អានតួអត្ថបទ

តុលាការម៉ាឡេស៊ី​ចោទ​ប្រកាន់ជា​ផ្លូវការ​​ស្ត្រី​ពីរ​នាក់ពី​បទ​ធ្វើ​ឃាត​គីមជុងណាម

តុលាការ​ម៉ាឡេស៊ី បាន​ធ្វើការ​ចោទ​ប្រកាន់​ នៅ​ថ្ងៃ​ពុធ​ទី ១ មីនា ២០១៧​នេះ ស្ត្រី​ជាប់​សង្ស័យ​ពីរ​នាក់​ ​ជនជាតិ​ឥណ្ឌូណេស៊ីម្នាក់ និង​ជនជាតិ​វៀតណាម​ម្នាក់ ​ជា​ពី​បទ​ធ្វើ​ឃាត​​លើ​រូប គីម ជុងណាម បង​ប្រុស​ម្តាយ​ទីទៃ​​របស់ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង គីម ជុងអ៊ុន កាលពី​ថ្ងៃទី ១៣ កុម្ភៈ។

ជនជាប់ចោទ​ Siti Aisyah (ឆ្វេង) និង​នាង Đoàn Thị Hương (ស្តាំ)
ជនជាប់ចោទ​ Siti Aisyah (ឆ្វេង) និង​នាង Đoàn Thị Hương (ស្តាំ) Royal Malaysia Police/Handout via Reuters
ផ្សាយពាណិជ្ជកម្ម

ស៊ីទី អៃស៊ីយ៉ះ Siti Aisyah អាយុ​២៥​ឆ្នាំ ជាតិ​ឥណ្ឌូណេស៊ី និងនាង​ ដ័ន ធី ហួង Doan Thi Huong ជាតិ​វៀតណាម​ អាយុ​ ២៨​ឆ្នាំ ត្រូវ​ជាប់​ចោទ​ថា​បាន​ធ្វើ​ឃាត​លោក គីម ជុងណាម ដោយ​ប្រើ​អាវុធ​គីមី VX ជា​សារធាតុ​គីមី​ពុលខ្លាំង​បំផុត និងហាមឃាត់​ដោយ​អង្គការ​សហប្រជាជាតិ ទៅ​ជះ​លើ​មុខ​ជន​រងគ្រោះ​បំពុល​ឱ្យ​ស្លាប់។

ដៃ​ទាំងពីរ​ជាប់​ខ្នោះ ពាក់​អាវយឺត ជនសង្ស័យ​ទាំង​ពីរ បាន​នាំ​ចូល​តុលាការ​ ដែល​ស្ថិត​នៅ​ជាយ​ក្រុង​គូឡាឡាំពួ ដោយ​មាន​ការ​ការពារ​យ៉ាង​ហ្មត់ចត់។ ប៉ូលិស​ជាង​មួយ​រយ​នាក់ បំពាក់​ដោយ​អាវុធ​ពេញ​ខ្លួន ពាក់​មុខ​ជិត បាន​ឈរ​យាម នៅ​ច្រក​ចូល​តុលាការ។ ​

នៅ​ក្នុង​ដំណើរ​ការសវនការ​​ថ្ងៃ​នេះ ដែល​ បាន​ប្រព្រឹត្ត​ទៅ​ប្រមាណ​ជា​២០​នាទី តុលាការ​មិន​បាន​ចោទ​សួរ​ជន​សង្ស័យ​ណា​ម្នាក់​ ឱ្យ​ចេញ​ស្តី ទាមទារ​អ្វី​ទាំង​អស់។ ស្ត្រី​ជាប់​ចោទ​ទាំង​ពីរ ស្ថិត​នៅ​ស្ងៀម​ស្ងាត់​រហូត នៅ​ពេល​តុលាការ​ប្រកាស​ធ្វើ​ការ​ចោទ​ប្រកាន់​ជា​ផ្លូវការ។ ជន​ជាប់​ចោទ​ទាំង​ពីរ​អាច​នឹង​ត្រូវ​កាត់ទោស​ប្រហារ​ជីវិត ដោយ​ព្យួរក។

ប៉ុន្តែ​សវនការ​កាត់​ទោស​ អាច​នឹង​ប្រើ​ពេលវេលា​​យូរ និង​អាច​ចាប់​ផ្តើម​បើក​នៅ​ជា​ច្រើន​ខែ​ខាង​មុខ​ទៀត។ មេធាវី​របស់​ជនជាប់​ចោទ​វៀតណាម បាន​ប្រកាស​ថា​កូនក្តី​របស់​លោក បាន​អះអាង​ជា​ភាសា​វៀតណាម ថា​ខ្លួន​គ្មាន​កំហុស​ទេ។ ចំណែក​ឯកអគ្គរដ្ឋ​ទូត​ឥណ្ឌូណេស៊ី ស្តីទី​ វិញ​បាន​ពន្យល់​ថា ជនជាប់​ចោទ ស៊ីទី ស្ងប់ស្ងៀម​ ព្រោះ​ទូត​បាន​ណែនាំ​នាង​ឱ្យ​រក្សា​សុខភាព​ ដោយ​ដំណើរការ​ក្តី​ប្រើពេល​យូរ។

ពលរដ្ឋ​កូរ៉េ​ខាង​ជើង​ម្នាក់​ ក៏​កំពុង​ជាប់​ឃុំឃាំង​បណ្តោះ​អាសន្ន​ក្នុង​សំណុំ​រឿង​ឃាតកម្ម​នេះ​ដែរ។ ប៉ូលិស​ម៉ាឡេស៊ី ចង់​សាកសួរ​ចម្លើយ​ជនកូរ៉េខាង​ជើង​៧​នាក់​ផ្សេង​ទៀត ក្នុង​នោះ​ម្នាក់​ជា​មន្ត្រីការទូត​ផង​ ប៉ុន្តែ​បួន​នាក់​បាន​រត់​គេច​ផុត​ពី​ម៉ាឡេស៊ី​​ ក្នុង​ថ្ងៃ​កើត​ហេតុ​ភ្លាម​បាត់​ទៅ​ហើយ។

សម្រាប់​កូរ៉េខាង​ត្បូង ឃាតកម្ម​នេះ​ជា​ស្នាដៃ​របស់​ព្យុងយ៉ាង​ ដោយ​មាន​​បញ្ជា​ពី​គីមជុងអ៊ុន ឱ្យ​កម្ចាត់​បង​ប្រុស​ ព្រោះ​ហ៊ាន​រិះគន់​របប​ដឹកនាំ​ប្រទេស​ដ៏​ឯកា​បំផុត​លើ​លោក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ