ដំណើរទស្សនកិច្ចចុងក្រោយរបស់ចន ឃេរី នៅវៀតណាម
ប្រមុខការបរទេសអាមេរិក នៅថ្ងៃសុក្រទី ១៣មករា ២០១៧ បានបញ្ជាក់ជាថ្មីពីសារៈសំខាន់នៃទំនាក់ទំនងវៀតណាម និងអាមេរិក។ នៅក្នុងដំណើរទស្សនកិច្ចចុងក្រោយរបស់លោក នៅវៀតណាម ក្នុងនាមជារដ្ឋមន្រ្តីការបរទេសអាមេរិក លោកចន ឃេរី បានអះអាងថា អាមេរិកនឹងនៅតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅក្នុងជំនួបជាមួយសមភាគីវៀតណាម នៅទីក្រុងហាណូយ លោកប្រមុខការបរទេសអាមេរិកបាននិយាយថា លោកសប្បាយចិត្តដែលបានត្រលប់មកធ្វើទស្សនកិច្ចសាជាថ្មី នៅវៀតណាម។ វៀតណាម ដែលបានក្លាយជាដៃគូ ជាមួយអាមេរិក នៅច្រើនវិស័យ។ នេះជាលើកទី៤ ដែលលោកចន ឃេរីធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសកុម្មុយនិស្តវៀតណាម ចាប់តាំងពីលោកចូលកាន់តំណែងជារដ្ឋមន្រ្តីការបរទេសអាមេរិក។
នៅវៀតណាម លោកចន ឃេរី ដែលត្រូវបញ្ចប់អាណត្តិ នៅថ្ងៃទី ២០មករាខាងមុខ បានបញ្ជាក់អះអាងពីជំហររបស់អាមេរិកដែលនឹងនៅបន្តពង្រឹងទំនាក់ទំនងជាមួយវៀតណាម។ ក្រៅតែពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោះដូរសេរីប៉ាស៊ីហ្វិក TPP ការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរក៏បានកើនឡើង ជាហូរហែ រហូតធ្វើឲ្យអាមេរិក ក្លាយជាទីផ្សារធំបំផុតរបស់ផលិតផលនាំចេញពីវៀតណាម។
ដំណើរទស្សនកិច្ចរបស់ប្រមុខការបរទេសអាមេរិក នៅវៀតណាមឆ្លុះបញ្ចាំងឲ្យឃើញពីជំហររបស់ អាមេរិកដែលបានចាត់ទុកវៀតណាមជាដៃគូសំខាន់ នៅក្នុងគោលនយោបាយអាមេរិក អាស៊ី ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិន។ នៅក្នុងអាណត្តិរបស់ខ្លួន លោកអូបាម៉ា ដែលបានចាត់ទុកវៀតណាមជាប្រទេសសំខាន់ ក្នុងយុទ្ធសាស្រ្តឈរជើងរបស់អាមេរិក នៅអាស៊ី បានប្រកាសលុបចោលទាំងស្រុង បម្រាមលក់អាវុធឲ្យវៀតណាម។ ទីក្រុងហាណូយដែលកំពុងជាប់មានជម្លោះដណ្តើមដីកោះជាមួយចិន បានស្វែងរកការគាំទ្រ ទាំងផ្នែកយោធា និងការទូត ដើម្បីតតាំងនឹងចិន ដែលបានបង្កើនការសាងសង់ និងពង្រឹងមូលដ្ឋានយោធា នៅលើកោះសិប្បនិម្មិតរបស់ខ្លួន នៅក្នុងសមុទ្រចិនខាងត្បូង។
រហូតមកដល់ពេលនេះ អាមេរិកនៅប្រកាន់ជំហរអព្យាក្រិត នៅក្នុងជម្លោះសមុទ្រចិនខាងត្បូង ដោយគ្រាន់តែអំពាវនាវឲ្យគេគោរពសេរីភាពនៃការធ្វើនាវាចរណ៍ នៅក្នុងដែនទឹកអន្តរជាតិតែប៉ុណ្ណោះ។ ប៉ុន្តែ អនាគតប្រមុខការបរទេសអាមេរិក បន្តពីលោកចន ឃេរី គឺលោករ៉ិច ធីល័រសុន បានព្រមានរួចហើយថា នៅក្រោយពេលលោកដូណាល់ ត្រាំ ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក នៅថ្ងៃទី ២០មករា ខាងមុខ អាមេរិកនឹងបញ្ជូនសញ្ញាយ៉ាងច្បាស់មួយ ទៅចិន ដើម្បីឲ្យចិនឈប់សាងសង់ លើនៅលើកោះដែលកំពុងជាប់មានជម្លោះនៅសមុទ្រចិនខាងត្បូង។ តើសញ្ញានោះគឺអ្វី ? លោកធីល័រសុនមិនបានបកស្រាយលម្អិតទេ នៅពេលលោកត្រូវសួរដេញដោល ដោយគណៈកម្មការព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃពុធ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ