អានតួអត្ថបទ
​វៀតណាម-ចិន

វៀតណាម​ចោទ​ចិន​ថា​ចុះចត​យន្តហោះ​លើ​កោះ​របស់​ខ្លួន

ជម្លោះ​ដែន​កោះ​​ និង​ដែន​សមុទ្រ​រវាង​ចិន​​ និង​វៀតណាម​នៅ​តែ​ជា​បច្ចុប្បន្នភាព​នៅឡើយ។​ កាល​ពី​ថ្ងៃ​អាទិត្យ​ទី​​៣​មករា ​យន្តហោះ​ចិន​មួយ​​ បាន​ធ្វើការ​ចុះចត​សាកល្បង​នៅ​លើ​កោះ​ហ្វ៊ីយេរី​ក្រូស (Fiery Cross) ​ដែល​ស្ថិត​នៅ​ក្បែរ​ប្រជុំ​កោះ​សប្រាតលៃ (Spratleys)​  ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។អាជ្ញាធរ​វៀតណាម​ បាន​ធ្វើការ​ទាមទារ​ឲ្យ​ចិន​ ធ្វើ​ការ​ពន្យល់​ ចំពោះ​ការ​ដែល​ចិន​ ហ៊ាន​ចុះចត​យន្តហោះ​ លើ​ដែន​អធិបតេយ្យភាព​​ របស់​វៀតណាម។

កោះ Fiery Cross ដែលត្រូវចិន បូមខ្សាច់​ចាក់ពង្រីក និងកសាង​ព្រុលានយន្តហោះ​
កោះ Fiery Cross ដែលត្រូវចិន បូមខ្សាច់​ចាក់ពង្រីក និងកសាង​ព្រុលានយន្តហោះ​ REUTERS/U.S. Navy/Handout
ផ្សាយពាណិជ្ជកម្ម

ក្រសួង​ការបរទេស​​វៀតណាម​​ បាន​​ផ្ញើរ​កំណត់ត្រា​ទូត​​ ទៅ​កាន់​ក្រសួង​​ការ​បរទេស​​​ចិន​​ ភ្លាមៗ​​​បន្ទាប់​ពី​បាន​ដឹង​ថា​​ មាន​យន្តហោះ​ចិន​​មួយ​​គ្រឿង​ បានចុះចត​ នៅ​លើ​កោះ​​ឈ្មោះ ​ហ៊្វីយែរី​ ក្រូស។ វៀតណាម ​ដែល​ទាមទារ​ថា​​ កោះនេះ​ស្ថិត​​ក្នុង​​ដែន​អធិតេយ្យ​របស់​ខ្លួន ​បាន​ថ្កោលទោស​​ថា​នេះ​ជា​អំពើ​បំពាន​របស់​ចិន។

 
ជា​ការ​ឆ្លើយតប ​លោក ​ហ័រ ចុងយីង​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន ​បាន​ចេញ​សេចក្តី​ប្រកាស​​មួយ ​ដាក់ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ក្រសួង​ការបរទេស​ចិន​ ដោយ​បាន​បញ្ជាក់​ថា ​យន្តហោះ​មួយ​គ្រឿង​របស់​ចិន​ ពិត​ជា​បាន​ធ្វើការ​ចុះចត​សាកល្បង​ នៅ​លើ​កោះ ​ហ៊្វីយេរី​ ក្រូស​ ក៏ប៉ុន្តែ​កោះ​នេះ​ គឺជា​ដែនដី​របស់​ចិន​ពេញ​ច្បាប់។
 

សូមបញ្ជាក់​ថា ​កោះ​​ហ្វ៊ីយែរី​​ក្រូស ​នេះ​ស្ថិត​នៅ​ភាគ​ខាង​លិច​​ ក្បែរ​ប្រជុំ​កោះ​​សប្រាតលៃ ​ដែល​ប្រជុំ​កោះ​នេះ ​ស្ថិត​ក្នុង​តំបន់​ជម្លោះ​​ដណ្តើម​គ្នា​​រវាង​​ចិន​ ហ្វីលីពីន​ វៀតណាម​ និង​ម៉ាឡេស៊ី​ផងដែរ។ រហូត​មក​ទល់​ពេល​នេះ ​នៅមិន​ទាន់​មាន​ការ​សម្រេច​ណាមួយ​ ពី​ស្ថាប័ន​សមត្ថកិច្ច​អន្តរជាតិ​ នៅ​ឡើយ​ទេ។

ចាប់តាំង​ពី​ឆ្នាំ​២០១៤​មក ​ ចិន​បាន​ធ្វើការ​បូម​ដី​ចាក់​បំពេញ​ នៅ​ចន្លោះ​កោះ​តូចៗ​ ដើម្បី​ពង្រីក​ ឲ្យ​ក្លាយ​ជា​កោះ​ធំ​ ព្រម​ទាំង​កសាង​មូលដ្ឋាន​ទ័ព ​ដោយ​មាន​ព្រលាន​យន្តហោះ ​តួយ៉ាង​ ដូចជា​នៅ​លើ​កោះ ​ហ៊្វីយេរី​ ក្រូស​​ នេះ​តែម្តង។ ប្រទេស​ជិត​ខាង​ដែល​គ្មាន​លទ្ធភាព ​បាន​ត្រឹម​តែ​ស្រែក​តវ៉ា​ពី​ចម្ងាយ​ តែ​ប៉ុណ្ណោះ។

ដោយឡែក​វៀតណាម ​បាន​ទាមទារ​ឲ្យ​ចិន​ទទួល​ខុស​ត្រូវ​ដែរ ​ រឿង​ហេតុការណ៍​ទូក​នេសាទ​វៀតណាម​មួយ​គ្រឿង ​ដែល​ត្រូវ​បាន​កប៉ាល់​ចិន​បុក​ពន្លិច​ នៅ​ក្នុង​​ដែន​ទឹក​វៀតណាម ​កាល​ពី​​ថ្ងៃ​​សុក្រ​ កន្លង​​ទៅ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ