អានតួអត្ថបទ
ឥណ្ឌូណេស៊ី

ប្រតិបត្តិការ​​ស្រង់​តួ​យន្តហោះ​AirAsia បរាជ័យ​ជា​លើក​ទី​បី

ជា​លើក​ទីពីរ ជា​លើក​ទីបី ការសាកល្បង​ស្រង់​លើក​តួយន្តហោះ​AirAsiaពីបាត​សមុទ្ទ ជ្វា ត្រូវ​ជួប​បរាជ័យ​ជា​ថ្មី​ទៀត នៅ​ថ្ងៃ​អាទិត្យ​នេះ។ ដោយ​ហេតុ​បញ្ហា​អាកាសធាតុ​​ប្រែប្រួល​ខ្លាំង​និង​តែ​មួយ​ប៉ប្រិច​ភ្នែក​ពេក ខ្សែ​កាប​ដែល​ចង​ទាញ​បំណែក​យន្តហោះ​ត្រូវ​ដាច់​កណ្តាល​ទី រួច​ធ្លាក់​ទៅ​បាតសមុទ្ទ​វិញ។

រូបភាពនៃតួយន្តហោះAirAsia​ ជើងហោះហើរ QZ8501មួយផ្នែក
រូបភាពនៃតួយន្តហោះAirAsia​ ជើងហោះហើរ QZ8501មួយផ្នែក REUTERS/Handout
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ពីរ​ថ្ងៃ​មក​ហើយ​ដែលក្រុម​ការងារ​ឥណ្ឌូណេស៊ី​បាន​សាក​ល្បង​​​ស្រង់​តួយន្តហោះ​​ ដោយ​ប្រើ​​ពោង​យក្សនិង​ខ្សែ​កាប​អូស ​​ ឱ្យ​អណ្តែត​​ឡើង ប៉ុន្តែ​ដោយ​អាកាស​ធាតុ​មិន​អំណោយ​ផល តួយន្តហោះ​ទើប​តែ​អណ្តែត​ឡើងបាន​បន្តិចនិង​​ មិន​ទាន់​បាន​អូស​សណ្តោង​ផង​ស្រាប់​ខ្សែកាប​បាន​ដាច់ បំណែក​យន្តហោះ​ក៏​ធ្លាក់​ចុះ​ទៅ​ក្នុង​បាត​សមុទ្ទ​វិញ។  

បំណែក​យន្តហោះ​នេះ ​ជា​ចំណែក​ដ៏​សំខាន់​ ព្រោះ​មាន​​សាកសព​​អ្នក​ដំណើរ​ ជាប់​កុន​នៅ​ខាង​ក្នុង​ច្រើន។ ក្នុង​ប្រតិបត្តិការ​ថ្ងៃ​អាទិត្យ​នេះ គេ​ស្រង់​បាន​តែ​សាកសព​ម្នាក់​គត់​​ដែល​អណ្តែត​​ចេញ​ពី​តួ​យន្ត​ហោះ​ ដោយ​ខ្លួន​ឯង។ យន្តហោះ​អ៊ែរអាស៊ីយ៉ា​ ដែល​ធ្លាក់​កាលពី​ថ្ងៃ​ទី​២៨​ធ្នូ មាន​ផ្ទុក​អ្នក​ដំណើរ​សរុប ១៦២​នាក់ ក្នុង​នោះ​មាន​តែ​៧០​ប៉ុណ្ណោះ​ទើប​ស្រង់​បាន។

នៅ​​ថ្ងៃ​សៅរ៍​ ក្រុម​សង្គ្រោះ​ឥណ្ឌូណេស៊ី បាន​សាក​ល្បង​ដល់​ទៅ​ពីរ​សា ស្រង់​តួ​យន្តហោះ​នេះ ប៉ុន្តែ​ត្រូវ​បរាជ័យ​ដាច់​ខ្សែ​កាប​រាល់​លើក និង​ប្រមូល​សព​បាន​តែ​បួន​នាក់​ប៉ុណ្ណោះ។  ក្រុមអ្នក​មុជ​ទឹក​ក៏​មិន​អាច​មុជ​ចូលទៅ​ខាង​​ក្នុង​តួយន្តហោះ​បាន ដោយ​ហេតុ​ភាព​ងងឹត​ស្លុបពេក មាន​ខ្សែកាប​ប្រទាក់ក្រឡា​ពេញ បំណែក​តូចៗ​ដូច​ជា​កៅអី​​អណ្តែត​ពេញ​តួ​យន្តហោះ​បាំង​ផ្លូវជិត។ កាលពី​សប្តាហ៍​មុន នៅពេល​នាវា​ចម្បាំង​ឥណ្ឌូណេស៊ី​រកឃើញ​ទីតាំង​​តួយន្តហោះ​នេះ​ភ្លាម ក្រុមអ្នក​រុក​រក​មិន​អាច​ធ្វើ​ការកើត​ ដោយ​បញ្ហា​អាកាស​ធាតុ​អាក្រក់​ពេក។​

សូម​បញ្ជាក់​ប្រអប់​ខ្មៅ​​ថត​សំឡេង​ទាំង​ពីរ​របស់​យន្តហោះ ស្រង់​បាន​ហើយ និងកំពុង​តែ​ធ្វើ​វិភាគ ដែល​របាយការណ៍​បឋម​​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ពុធ​ទី ២៨​មករា​ខាង​មុខនេះ។ រដ្ឋមន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​ឥណ្ឌូណេស៊ី បាន​ព្រលយ​​ពាក្យ​កាលពី​ថ្ងៃ​អង្គារ​មុន​ថាយន្តហោះ​បើក​ក្នុង​​​ល្បឿន​លឿន​ជ្រុល​មុន​នឹង​ធ្លាក់។

ទន្ទឹម​គ្នា​នេះ​គេ​បាន​ទទួល​ព័ត៌មាន​ថា រក​ឃើញ​ បំណែក​​សំខាន់​មួយ​ដុំ​ទៀត​ ដែល​​ទំនង​ជា​​ក្បាល​យន្តហោះ​​​ នៅ​មិន​ឆ្ងាយប៉ុន្មាន​ពី​តួ​កំពុង​ស្រង់​ពេល​នេះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ