អានតួអត្ថបទ
ថៃ

ក្រុមប្រឆាំង​អាវក្រហម​ធ្វើ​បុណ្យ​រំលឹក​ខួប​ថ្ងៃ​រដ្ឋប្រហារ​ទំលាក់​លោក​ថាក់ស៊ីន

ថ្ងៃ​នេះ ត្រូវ​ចំ​នឹង​គម្រប់​ពេល​៤​ឆ្នាំ​ (ថ្ងៃទី ១៩ កញ្ញា ២០០៦ )ដែល​លោក​ថាក់ស៊ីន​ត្រូវ​យោធា​ធ្វើ​រដ្ឋប្រហារ​ទំលាក់​ចេញ​ពី​តំណែង​នាយក​ រដ្ឋមន្រ្តី​ថៃ។ នៅ​ព្រឹកថ្ងៃ​អាទិត្យ​នេះ ក្រុមអាវក្រហម​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​បាន​ធ្វើ​ពិធីបុណ្យ​រំលឹក​ដល់​ ថ្ងៃ​រដ្ឋប្រហារ​យោធា​ដែល​ធ្វើ​ឲ្យ​លោក​ថាក់ស៊ីន​អស់​តំណែង​ផង និង​រំលឹក​ដល់​ថ្ងៃ​មហា​បាតុកម្ម​ដែល​នៅ​បំផុត​ត្រូវ​បង្រ្កាប​ដោយ​ហិង្សា​ ពី​សំណាក់​យោធា​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​អាភីស៊ីត វីចាជីវ៉ា។

ក្រុម​អាវក្រហម​ធ្វើបុណ្យ​រំលឹក​ខួប​៤ ខែ​ក្រោយ​អំពើហិង្សា​ក្នុង​ក្រុង​បាងកក និង​រំលឹក​ខួប​៤​ឆ្នាំ​ដែល​លោក​ថាក់ស៊ីន​ត្រូវ​យោធា​ធ្វើ​រដ្ឋប្រហារ​ទំលាក់​ចេញ​ពីតំណែង​នាយករដ្ឋមន្រ្តី ១៩ កញ្ញា ២០០៦
ក្រុម​អាវក្រហម​ធ្វើបុណ្យ​រំលឹក​ខួប​៤ ខែ​ក្រោយ​អំពើហិង្សា​ក្នុង​ក្រុង​បាងកក និង​រំលឹក​ខួប​៤​ឆ្នាំ​ដែល​លោក​ថាក់ស៊ីន​ត្រូវ​យោធា​ធ្វើ​រដ្ឋប្រហារ​ទំលាក់​ចេញ​ពីតំណែង​នាយករដ្ឋមន្រ្តី ១៩ កញ្ញា ២០០៦ ©Reuters
ផ្សាយពាណិជ្ជកម្ម

02:05

សេចក្តី​រាយការណ៍​របស់​ឈាង បុប្ផា

ឈាង បុប្ផា

ចាប់តាំង​ពី​ថ្ងៃ​សុក្រ​ ទី ១៧ កញ្ញា មក ក្រុមអាវក្រហម​ដែល​មាន​ចលនា​ប្រឆាំង​នឹង​នយោបាយ​របស់​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន​ចាប់ផ្តើម​នាំ​គ្នា​ធ្វើ​ពិធី​រំលឹក​ខួប​ដល់​ព្រឹត្តិការណ៍​មហាបាតុកម្ម​របស់​ខ្លួន កាលពី​៤​ខែ​មុន នៅ​កណ្តាល​ក្រុង​បាងកក។ នៅ​ក្នុង​ក្រុងបាងកក ប្រជាជន​អាវក្រហម​ដែល​គាំទ្រ​គណបក្ស​​រណសិរ្ស​រួបរួម​ដើម្បី​ប្រជាធិបតេយ្យ និង​ប្រឆាំង​នឹង​អំពើ​ផ្តាច់ការ នាំគ្នា​ទៅ​ដោត​ផ្កា​កុលាប​ក្រហម នៅ​មុខ​ពន្ធនាគារ​ដែល​នៅ​ទី​នោះ​មេដឹកនាំ​របស់ពួកគេ​កំពុង​ត្រូវ​តុលាការថៃ​ចាប់ឃុំខ្លួន និង​ចោទ​ពី​បទ​រៀបចំ​អំពើ​ភេរវកម្ម។

 
ពួកក្រុម​អាវក្រហម​បាន​ទៅ​ជួបជុំគ្នា​នៅ​តំបន់​សេដ្ឋកិច្ច Ratchaprason ជាទី​ដែល​ពួកគេ​កាន់កាប់​រយៈពេល​ជិត​២​ខែ​មុន​នឹង​ត្រូវ​ទាហាន​វាយបំបែក​យក​បាន។ ការធ្វើបុណ្យ​រំលឹក​ដល់​អ្នកដែល​ស្លាប់​ជិត​១០០​នាក់ ក្នុង​អំពើ​ហិង្សា​របស់​កងយោធា​ថៃ នៅ​ព្រឹកថ្ងៃ​អាទិត្យ​នេះ ធ្វើឡើង​ក្រោម​ក្រសែភ្នែក​តាមដាន ត្រួតពិនិត្យ​ដ៏​តឹងតែង​របស់​អាជ្ញាធរ​ថៃ។ ដោយសារ​ខ្លាច​មាន​ការឡោមព័ទ្ធ​កាន់កាប់​តំបន់​ពាណិជ្ជកម្ម​ពី​សំណាក់​ក្រុម​អាវក្រហម​ដូចលើកមុន អាជ្ញាធរ​ថៃ​បាន​ពង្រាយ​កំលាំង​ជាង​ពាន់​នាក់ ដើម្បី​តាមដាន​មើល​សកម្មភាព​របស់​ក្រុមអាវក្រហម។

នៅ​បាងកក ក្រុមបក្សប្រឆាំង​ផ្តោត​ច្រើន​ទៅ​លើ​ព្រឹត្តិការណ៍​ហិង្សា កាល​ពី​ខែ​មេសា និង​ឧសភា។ ចំណែក​នៅក្រុង​ឈៀងម៉ៃ ដែល​ជា​ទីកំណើត​របស់​លោក​ថាក់ស៊ីន គេ​រំពឹង​ថា មាន​ប្រជាជន​មួយម៉ឺន​នាក់​ចូលរួម​រំលឹក​ដល់​ខួប​៤​ឆ្នាំ ដែល​យោធាថៃ​ធ្វើ​រដ្ឋប្រហារ​ទំលាក់​លោក​ថាក់ស៊ីន​ចេញ​ពី​តំណែង។

នៅ​ព្រឹកថ្ងៃ​អាទិត្យ​នេះ លោក​ថាក់ស៊ីន​ដែល​កំពុង​ស្ថិតនៅ ក្នុង​ប្រទេស​លីបង់ បាន​ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​របស់​លោក​ឲ្យ​ឈប់​មាន​គំនិត​ហិង្សា និង​ក្រលេក​មើល​ទៅ​អនាគត ពីព្រោះ​ប្រទេស​កំពុង​តែ​បោះជំហាន​ទៅ​មុខ។ ក្នុង​សារ​របស់​ខ្លួន​លើក​នេះ លោក​ថាក់ស៊ីន​មិន​បាន​លើក​ទឹកចិត្ត​អ្នកគាំទ្រ​ធ្វើការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​អាភីស៊ីត​ដូចមុន​ទៀតទេ។ នេះ​ហាក់​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការបន្ទន់​ឥរិយាបថ​មួយ​កម្រិត​របស់​លោកថាក់ស៊ីន និង​ការអាច​បែររក​ការផ្សះផ្សារ​ជាមួយ​នឹង​រដ្ឋាភិបាល​លោក​អាភីស៊ីត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ