អានតួអត្ថបទ
កម្ពុជា

ចូរ​និយាយ​ថា “ទេ” ចំពោះ​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ

កម្មវិធី​អភិរក្ស នៅ​កម្ពុជា ហៅកាត់​ជា​ភាសា​អង់គ្លេស​ថា WWF រួម ​ជាមួយ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី និង​ម្ចាស់​ភោជនីយដ្ឋាន​នានា​ក្នុង​ខេត្ត​នេះ នឹង​ជួបជុំ​គ្នា នៅ​ព្រឹក​ថ្ងៃ​ទី​២៦​មេសា​ស្អែក នៅក្នុង​ក្រុង​សែន​មនោរម្យ ដើម្បី​សម្ពោធ​កម្មវិធី​យុទ្ធនាការ​ដែល​មាន​ឈ្មោះ​ថា៖"និយាយ​ថា​មិន​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ"។ ជា​យុទ្ធនាការ​អប់រំ រយៈពេល​មួយ​ឆ្នាំ​ដើម្បី​ទប់ស្កាត់​ការប្រមាញ់ និង​ការ​បរិភោគ​សត្វព្រៃ និង​ការជួញដូរ​ព្រៃឈើ​ខុសច្បាប់។ 

សត្វព្រៃ​នៅ​កម្ពុជា​កំពុង​ប្រឈម​មុខ​ទៅ​នឹង​ការវិនាស​បាត់បង់
សត្វព្រៃ​នៅ​កម្ពុជា​កំពុង​ប្រឈម​មុខ​ទៅ​នឹង​ការវិនាស​បាត់បង់ ©wwf
ផ្សាយពាណិជ្ជកម្ម

02:35

សេចក្តី​រាយការណ៍ របស់​លាង ដឺលុច​ពី​ទីក្រុង​ភ្នំពេញ

ផ្ទាំង​រូបភាព​ផ្សព្វផ្សាយ​តូចធំ អាវយឺត និង​ផ្ទាំង​បដា​ដែល​មាន​សរសេរ​ជា​សារ​អប់រំ​ថា៖ "និយាយ​ថា មិន​ពាក់ព័ន្ធ​នឹង​សាច់​សត្វព្រៃ និង​ឈើ​ខុសច្បាប់" "បញ្ឈប់​ការបរិភោគ​សាច់​សត្វព្រៃ" "គ្មាន​សាច់​សត្វព្រៃ​លក់​ជូន​ទេ" និង​សារ​មួយ​ទៀត "យើង​រួមគ្នា​ទប់ស្កាត់ និង​បញ្ឈប់​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ"។ ផ្ទាំង​ផ្សព្វផ្សាយ​ទាំងនេះ​នឹង​ត្រូវ​គេ​ចែកចាយ និង​បិទផ្សាយ នៅ​តាម​ទី​សាធារណៈ ភោជនីយដ្ឋាន សណ្ឋាគារ ហាង​លក់​ទំនិញ ទីផ្សារ សាលារៀន នៅ​ក្នុង​ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី ចាប់​ពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៦​មេសា​នេះ​ទៅ នៅ​ក្នុង​ក្របខណ្ឌ​នៃ​ការបើក​សម្ពោធ​យុទ្ធនាការ​ប្រឆាំង​បទល្មើស​ព្រៃ​ឈើ និង​ការលក់​សាច់​សត្វព្រៃ។

យុទ្ធនាការ​នេះ​នឹង​មាន​រយៈ​ពេល​មួយ​ឆ្នាំ ដែល​រៀបចំ​ដោយ​រដ្ឋបាល​ព្រៃឈើ អគ្គ​នាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ និង​អង្គការ​WWF។ គោល​បំណង​សំខាន់​នៃ​យុទ្ធនាការ​នេះ គឺ​ដើម្បី​អប់រំ និង​បង្កើន​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ ក្នុង​ក្រុង​សែនមនោរម្យ ម្ចាស់​ភោជនីយដ្ឋាន ដែល​នឹង​មាន​វត្តមាន នៅក្នុង​ពិធី​នៅ​ថ្ងៃ​ស្អែក​នោះ​ដែរ និង​ក៏​ដើម្បី​បញ្ជូន​សារ​អប់រំ​ដល់​អ្នក​ដែល​និយម​ទទួលទាន​សាច់​សត្វព្រៃ អំពី​ច្បាប់ និង​បទបញ្ញត្តិ​នានា​ស្តី​ពី​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ។
 

អាជ្ញាធរ​រក​ឃើញ​សត្វ​ជ្រូកព្រៃ​លក់​នៅ​តាម​ផ្សារ
អាជ្ញាធរ​រក​ឃើញ​សត្វ​ជ្រូកព្រៃ​លក់​នៅ​តាម​ផ្សារ

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​កម្មវិធី​អភិរក្សនៅ​កម្ពុជា WWF​បាន​សរសេរ​ថា ជា​ញឹកញាប់ បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​តែង​កើតឡើង​ដោយសារ​តែ​មាន​តម្រូវការ​ទទួលទាន​សាច់​សត្វព្រៃ និង​តម្រូវការ​ប្រើប្រាស់​នូវ​គ្រឿង​សង្ហារឹម​ធ្វើ​ពី​ឈើ​ប្រណិត។ សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ត​ថា តម្រូវការ​ទាំងអស់​នេះ គឺ​ជា​កត្តា​ជម្រុញ​អោយ​មាន​ការបរបាញ់ និង​ការកាប់ឈើ​ខុសច្បាប់ នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ និង​នាំ​អោយ​មាន​ការជួញដូរ​ខុសច្បាប់​នូវ​ផលិតផល​ឈើ និង​សត្វព្រៃ។

លោក សេង ទៀក​នាយក​អង្គការ WWF​នៅកម្ពុជា​បាន​ថ្លែង​ស្នើ​អោយ​អ្នកលក់ និង​អ្នកទិញ​ត្រូវ​និយាយ​ចាប់​ពី​ពេលនេះ​ទៅ​ថា មិន​ពាក់ព័ន្ធ​នឹង​ផលិតផល​ព្រៃឈើ និង​សត្វព្រៃ​ខុសច្បាប់ ដើម្បី​អោយ​មាន​ការ​កាត់​បន្ថយ​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ។

ជា​វិធានការ​មួយ​ដើម្បី​ដាក់​សម្ពាធ​ទៅលើ​ការជួញដូរ​ព្រៃឈើ និង​សត្វព្រៃ ប្រព័ន្ធ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​មួយ ក៏​នឹង​ត្រូវ​ប្រកាស​ដាក់​អោយ​ប្រើប្រាស់​ផង​ដែរ ដើម្បី​អាច​អោយ​សាធារណជន​រាយការណ៍​អំពី​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​នេះ​ទៅ​សមត្ថកិច្ច។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​WWF ការបរបាញ់​ខុសច្បាប់​ប្រហែល​ជា​បាន​ធ្វើ​អោយ​សត្វគោព្រៃ​ដែល​ជា​និមិត្តរូប​ជាតិ​ផុត​ពូជ​ពី​ព្រៃ​ធម្មជាតិ​ទៅ​ហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ