ្ចេញ​សក្តានុពល​យោធា​ជើងទឹក និង​ទាមទារ​សមុទ្រ​ភាគខាងត្បូង​ជា​ទឹកដី​របស់ខ្លួន។ ការពង្រីក​អំណាច​ឥទ្ធិពល​របស់​ចិន​បាន​ធ្វើ​ឲ្យ​ប្រទេស​នៅក្នុង​តំបន់​អាស៊ី ជា​ពិសេស​ប្រទេស​ដែល​ទាមទារ​យក​ប្រជុំកោះ Spratley និង​Paracells មាន​ការព្រួយបារម្ភ។ សមុទ្រ​ចិន​ខាងត្បូង​មិន​ត្រឹម​តែ​ផ្តល់​ធនធាន​ធម្មជាតិ ដូចជា​ប្រេង និង​ឧស្ម័ន ប៉ុន្តែ វា​ក៏​ផ្តល់​ជា​ផ្លូវ​គមនាគមន៍ ដែល​កប៉ាល់​អន្តរជាតិ ធ្វើ​ដំណើរ ឆ្លងកាត់​ចូល​ទៅ​តំបន់​អាស៊ី។

ដោយពិតទៅ ការប៉ះទង្គិច​គ្នា​រវាង​ចិន និង​ឥណ្ឌា នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង កើត​មាន​នៅ​ក្នុង​អំឡុងពេល​ប្រមុខការបរទេស​អាមេរិក ធ្វើ​ទស្សនកិច្ច នៅក្នុង​ប្រទេស​ឥណ្ឌា។ កាលណោះ លោកស្រី​Hillary Clinton បាន​ជម្រុញ​ឲ្យ​ឥណ្ឌា​ធ្វើ​សកម្មភាព​ច្រើន​ជាងមុន នៅ​ក្នុង​តំបន់។ នៅក្នុង​សន្ទរកថា​របស់ខ្លួន​ទៅ​កាន់​ថ្នាក់ដឹកនាំ​ឥណ្ឌា រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​បាន​បញ្ជាក់​ថា អាមេរិក និង​ឥណ្ឌា​មាន​ប្រយោជន៍​រួមគ្នា ក្នុង​ការពារ​តំបន់​ទឹក និង​រក្សា​សន្តិសុខ នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ ឥណ្ឌា និង​អាមេរិក​ត្រូវ​ធ្វើការរួម​គ្នា ដើម្បី​ធានា​ថា ចរាចរណ៍​របស់​នាវា​ជំនួញ និង​នាវា​ចម្បាំង​អាច​ធ្វើ​ដំណើរ​ដោយ​សេរី និង​សុវត្ថិភាព។

ដូច្នេះ ឥណ្ឌា​ដែល​ជា​មហាអំណាច​អាស៊ី​មួយ​ដែរ និង​ដែល​មាន​ទុន​វិនិយោគ​របស់ខ្លួន លើ​ផ្នែក​ថាមពល​វៀតណាម ពិត​ជា​មិន​ចង់​បាត់បង់​ប្រយោជន៍​របស់ខ្លួន និង​ចុះចាញ់​ការគំរាម​កំហែង​របស់​ប្រទេស​ចិនទេ។ គេ​បារម្ភថា ការប្រឈម​មុខ​ដាក់គ្នា ញយដង រវាង​ចិន និង​ឥណ្ឌា ឬ​ចិន​ជាមួយ​ប្រទេស​តូចៗ​ដទៃទៀត នៅក្នុង​សមុទ្រ​ចិន​ភាគខាងត្បូង នឹង​អាច​បង្ក​ឲ្យ​មាន​ជម្លោះ​ទ្រង់ទ្រាយ​ធំ ហើយ​សង្រ្គាម​មួយ​អាច​ផ្ទុះ​ឡើង នៅ​អាស៊ី នៅក្នុងពេល​អនាគត​ដ៏ខ្លី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ