អានតួអត្ថបទ
ស.រ.អា.

ពិភពអារ៉ាប​ថ្កោល​ទោស​ភាពយន្ត​ប្រមាថ​សាសនា​អ៊ីស្លាម​ អន្តរជាតិ​ថ្កោលទោស​អំពើ​ហិង្សា

សហរដ្ឋ​អាមេរិក​ មិន​ដក​ខ្លួន​ចេញ​ជា​ដាច់ខាត ! នេះ​ជា​ការ​ប្រកាស​របស់​លោក ប្រធានាធិបតី​អាមេរិក ក្នុង​ពេល​ដែល​​​ ពិភពអារ៉ាប​ទាំង​មូល​កំពុង​ផ្ទុះ​កំហឹង​ រាល​ដាល​ជា​អំពើ​ហិង្សា​នៅ​ស្ទើរ​គ្រប់​ជ្រុង​នៃ​ភព​ផែនដី ប្រឆាំង​ផល​ប្រយោជន៍​អាមេរិក។ អាមេរិក​ដែល​បាន​ផលិត​ខ្សែ​ភាពយន្ត​មាន​លក្ខណៈ​ប្រមាថ​ដោយ​ចំហ​សាសនា​អ៊ីស្លាម។ ពេល​នេះ​អាមេរិក​កំពុង​ពង្រឹង​សុវត្ថិភាព​នៅ​តាម​ស្ថានទូត និង​ស្ថានកុងស៊ុល​ ដោយ​បាន​បញ្ជូនទាហាន​ជើង​ទឹក​១០០​នាក់​​ទៅ​​យ៉េមែន​ និង​លីប៊ី​។ មន្ទីរ​បញ្ចកោណ ក៏​អាច​នឹង​បញ្ជូន​ទាហាន​ម៉ារីន​ ​ទៅ​កាន់​ស៊ូដង់ដែរ។ បាតុកម្ម​ប្រឆាំង​នឹង​ភាពយន្ត​​ជេរ​ប្រមាថ​សាសនា​អ៊ីស្លាម នេះ​​ត្រូវសហគមន៍​អន្តរជាតិ អង្គការ​សហប្រជាជាតិថ្កោល​ទោស​គ្រប់គ្នាៗ និង​អំពាវនាវ​ឱ្យ​មាន​ស្ងប់ស្ងាត់។

បាតុកម្ម​ប្រឆាំង​នឹង​អាមេរិក​នៅ​ទុយនីស៊ី មុខ​ស្ថានទូត​អាមេរិកប្រចាំ​ក្រុង​Tunis ថ្ងៃទី​១៤​ កញ្ញា ២០១២
បាតុកម្ម​ប្រឆាំង​នឹង​អាមេរិក​នៅ​ទុយនីស៊ី មុខ​ស្ថានទូត​អាមេរិកប្រចាំ​ក្រុង​Tunis ថ្ងៃទី​១៤​ កញ្ញា ២០១២ REUTERS/Zoubeir Souissi
ផ្សាយពាណិជ្ជកម្ម

 

តាំង​ពីក្រុង​ហ្សាការតា ដល់​ក្រុង​បាកដាដ ដោយ​ឆ្លង​កាត់​ក្រុង​ ខាទុំ Khartoum និង​ ក្រុង​ណួកសុត Nouakchott ពិភពអារ៉ាប​ទាំង​មូល​​កំពុង​ពុះ​កញ្ជ្រោល​ដោយ​កំហឹង​ នាំ​គ្នា​ធ្វើ​បាតុកម្ម នៅ​ថ្ងៃសុក្រ​ម្សិលមិញ​ ​ស្ទើរ​នៅ​គ្រប់​ជ្រុង​នៃ​ពិភពលោក ប្រឆាំង​នឹង​ខ្សែ​ភាពយន្ត​ផលិត​នៅ​អាមេរិក « l'Innoncence des musulmans » ដែល​មាន​លក្ខណៈ​ជេរ​ប្រមាថ​សាសនា​អ៊ីស្លាម។

កំហឹង​នាំ​ដល់​ហិង្សា និង​ការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​បាតុករនិង​កង​កម្លាំង​រក្សាសន្តិសុខ​ដាក់​ពង្រាយ​ដើម្បី​ការពារ​បេសកកជន​អាមេរិក ដែល​ជា​សរុប​មាន​ស្លាប់​យ៉ាង​ហោច​ណាស់ ៧​នាក់ ៖ បី​នាក់​នៅ​ក្រុង​ខាទុំ​ប្រទេស​ស៊ូដង់ ពីរ​នាក់​នៅ​ទុយនី ប្រទេស​ទុយនីស៊ី ម្នាក់​នៅ​ក្រុង​គែរ ប្រទេស​អេហ្ស៊ីប និង​ម្នាក់​ទៀត​នៅ​លីបង់។ ក៏​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដែរ​នៅ​ក្រុង​ស៊ីដនេ ប្រទេស​អូស្ត្រាលី​ តាម​រយៈ​ការ​គប់​ដប គប់​ថ្ម​ទៅ​លើ​កង​កម្លាំង​សន្តិសុខ​យាម​កុងស៊ុល​អាមេរិក។

អាមេរិក ដែល​នឹង​មិន​ដក​ខ្លួន​ថយ​ជា​ដាច់​ខាត នៅ​ចំពោះ​មុខ​អំពើ​ហិង្សា ! នេះ​ជា​ប្រសាសន៍​របស់​លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​ផុត​អាណត្តិ នៅ​ចំពោះ​មុខ​សាកសព​ឯកអគ្គរដ្ឋ​ទូត​អាមេរិក ស្លាប់​នៅបិនហ្កាហ្ស៊ី​​ប្រទេស​លីប៊ី​​ដោយ​ស្នាដៃ​ពួក​អ៊ីស្លាម​ជ្រុល​និយម។ ទន្ទឹម​​​នឹង​ការ​អំពាវនាវ​ឱ្យ​មាន​ភាព​ស្ងប់​ស្ងាត់​ចេះ​ទប់​កំហឹង ​អាមេរិក​ក៏​បាន​បញ្ជូន​យោធា​ (ទ័ព​ម៉ារីន) ប្រមាណ​​មួយ​រយ​នាក់​​ទៅ​ដាក់​ពង្រាយ​នៅ​​ប្រទេស​ យ៉េមែន និង​ លីប៊ី បំរុង​ទុក​ជា​ស្រេច​ ក្នុង​ករណី​បាតុករ​ខឹង​រាលដាល​​ធ្វើ​​ផ្ទុះ​ហេតុការណ៍​ធ្ងន់ធ្ងរ​។ នេះ​បើ​តាម​ការ​អះអាង​របស់​រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​អាមេរិក Leon Panetta។ ​យោធា​ជើង​ទឹក​៥០​នាក់​​​ផ្សេង​ទៀត ក៏​នឹង​អាច​បញ្ជូន​ទៅ​កាន់​ប្រទេស​ស៊ូដង់​ដែរ​ប្រសិន​បើ​ចាំ​បាច់។

បាតុករ​អ៊ីស្លាម​នាំ​គ្នា​ថ្កោល​ទោស​ការ​​ជេរ​ប្រមាថ​សាសនា ចំណែក​សហគមន៍​អន្តរជាតិ​ថ្កោល​ទោស​អំពើ​ហិង្សា។ សហភាព​អឺរ៉ុប​បាន​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ប្រទេស​ពាក់​ព័ន្ធ​នឹង​ចលនា​ហិង្សា​ប្រឆាំង​ភាព​យន្ត​អាមេរិក​ទាំង​អស់​ធានា​ឱ្យ​បាន​សុវត្ថិភាព​អ្នកការទូត​បរទេស ជាពិសេស​អាមេរិក និង​អំពាវនាវ​ឱ្យ​បញ្ឈប់​​ជា​បន្ទាន់​អំពើ​ហិង្សា​ រក្សា​សន្តិភាព​និង​ការ​អត់​ធ្មត់។ សំរាប់ក្រុម​ប្រឹក្សា​សន្តិសុខ​វិញ​ សមាជិក​អចិន្ត្រៃយ៍ និង​មិន​អចិន្ត្រៃយ៍​ទាំង​១៥​​ប្រទេស​បាន​អនុម័ត​ថ្កោល​ទោស​យ៉ាង​ចាស់​ដៃ​ទង្វើ​ហិង្សា​ទាំង​នោះ​ថា មិន​សម​ហេតុ​ផល​ និង​បាន​រំលឹក​ឱ្យ​ម្ចាស់​ផ្ទះ​ទាំង​ឡាយ​គោរព​កាតព្វកិច្ច​ និ​ង​គោលការណ៍​ជាមូល​ដ្ឋាន រក្សា​ការ​ពារ​ ​បុគ្គលិក​ មន្ត្រី​ និង​អចលនទ្រព្យ​របស់​ស្ថានទូត​និង​ស្ថានកុងស៊ុល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ