អំពើពុករលួយ ៖ ជំនិតរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង ជាប់ទោសបីឆ្នាំ
នៅថ្ងៃសុក្រទី ២៣ មិថុនា ២០១៧ នេះ តុលាការបានសម្រេចកាត់ទោស ស្ត្រី ឆយ ស៊ុនស៊ីល មនុស្សជំនិតរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ប៉ាក់ គុនហេ ឱ្យជាប់ពន្ធនាគារ បីឆ្នាំ ពីបទពុករលួយ។ ដោយហេតុតែ ឆយ ស៊ុនស៊ីល នេះឯង ដែលលោកស្រី ប៉ាក់ គុនហេ ត្រូវជួបរឿងអាស្រូវពុករលួយថា្នក់ជាតិ រហូតខ្ទាតចេញអំណាច។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥០
សេចក្តីសម្រេចរបស់តុលាការកូរ៉េខាងត្បូង ដាក់ទោសអ្នកស្រី ឆយ ស៊ុនស៊ីល ថ្ងៃនេះ គឺជាការប្រកាសទោសដំបូងប៉ុណ្ណោះ ក្នុងបទល្មើសសូកប៉ាន់ ប្រពន្ធសាកលវិទ្យាធិការដើម្បីឱ្យកូនស្រី បានជាប់ចូលមហាវិទ្យាល័យ និងមានមូលវិចារល្អ។ ប៉ុន្តែទោសសរុបរបស់ឆយ ស៊ុនស៊ីល អាចនឹងឡើងរាប់សិបឆ្នាំ នៅពេលចប់សវនាការ ក្នុងសំណុំរឿងពុករលួយជាបន្តបន្ទាប់ទៀត។
នៅក្នុងសំណុំរឿងសូកលុយចូលរៀនសាលាល្អនេះ សាកលវិទ្យាធិការ ត្រូវជាប់ពន្ធនាគារ ពីរឆ្នាំ ១៨ខែសម្រាប់បុគ្គលិកសកលវិទ្យាល័យម្នាក់ និងទោសក្រៅឃុំចំពោះសាស្ត្រាចារ្យម្នាក់។ សម្រាប់តុលាការ ទង្វើប្រើឥទ្ធិពលរបស់អ្នកស្រីឆយស៊ុនស៊ីល ជាអំពើពុករលួយ ដ៏ធ្ងន់ធ្ងរ ព្រោះនៅក្នុងសង្គមកូរ៉េ យុវសិស្សប្រឹងរៀនស្ទើរប្តូរជីវិតដើម្បីប្រកួតប្រជែងចូលមហាវិទ្យាល័យ។
អ្នកស្រី ឆយ ស៊ុនស៊ីល ដែលគ្មានតួនាទី និងតំណែងអ្វីជាផ្លូវការក្នុងរដ្ឋាភិបាលកូរ៉េខាងត្បូងទេ កំពុងជាប់សង្ស័យ និងជាប់ឃុំឃាំងរង់ចាំការកាត់ក្តី ក្នុងសំណុំរឿងពុករលួយជាច្រើនទៀត ដូចជាការប្រើឥទ្ធិពលជាជំនិតអតីតប្រធានាធិបតី ជាមួយក្រុមហ៊ុនសាំស៊ុងកេងចំណេញប្រាក់បានរាប់សិបលានដុល្លារ។ សំណុំរឿងពុករលួយដ៏ធំថ្នាក់ជាតិនេះបានរុញច្រានកូនប្រុសថៅកែក្រុមហ៊ុនទូរស័ព្ទសាំស៊ុង ឱ្យជាប់ចោទ។ លោកស្រី ប៉ាក់ គុនហេ ប្រធានាធិបតីកូរ៉េខាងត្បូងពីថ្ងៃទី ២៥កុម្ភៈ២០១៣ បាត់បង់តំណែងទាំងស្រុងនៅថ្ងៃទី ១០មីនា ២០១៧ ក៏ព្រោះតែជាប់អាស្រូវមន្តអាគមជាមួយឆយ ស៊ុនស៊ីល ដែលក្រោយមកបានរាលដាលជារឿងពុករលួយ និងការប្រើប្រាស់អំណាចខុសច្បាប់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ