អានតួអត្ថបទ
អូស្ត្រាលី-ជនភៀសខ្លួន

អូស្ត្រាលី​វាយឬក បដិសេធ​មិន​ទទួល​សំណើរ​នូវែល​សេឡង់ ដែល​សុំ​ទទួល​យក​ជន​ភៀសខ្លួន

នៅថ្ងៃអាទិត្យ ទី៥វិច្ឆិកានេះ លោកស្រីនាយករដ្ឋមន្ត្រីនូវែល សេឡង់ បានស្នើទៅកាន់លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ថានូវែល សេឡង់​​ មានបំណងទទួលយកជនភៀសខ្លួន ខ្លះមកស្នាក់នៅ។ តែជាការគួរឲ្យភ្ញាក់ផ្អើស ប្រមុខរដ្ឋាភិបាលអូស្ត្រាលី បែរជាបដិសេធសំណើរនេះ ដោយពុំបានបញ្ជាក់មូលហេតុអ្វីផ្សេង ក្រៅតែពីអះអាងថា​ អូស្ត្រាលី កំពុងតែចរចា ជាមួយសហរដ្ឋអាមេរិក រួចហើយ ទាក់ទិនទៅនឹងការទទួលយកជនភៀសខ្លួននេះ។

លោក​​នាយករដ្ឋមន្ត្រីអូស្ត្រាលី​ Malcolm Turnbull និងលោកស្រី​នាយក​​រដ្ឋមន្ត្រី​​នូវែល​​សេឡង់​ Jacinda Ardern ​ ថ្ងៃទី​៥ វិច្ឆិកា​ ២០១៧
លោក​​នាយករដ្ឋមន្ត្រីអូស្ត្រាលី​ Malcolm Turnbull និងលោកស្រី​នាយក​​រដ្ឋមន្ត្រី​​នូវែល​​សេឡង់​ Jacinda Ardern ​ ថ្ងៃទី​៥ វិច្ឆិកា​ ២០១៧ REUTERS/David Gray
ផ្សាយពាណិជ្ជកម្ម

លោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រីថ្មីរបស់នូវែល សេឡង់ បានដាក់សំណើរទៅកាន់អូស្ត្រាលីថា ណូវ៉ែល ហ្សេឡង់ សូមទទួលយកជនភៀសខ្លួន ចំនួន១៥០នាក់ ក្នុងចំណោមជនភៀសខ្លួន ទាំងអស់​ដែលអូស្ត្រាលីកំពុងតែឃុំខ្លួន នៅតាមជំរំនានា នៅតាមកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ សំណើររបស់នូវែល សេឡង់ អមមកជាមួយនឹងកម្មវិធីនយោបាយច្បាស់លាស់ ដែលសំដៅផ្តល់សិទ្ធិស្នាក់នៅ ជួយរកការងារធ្វើ​ ផ្ទះសំបែង ឲ្យដល់ជនភៀសខ្លួន។

តែផ្ទុយទៅវិញ សំណើរនេះ ត្រូវបានលោក  Malcolm Turnbull នាយករដ្ឋមន្ត្រីអូស្ត្រាលី បដិសេធចោល យ៉ាងសោះកក្រោះ។ ដោយមិនបានបញ្ជាក់ហេតុផល ឲ្យល្អិតល្អន់ អំពីការសម្រេចមិនទទួលយកសំណើររបស់នូវែល សេឡង់ លោកប្រមុខរដ្ឋាភិបាល​អូស្ត្រាលី គ្រាន់តែបាននិយាយថា មកពីអូស្ត្រាលី បានចាប់ផ្តើម នីតិវិធីចរចាបញ្ហានេះ ជាមួយរដ្ឋាភិបាលអាមេរិក រួចហើយ។ ដូច្នេះ អូស្ត្រាលី ផ្តល់អាទិភាព ដល់ការចរចា ជាមួយសហរដ្ឋអាមេរិកជាង។

គួរកត់សម្គាល់ថា កាលពីក្នុងអាណត្តិលោកអូបាម៉ា សហរដ្ឋអាមេរិក បានចរចាទទួលយកជនភៀសខ្លួន ពីអូស្ត្រាលី បានតែ៥៤នាក់ប៉ុណ្ណោះ។ កិច្ចព្រមព្រៀងនេះ ក៏ត្រូវបានលោកដូណាល់ ត្រាំ រិះគន់មិនតមមាត់ផងទេ ព្រោះលោកដូណាល់ ត្រាំ មិនចង់ទទួលយកជនភៀសខ្លួនណាទាំងអស់។​

គេកំពុងតែឆ្ងល់ថា អូស្ត្រាលី កំពុងធ្វើអ្វី ចង់បានអ្វីឲ្យពិតបា្រកដ។ ខណៈដែលខ្លួន បដិសេធមិនទទួលយកជនភៀសខ្លួន តែនៅពេលប្រទេសផ្សេងដែលមានមនុស្សធម៌ សុំទទួលយក អូស្ត្រាលីបែរជាបដិសេធ មិនប្រគល់ឲ្យទៅវិញ ហើយបែរជាយកលេស ថាកំពុងចរចាជាមួយប្រទេសផ្សេងមួយទៀត ទាំងដឹងថារដ្ឋាភិបាល​ប្រទេសនោះ គ្មានបំណងចង់បានជនភៀសខ្លួន សូម្បីតែម្នាក់។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ មានជនភៀសខ្លួនប្រមាណជា៦០០នាក់ ដែលត្រូវអូស្ត្រាលីបង្ឃាំងទុកក្នុងជំរំ នៅលើកោះManus និងលើ Naurus។ ជនភៀសខ្លួនទាំងនោះ មកពីអ៊ីរ៉ង់ អ៊ីរ៉ាក់ សូម៉ាលី និងអាហ្វាហ្កានីស្ថាន។ អូស្រ្តាលី បានបដិសេធដាច់អហង្ការ មិនទទួលយកជនភៀសខ្លួន សូម្បីតែម្នាក់ បើទោះបីជនភៀសខ្លួននោះ បានបំពេញគ្រប់លក្ខខណ្ឌ ដើម្បីអាចសុំសិទ្ធិជ្រកកោនក៏ដោយ។ អង្គការមនុស្សធម៌ ក៏ដូចជាអង្គការសហប្រជាជាតិ បានរិះគន់រដ្ឋាភិបាលអូស្ត្រាលី អំពីចំណាត់ការ គ្មានមនុស្សធម៌នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ